អន្តរជាតិ
លោក គីម ជុងអ៊ុន ស្នងតំណែងជាអគ្គលេខាធិការបក្សពលករបន្តពីខ្មោចឪពុក 11, Jan 2021 , 9:39 pm
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ រូបភាព KCNA
× មេដឹកនាំកូរ៉េខាងលោក គីម ជុងអ៊ុន នៅថ្ងៃទី១០ ខែមករា ត្រូវបានបោះឆ្នោតឲ្យកាន់តំណែងអគ្គលេខាធិការបក្សពលករ ដែលកាន់កាប់ដោយលោក គីម ជុងអ៊ីល រហូតមក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA នៅថ្ងៃទី១១ ខែមករា។ ការកាន់កាប់ តំណែងឪពុករបស់ខ្លួននេះ ត្រូវគេមើលឃើញថា ជាការប្រមូលផ្ដុំអំណាចកាន់តែពេញដៃសម្រាប់មេដឹកនាំកូរ៉េខាងជើងត្រកូល គីម ជំនាន់ទីបីរូបនេះ។
សមាជបក្សពលករកូរ៉េខាងជើងលើកទី៨ នៅតែបន្តកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃទី១០ ខែមករា។ ក្នុងសមាជបក្សដ៏ធំនេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានបក្សពលករ បោះឆ្នោតឲ្យកាន់តំណែងអគ្គលេខាធិការបក្ស។ ក្នុងការតែងតាំងនេះ សមាជបក្ស បានបោះឆ្នោតជាឯកច្ឆន និងហៅតំណែងនេះថា «ប្រមុខបដិវត្ត និងជាស្នូលនៃមគ្គុទេសន៍ និងការបង្រួបបង្រួម»។
ការឡើងជាអគ្គលេខាធិការនេះ ជាការស្នងតំណែងចាស់របស់លោក គីម ជុងអ៊ីល ដែលជាឪពុក។ ក្រោយឡើងកាន់តំណែងនៅឆ្នាំ២០១១ លោក គីម កាន់តំណែងជាលេខាធិការបក្សទី១ នៃបក្សពលករ ខណៈពេល លោក គីម ជុងអ៊ីល ដែលបានទទួលមរណភាព ត្រូវបានតែងតាំងជា អគ្គលេខាធិការបក្សអមតៈ កាលពីឆ្នាំ២០១២ ។ លោក គីម អ៊ីលស៊ុង ដែលជាជីតាលោក គីម ជាប្រធានាធិបតីអមតៈរបស់កូរ៉េខាងជើង។
ការតែងតាំងលោកគីម ជាអគ្គលេខាធិការបក្សបែបនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង ត្រឡប់ទៅរកប្រព័ន្ធលេខាធិការឡើងវិញ។ ប្រព័ន្ធលេខាធិការនេះ ត្រូវបានលុបចោល ក្នុងសមាជបក្សពលករលើកទី៧ ក្នុងឆ្នាំ២០១៦ កន្លងទៅ ដោយលោក គីម ឡើងជាប្រធានបក្ស។ ជាមួយប្រព័ន្ធថ្មីនេះ ប្រធានបក្ស និងអនុប្រធានបក្សពលករ ត្រូវប្តូរជាអគ្គលេខាធិការបក្ស និងលេខាធិការតាមផ្នែករបស់បក្សពលករជំនួសវិញ។
ក្រៅពីកាន់តំណែងជាអគ្គលេខាធិការបក្ស លោក គីម នៅមានតំណែងកំពូលៗផ្សេងទៀត ដូចជា ប្រធានគណៈកម្មការកិច្ចការរដ្ឋ, មេបញ្ជាការកំពូលនៃកងទ័ពប្រជាជនកូរ៉េខាងជើង, តំណាងកំពូលរបស់ប្រជាជនកូរ៉េខាងជើង និងថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋ។
ខណៈលោក គីម បានតំណែងថ្មី ប្អូនស្រីរបស់លោក គីម យ៉ូចុង បែរជាថយតំណែងវិញ។ លោកស្រី គីម យូជុង មិនឈ្មោះក្នុងបញ្ជីនៃសមាជិកមិនពេញសិទ្ធិរបស់ការិល័យនយោបាយនគណៈមជ្ឈិមបក្សឡើយ។ ប៉ុន្តែមានពាក្យលេចឡើងថា លោកស្រីអាចកាន់តំណែងសំខាន់មួយនៅក្នុងកិច្ចការអន្តរកូរ៉េ និងបញ្ហាសំខាន់ផ្សេងទៀត។
អ្វីគួរកត់សម្គាល់នោះ លោក Jo Yong-won ដែលជាមនុស្សជំនិតម្នាក់លោក គីម បែរជាឡើងតំណែងកាន់តែខ្ពស់។ លោកត្រូវបានតែងតាំងជាសមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សពលករកូរ៉េ។ គណៈអចិន្ត្រៃយ៍នេះ មានសមាជិកតែចំនួន ៥នាក់ប៉ុណ្ណោះ ក្នុងនោះមានលោក គីម ម្នាក់ដែរ។ លោក Jo ទំនងជាជំនួសលោក Pak Pong-ju ដែលត្រូវបានដកចេញពីតំណែងនានាក្នុងបក្ស ខណៈមានវ័យចំណាស់ទៅហើយ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com