COVID-19
អន្តរជាតិ
វៀតណាម នឹងកំណត់ចំនួនជើងហោះហើរចូលប្រទេសមុនថ្ងៃបុណ្យចូលឆ្នាំដើម្បីទប់ស្កាត់កូវីដ-១៩ 12, Jan 2021 , 8:29 am
×
ដោយ ៖ឈួន ឈីវអ៊ីង
វៀតណាមនឹងកំណត់ចំនួនជើងហោះហើរចូលក្នុងប្រទេសចាប់ពីពេលនេះទៅ រហូតដល់ក្រោយថ្ងៃបុណ្យចូលឆ្នាំនៅពាក់កណ្តាលខែកុម្ភៈ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ។ នេះបើតាមការប្រកាសលោកនាយករដ្ឋមន្ត្រី ង្វៀន ស៊ួនហ្វុក នៅថ្ងៃទី១០ ខែមករា។
ស្របគ្នាជាមួយនឹងការរីករាលដាលនៃកូវីដ-១៩ ថ្មីជុំវិញពិភពលោក ថ្ងៃឈប់សម្រាកដ៏សំខាន់ក៏ខិតជិតមកដល់ដែរនៅវៀតណាម។ ប្រជាជនវៀតណាម នឹងអបអរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួនពីថ្ងៃទី១០ ដល់ទី១៦ ខែកុម្ភៈ។ ពិធីនេះ អាចជារឿងឈឺក្បាលសម្រាប់វៀតណាម ព្រោះប្រជាជននឹងជួបជុំគ្នាទូទាំងប្រទេស។
ដើម្បីទប់ស្កាត់ករណីឆ្លង និងនាំចូលពីបរទេស នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក ក៏ប្រកាសកំណត់ជើងហោះហើរចូលប្រទេសចាប់ពីពេលដល់នេះដល់ក្រោយបុណ្យចូលឆ្នាំតែម្ដង។ បើតាមលោកនាយករដ្ឋមន្ត្រី មានតែជើងហោះហើរដែលចាំបាច់ មួយចំនួនប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងប្រទេស ហើយត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ការបរទេស ការពារជាតិ និងសន្តិសុខសាធារណៈជាដើម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
តាមពិតទៅ វៀតណាមបានផ្អាកជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាបណ្តោះអាសន្នតាំងពីចុងខែមិនាមកម្ល៉េះ។ ប៉ុន្តែរដ្ឋាភិបាលហាណូយ ក៏នៅតែបន្តបើកជើងហោះហើរ ដើម្បីធ្វើមាតុភូមិនិវត្តន៍ប្រជាជនវៀតណាមដែលជាប់នៅប្រទេសដទៃទៀត។ លើសពីនេះ វៀតណាម ក៏ទទួលជើងហោះហើរពិសេសសម្រាប់ជនបរទេសនិងវិនិយោគិនផ្សេងៗ តែអ្នកទាំងអស់នោះត្រូវតែធ្វើចត្តាឡីស័ករយៈ ១៤ថ្ងៃ។
តាំងពីថ្ងៃទី៥ មករា វៀតណាមបានផ្អាកជើងហោះហើរបណ្តោះអាសន្នមកពីបណ្តាប្រទេសដែលឆ្លងវីរុសបង្កទៅជាកូវីដ-១៩ បំប្លែងខ្លួនថ្មីដូចជាចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូងជាដើម។ អាស៊ាន បច្ចុប្បន្ន ទម្រង់ថ្មី ត្រូវបានរកឃើញនៅវៀតណាម ថៃ និងសិង្ហបុរីជាដើម
វៀតណាមមានករណីឆ្លងសរុប១៥១៣ករណី និងស្លាប់៣៥នាក់។ អស់រយៈពេល៣៨ថ្ងៃមកហើយ វៀតណាមមិនមានករណីឆ្លងក្នុងស្រុកឡើយ ក្រោយអាចគ្រប់គ្រងករណីឆ្លងដែលផ្ទុះនៅទីក្រុងដាណាងមកនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com