អន្តរជាតិ
ចិន​ជូនដំណឹង​ដល់​បណ្ដា​ប្រទេស​នៅ​ទន្លេមេគង្គ​ក្រោម​ច្រើន​ថ្ងៃ​ក្រោយមក បន្ទាប់ពី​ខ្លួន​បាន​បង្អាក់​ទឹក​
11, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ អ្នកនេសាទ​ចែក​ទូក​លើ​ដង​ទន្លេមេគង្គ​ក្បែរ​ទំនប់​ដន​សា​ហុង ស្ថិតក្នុង​តំបន់​ព្រំដែន​រវាង​កម្ពុជា​និង​ឡាវ ក្នុង​ខេត្ត​ស្ទឺ​ង​ត្រែង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។​
​រូប​ឯកសារ​៖ អ្នកនេសាទ​ចែក​ទូក​លើ​ដង​ទន្លេមេគង្គ​ក្បែរ​ទំនប់​ដន​សា​ហុង ស្ថិតក្នុង​តំបន់​ព្រំដែន​រវាង​កម្ពុជា​និង​ឡាវ ក្នុង​ខេត្ត​ស្ទឺ​ង​ត្រែង កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​។​
ដោយ: VOA
​ប្រទេស​ចិន​បាន​ជូនដំណឹង​ដល់​បណ្ដា​ប្រទេសជិតខាង​ក្នុង​តំបន់​ទន្លេមេគង្គ​ខាងក្រោម ពី​ការបង្អាក់​ទឹក​រយ​:​ពេល ២០ ថ្ងៃ នៅ​ទំនប់​វា​រី​អគ្គិសនី​លើ​ទន្លេមេគង្គ​នៅ​ភាគខាងត្បូង​បំផុត​នៃ​ប្រទេស​ចិន​។​
 
​ប្រទេស​ចិន​បាន​ជូនដំណឹង​ដូចនេះ​ក្នុងពេល ៦ ថ្ងៃ​ក្រោយមក បន្ទាប់ពី​ខ្លួន​បាន​ទប់ទឹក​កាលពី​ថ្ងៃទី ៣១ ខែធ្នូ ដោយ​បង្ក​ឲ្យ​មាន​ភាពមិនច្បាស់លាស់ នៅក្នុង​ការចែករំលែក​ព័ត៌មាន​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​ថៃ ឡាវ កម្ពុជា និង​វៀតណាម នៅតាម​ដង​ទន្លេមេគង្គ​ខាងក្រោម និង​បណ្ដាល​ឲ្យ​មានការ​រិះគន់​ផងដែរ​ថា មិនបាន​ជូនដំណឹង​ជាមុន​ដល់​បណ្ដា​ប្រទេស​ទាំងនោះ​។​
 
​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចេញ​ដោយ​គណ​:​កម្ម​ការ​ទន្លេមេគង្គ កាលពី​ថ្ងៃ​ពុធ បាន​ឲ្យ​ដឹងថា ប្រទេស​ចិន​បាន​សន្យាថា ការ​ទប់ទឹក​នៅ​ទំនប់​វា​រី​អគ្គិសនី Jinghong «​នឹងត្រូវ​បើក​ដំណើរការ​បន្តិច​ម្ដងៗ​ជាធម្មតា​វិញ​នៅ​ថ្ងៃទី ២៥ ខែមករា​»​។​
 
​ការិយាល័យ​ធនធានទឹក​ធម្មជាតិរ​បស់​ប្រទេស​ថៃ បាន​បញ្ជាក់ថា ខ្លួន​ទទួលបាន​ការជូនដំណឹង​ពី​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គា​រថា ការបើក​ទឹក​ឲ្យ​ហូរ​មាន​ត្រឹមតែ​ជិត​ពាក់កណ្ដាល​តែប៉ុណ្ណោះ​។​
 
​ការជូនដំណឹង​របស់​ប្រទេស​ចិន​នេះ​បាន​ធ្វើឡើង​មិនយូរប៉ុន្មាន បន្ទាប់ពី​ប្រព័ន្ធ​ត្រួតពិនិត្យ​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក បាន​បង្ហាញថា ប្រទេស​ចិន​មិនបាន​ប្រាប់​បណ្ដា​ប្រទេស​នៅ​ទន្លេមេគង្គ​ខាងក្រោម​អំពី​ការ​រាំងខ្ទប់​ទឹក ដែល​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី ៣១ ខែធ្នូ​មក​នោះទេ​។​
 
​កម្មវិធី​ត្រួតពិនិត្យ​ទំនប់​វា​រី​អគ្គិសនី​ទន្លេមេគង្គ​នៃ​មជ្ឈមណ្ឌល Stimson ដែល​ប្រើ​រូបភាព​ផ្កាយរណប ដើម្បី​បង្ហាញ​អំពី​កម្រិត​ទឹក​របស់​ទន្លេមេគង្គ បាន​ឲ្យ​ដឹងថា កម្រិត​ទឹក​មាន​ស្ថានភាព​ទាប​តាម​កន្លែង​ជាច្រើន នៅក្នុង​ប្រទេស​ចំនួន ៣ នៅតាម​ដង​ទន្លេមេគង្គ​ក្រោម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com