អន្តរជាតិ
អាមេរិក បើក​ការស៊ើបអង្កេត​ករណី​ភេរវកម្ម​លើ​អ្នក​អុកឡុក​វិមាន​សភា​
11, Jan 2021 , 4:48 pm        
រូបភាព
កុបកម្មអុកឡុកវិមានសភាអាមេរិក។ រូបថត Xinhua
កុបកម្មអុកឡុកវិមានសភាអាមេរិក។ រូបថត Xinhua
ដោយ:
​ក្រសួងការពារជាតិ​អាមេរិក អះអាងថា ការស៊ើបអង្កេត​ករណី​ភេរវកម្ម​យ៉ាងហោចណាស់​២៥ នឹងត្រូវ​ធ្វើឡើង បន្ទាប់ពី​ហេតុការណ៍​អុកឡុក​វិមាន​សភា​អាមេរិក​កា​ពី​តូ​ល​នៅ​ថ្ងៃទី​៦ មករា​។ មនុស្ស​៨២​នាក់​ដែល​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ ត្រូវបាន​ចាប់ខ្លួន​។ បន្ថែម​ពីនេះ ការស៊ើបអង្កេត​មួយទៀត ក៏​នឹង​ធ្វើឡើង​ជុំវិញ​វត្តមាន​មន្ត្រីប៉ូលិស និង​យោធា​ដែល​ចូលរួម​ជាមួយ​កុបករ​។​
 
​លោក​Ryan McCarthy លេខាធិការ​ក្រសួងការពារជាតិ​ទទួលបន្ទុក​កិច្ចការ​កងទ័ព បញ្ជាក់​ពី​ការស៊ើបអង្កេត​ភេរវកម្ម​ចំនួន​២៥​ករណី ក្នុងការ​សន្ទនា​ទូរ​សព្ទ​ជាមួយ​លោក Jason Crow តំណាងរាស្ត្រ និង​សមាជិក​គណៈកម្មការ​យោធា​នៃ​សភា​តំណាង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​លោក Crow នា​ថ្ងៃទី​១០ ខែមករា​។ 
 
​ភេរវកម្ម​ក្នុងស្រុក ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជី​បទល្មើស ដែល​នឹងត្រូវ​ចោទប្រកាន់​ទៅលើ​កុបករ​ដែល​ទម្លុះ​របាំង​របស់​ប៉ូលីស និង​ចូលទៅ​បង្កចលាចល​គំរាម​ដល់​សុវត្ថិភាព​សមាជិកសភា​។ តាម​លោក Crow កាំភ្លើង​វែង គ្រាប់បែក​សាំង គ្រឿងផ្ទុះ និង​ខ្នោះដៃ​ត្រូវបាន​រកឃើញ​ដោយ​អាជ្ញាធរ​ក្រោយពេល​កុបកម្ម​ត្រូវបាន​រំសាយ​។​
 
​ក្រៅពី​ជន​ស៊ីវិល លោក Crow ក៏​បង្ហាញថា យោធា​ដែល​កំពុង​បំពេញ​កាតព្វកិច្ច និង​យោធា​បម្រុង​បាន​ចូលរួម​ក្នុង​កុបកម្ម​ខាងលើ​ដែរ​។ តំណាងរាស្ត្រ​បក្ស​ប្រជាធិបតេយ្យ​រូបនេះ ទទូច​ឲ្យ​លោក McCarthy ស៊ើបអង្កេត និង​បញ្ជូន​យោធា​ដែល​ពាក់ព័ន្ធ​ទៅ​កាត់ទោស​នៅ​តុលាការយោធា​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក McCarthy អះអាងថា ក្រសួងការពារជាតិ នឹង​ចាត់វិធានការ​បន្ថែម​ចំពោះ​វត្តមាន​យោធា​ទាំងនោះ​។ 
 
