COVID-19
ជាតិ
សេដ្ឋកិច្ច
២០២០៖ រោងចក្រ​ជាង​១០០​បិទ និង រោងចក្រ​ថ្មី​ជាង​១០០ បើក​
11, Jan 2021 , 9:59 pm        
រូបភាព
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបនេះ ថតកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសារព័ត៌មាន AFP។
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។ រូបនេះ ថតកាលពីឆ្នាំ២០១៣ ដោយភ្នាក់ងារសារព័ត៌មាន AFP។
​ការយាយី​ស្ទើរ​ពេញ​មួយឆ្នាំ​នៃ​ឆ្នាំ​២០២០ ដោយ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វិស័យ​កាត់ដេរ ស្ថិតក្នុង​ចំណោម​វិស័យ​ផ្សេងទៀត បាន​រង​ការប៉ះពាល់​ខ្លាំង រហូតដល់​មាន​រោងចក្រ​មិនតិចជាង​១០០​ឡើយ បាន​បិទទ្វារ​។ យ៉ាងណា វិស័យ​កាត់ដេរ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ ក៏បាន​ងើបឡើង​វិញ​ខ្លះ​ដែរ ដ្បិត​មាន​រោងចក្រ​ជាង​១០០​ដូចគ្នា ត្រូវបាន​បង្កើតឡើង​។

​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ មិន​ផ្តល់​ទិន្នន័យ​នៃ​ការបិទ​និង​ការបើក​រោងចក្រ ក្នុង​ឆ្នាំ​២០២០​ឡើយ តែ​លោក ប្រាប់​ឲ្យ​ស្រង់​ទិន្នន័យ ដែល​លោក ផ្តល់​ដល់​សារព័ត៌មាន​នានា​រួចមកហើយ​។ ការចុះ​របស់​សារព័ត៌មាន​នានា ដែល​ស្រង់​សម្តី​របស់លោក បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ មាន​រោងចក្រ​១២៩ បាន​បិទទ្វារ និង​មាន​រោងចក្រ​ថ្មី​១១២ ត្រូវបាន​បង្កើតឡើង​។ រោងចក្រ​ទាំងនោះ ភាគច្រើនបំផុត គឺជា​រោងចក្រ​ផ្នែក​វាយនភ័ណ្ឌ​សម្លៀកបំពាក់​និង​ស្បែកជើង​។     
 
​ការបិទ​រោងចក្រ​១២៩ ក្នុង​ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​ប៉ះពាល់​កម្មករ​-​កម្មការិនី​ជាង​៧,១​ម៉ឺន​នាក់ តែ​ស្រប​ជាមួយគ្នានេះ មាន​កម្មករ​-​កម្មការិនី​ជាង​២,៣​ម៉ឺន​នាក់ ទទួលបាន​ការងារ​ពី​រោងចក្រ​ថ្មី​ទាំង​១១២ ដែល​ត្រូវបាន​បង្កើតឡើង​។ នេះ​បើតាម​តួលេខ​ពី​លោក ហេង សួរ ដដែល ដែល​ត្រូវ​ដកស្រង់​យកទៅ​ចុះផ្សាយ​ដោយ​បណ្តា​សារព័ត៌​មាននៅ​កម្ពុជា​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​អ្វីៗ គឺ​វា ត្រូវ​ពិនិត្យ​ទៅលើ​ការគ្រប់គ្រង​បញ្ហា​កូ​វីដ​-១៩​។ បើ​បញ្ហា​កូ​វីដ​-១៩ ត្រូវបាន​គ្រប់គ្រង​ល្អ [​ហើយ​] សេដ្ឋកិច្ច​និង​តម្រូវការ​ផ្នែក​សម្លៀកបំពាក់​នេះ មានការ​កើនឡើង​វិញ នោះ​វិស័យ​កាត់ដេរ​របស់​យើង ក៏មាន​ការកើនឡើង​វិញ​ដែរ​។ ផ្ទុយទៅវិញ បើ​បញ្ហា​កូ​វីដ​-១៩ នៅ​មិនទាន់​គ្រប់គ្រង​បាន ខ្ញុំ ជឿថា យើង នឹង​ប្រឈម​បញ្ហា​ប្រហាក់ប្រហែល​ឆ្នាំ​២០២០​ដែរ​»​។ 
 
​ដើម្បី​ជួយ​ដល់​ការ​កម្មករ​-​កម្មការិនី ដែល​ត្រូវ​ព្យួរ​និង​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បិទទ្វារ រដ្ឋាភិបាល បាន​ឧបត្ថម្ភ​៤០​ដុល្លារ ក្នុង​ម្នាក់ៗ ជាប្រចាំ​ខែ​។ លើសពីនេះ ម្ចាស់​រោងចក្រ ក៏ត្រូវ​ផ្តល់​៣០​ដុល្លារ ដល់ក​ម្មករ​-​កម្មការិនី​ម្នាក់ៗ ដែល​ត្រូវ​ព្យួរការងារ​ឬ​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បិទទ្វារ​ដែរ​។ ដូច្នេះ​ពួកគេ អាច​ទទួលបាន​ប្រាក់ឧបត្ថម្ភ​៧០​ដុល្លារ ក្នុង​១​ខែ​។ 
​ប្រាក់ខែ​របស់​កម្មករ​-​កម្មការិនី​ផ្នែក​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀក​បំំ​ពាក់​និង​ស្បែកជើង សម្រាប់​ឆ្នាំ​២០២១ គឺ​១៩២​ដុល្លារ​។ ក្នុង​ឆ្នាំ​២០២០ ប្រាក់ខែ​របស់​ពួកគេ គឺ​១៩០​ដុល្លារ​៕ 

Tag:
 COVID-១៩
  បិទ​រោងចក្រ​
  បើក​រោងចក្រ​
  ហេង សួរ
© រក្សាសិទ្ធិដោយ thmeythmey.com