កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid រកចំណូលច្រើនជាងគេ ៨៣២លានដុល្លារ អំឡុង COVID-19 ឆ្នាំមុន 11, Jan 2021 , 3:17 pm
× ក្លិប Real Madrid នៅតែទទួលបានប្រាក់ចំណូលខ្ពស់ជាងគេជាកំណត់ត្រាចំនួន ៦៨១,២ លានអឺរ៉ូ (៨៣២ លានដុល្លារអាមេរិក) ក្នុងរដូវកាល ២០១៩-២០ ទោះមានវិបត្តិ COVID-19 ក្តី។ នេះបើតាមការសិក្សារបស់ក្រុមហ៊ុនសវនកម្ម KPMG ដែលបានចេញផ្សាយនៅថ្ងៃទី១០ មករា ឆ្នាំ២០២១។
ប្រាក់ចំណូលរបស់ក្រុមការពារជើងឯកលីគកំពូលអេស្ប៉ាញ La Liga មានចំនួនខ្ពស់បំផុតក្នុងចំណោមក្រុមដែលឈ្នះពានរង្វាន់លីគកំពូលក្នុងស្រុកធំៗទាំង៦របស់អឺរ៉ុបកាលពីរដូវកាលមុន។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមហ៊ុនសវនកម្មដែលមានទីស្នាក់ការធំនៅអង់គ្លេស KPMG បង្ហាញដែរថាម្ចាស់ជើងឯកក្របខណ្ឌ Bundesliga របស់អាល្លឺម៉ង់ Bayern Munich រកបានប្រាក់ចំណូលខ្ពស់លំដាប់ទី២ចំនួន ៦០៧.២ លានអឺរ៉ូ (៧៣៩លានដុល្លារ) បន្ទាប់មក Liverpool ម្ចាស់ជើងឯក Premier League ៥៥៧ លានអឺរ៉ូ (៦៧៨លានដុល្លារ) និង Paris St Germain របស់ Ligue 1 ៥៤០,៦ លានអឺរ៉ូ (៦៥៧លានដុល្លារ) ។
ក្រុមសេះបង្កង់ Juventus នៃលីគអ៊ីតាលី Serie A នៅចំណាត់ថ្នាក់ទី៥ ដែលមានប្រាក់ចំណូលសរុប ៤០១.៤ លានអឺរ៉ូ (៤៨៨លានដុល្លារ) និង FC Porto ជើងឯកលីគព័រទុយហ្គាល់ Primeira Liga ដែលទទួលបានប្រាក់ចំណូលទាបបំផុតចំណោមលីគទាំង៦ ក្នុងចំនួន ៨៧,៣ លានអឺរ៉ូ (១០៦.២៩លានដុល្លារ)។
យ៉ាងណាក៏ដោយ ការសិក្សារបស់ KPMG បានបង្ហាញថា ក្នុងអំឡុងជំងឺរាតត្បាត COVID-19 ម្ចាស់ជើងឯកទាំង៦របស់អឺរ៉ុប ទទួលរងការធ្លាក់ចុះប្រាក់ចំណូលដ៏ច្រើន ដែលធ្វើឲ្យក្លិបខ្លះរងវិបត្តិហិរញ្ញវត្ថុផង។
COVID-19 បានធ្វើឲ្យប៉ះបាល់ដល់គ្រប់វិស័យកីឡានៅជុំវិញពិភពលោក។ ដោយឡែក កីឡាបាល់ទាត់ត្រូវបានពន្យារពេលត្រូវបានផ្អាកកាលពីខែមីនា និងអនុញ្ញាតឲ្យបន្តការប្រកួតវិញប៉ុន្តែក្នុងលក្ខខណ្ឌបិទកីឡដ្ឋាន ដែលនេះធ្វើឲ្យក្លិបតូចធំរងផលប៉ះពាល់៕
Tag:
Real Madrid
KPMG
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com