​ក្នុងការ​សន្ទនា​ដដែល លោក McCarthy ទម្លាយ​ថា ក្រសួងការពារជាតិ​អាមេរិក​ដឹង​ពី​លទ្ធភាព​គ្រោះថ្នាក់​ដែល​នឹង​កើតមាន​ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​កុបកម្ម រហូតដល់​ថ្ងៃទី​២០ មករា ដែលជា​ថ្ងៃ​លោក​ចូ បៃ​ឌិន​ចូល​ស្បថ​កាន់តំណែង​ជា​ប្រធានាធិបតី​។ ត្រង់នេះ លោក Crow ក៏​ទាមទារ​ឲ្យ​ក្រសួងការពារជាតិ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ពី​អត្តសញ្ញាណ​របស់​មន្ត្រី​សន្តិសុខ ដែល​នឹងត្រូវ​បំពេញការងារ​នៅ​ថ្ងៃ​ស្បថ​កាន់តំណែង​។ 
 
 
​ចំពោះ​វត្តមាន​ប៉ូលិស​ដែល​ចូលរួម​ក្នុង​កុបកម្ម​នេះ​វិញ ស្នងការដ្ឋាន​ប៉ូលិស​នៅ​រដ្ឋ Virginia Washington និង Seattle បាន​ព្យួរការងារ​មន្ត្រីប៉ូលិស​មួយចំនួន​របស់ខ្លួន និង​ធ្វើ​របាយការណ៍​បញ្ជូនទៅ​អាជ្ញាធរ​សហព័ន្ធ ក្រោយ​ដឹងថា​ពួក​ទាំងនោះ​មាន​វត្តមាន​ក្នុង​កុបកម្ម​នៅក្នុង​រដ្ឋធានី​។​
 
​នៅ​រដ្ឋ Virginia ស្នងការដ្ឋាន​ប៉ូលិស​ក្រុង Rocky Mount បាន​ផ្អាក​ការងារ​មន្ត្រី​របស់ខ្លួន​ចំនួន​២​នាក់ ក្រោយ​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ស្នងការដ្ឋាន​ប៉ូលិស Rocky Mount អះអាងថា ខ្លួន​គាំទ្រ​យ៉ាង​ពេញទំហឹង​សេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ជួបជុំ ប៉ុន្តែ​មិន​អត់អោន​ឲ្យ​អំពើ​ខុសច្បាប់​នោះឡើយ​។ នៅ Seattle ស្នងការដ្ឋាន​ប៉ូលិស​ទីក្រុង​នេះ បាន​ព្យួរការងារ​មន្ត្រី​ចំនួន​២​នាក់ និង​ត្រៀម​បញ្ចប់​ការងារ​មន្ត្រី​ទាំង​២​។​
 
​ចំណែក​ប៉ូលិស​អគ្គិភ័យ​រដ្ឋ New York អះអាងថា ខ្លួន​បញ្ជូន​ព័ត៌មាន​ទៅ FBI ស្តីពី​វត្តមាន​មន្ត្រី​ខ្លួន​ទាំង​កំពុង​ជាប់​កាតព្វកិច្ច និង​ចូលនិវត្តន៍​ដែល​ចូលរួម​ក្នុង​កុបកម្ម​បះបោរ​។ រី​ប៉ូលិស​ពន្លត់​អគ្គិភ័យ​រដ្ឋ Florida ក៏​ស៊ើបអង្កេត​លើ​មន្ត្រី​របស់ខ្លួន​ផងដែរ​។​
 
​ជុំវិញ​ការស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​កុបករ FBI បាន​អំពាវនាវ​ឲ្យ​សាធារណៈជន​ជួយផ្តល់​ព័ត៌មាន​ស្តីពី​អត្តសញ្ញាណ​បុគ្គល​ដែល​ចូលរួម​អុកឡុក​វិមាន​សភា ដោយ​ថែមទាំង​ផ្តល់​រង្វាន់​ជា​ទឹកប្រាក់​ថែមទៀត​ផង​។ ដូចគ្នានេះដែរ នៅ​ថ្ងៃទី​៩ ខែមករា សមាជិកសភា​បក្ស​ប្រជាធិបតេយ្យ ប្រាប់​ឲ្យ​ក្រុមហ៊ុន​បណ្តាញ​សង្គម​ជួយ​រក្សាទុក​ទិន្ន័យ​ដូចជា​រូបថត និង​វីដេអូ​ដែល​កុបករ​បាន​បង្ហោះ​កាលពី​ថ្ងៃទី​៦ មករា​៕
 
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់​ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com