COVID-19
អន្តរជាតិ
ក្រោយ​ពន្យារពេល ប៉េកាំង​ថា ក្រុម​អ្នកជំនាញ WHO នឹង​ទៅដល់​ចិន​នៅ​ថ្ងៃទី​១៤ ខែមករា
11, Jan 2021 , 10:19 pm        
រូបភាព
ក្រុមអ្នកវិទ្យាសាស្ត្រចិននៅក្រុងវូហាន។ រូបភាព៖ Xinhua
ក្រុមអ្នកវិទ្យាសាស្ត្រចិននៅក្រុងវូហាន។ រូបភាព៖ Xinhua
ដោយ:
​ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ចិន​នៅ​ថ្ងៃទី​១៤ ខែមករា ក្រោយ​ការពន្យារពេល​រហូត​មានប្រតិកម្ម​ពី​ប្រមុខ WHO ទៀតផង​។ ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់ WHO ដែលមាន​សមាជិក​១០​នាក់ ធ្វើដំណើរ​ទៅ​ចិន​ដើម្បី​សិក្សា និង​ស្វែងរក​ប្រភព​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។
 
​គណៈកម្មការ​សុខាភិបាល​ជាតិចិន​នៅ​ថ្ងៃទី​១១ ខែមករា បានប្រកាស​ពី​កាលបរិច្ឆេទ​ទៅដល់​របស់​អ្នកជំនាញ​អង្គការ​សុខាភិបាល​ពិភពលោក​ដើម្បី​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ ។ កាលពី​ខែតុលា​ឆ្នាំ​២០២០ រដ្ឋាភិបាល​ចិន និង WHO សម្រេចបាន​កិច្ចព្រមព្រៀង​ស្តីពី​ការស្រាវជ្រាវ​ប្រភព​ជំងឺ​កូ​វីដ​-១៩​។ ចាប់តាំងពី​ជំងឺ​នេះ​បាន​ផ្ទុះ​មក ចិន​បាន​អញ្ជើញ​អ្នកជំនាញ WHO ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ខ្លួន​ចំនួន​២​ដង​រួចហើយ​ដែរ​ក្នុង​ខែកុម្ភៈ និង​កក្កដា​។​
 
 
«​ក្រោយ​ការពិភាក្សា​រវាង​ភាគី​ទាំងពីរ ក្រុម​អ្នកជំនាញ​អន្តរជាតិ​របស់ WHO ស្តីពី​ការស្វែងរក​ប្រភព​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី នឹង​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ចាប់ពី​ថ្ងៃទី​១៤ ខែមករា ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិកា​រវិ​ទ្យា​សាស្ត្រ​រួមជាមួយ​អ្នកវិទ្យាសាស្ត្រ​ចិន​»​។ នេះ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន​។ អាជ្ញាធរ​សុខាភិបាល​ចិន មិនបាន​បញ្ជាក់​ពី​កាលវិភាគ​នៃ​ការធ្វើដំណើរ និង​ទីតាំង​ដែល​ក្រុមការងារ​នឹង​ចុះទៅ​សិក្សា​ឡើយ​។​
 
​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ធ្លាប់បាន​រំឭក​រដ្ឋាភិបាល​ចិន​ថា  បេសកកម្ម​ស្រាវជ្រាវ​របស់​អ្នកជំនាញ​នៅ​ចិន ជា​អាទិភាព​របស់​ស្ថាប័ន​សុខាភិបាល​មួយ​នេះ​។ WHO​រំពឹងថា ក្រុមការងារ​អាច​នឹង​ទៅដល់​ចិន​តាំងតែ​ពី​ដើមខែ​មករា​មកម្ល៉េះ ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​ចិន​ពន្យារពេល​ដោយ​អះអាងថា ត្រូវ​រៀបចំ​ផែនការ​ជាច្រើន​។​
 
​ការកំណត់​ពី​ប្រភព​នៃ​ជំងឺឆ្លង ជា​រឿង​ដ៏​ស្មុគស្មាញ​។ នេះ​បើតាម​របាយការណ៍ WHO  ព្រោះ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ ត្រូវមាន​គម្រោង​ត្រឹមត្រូវ​ដែល​អាច​ពង្រីក​ការយល់ដឹង​ពីស​ត្វ​ដែល​ផ្ទុក​ជំងឺ ក៏ដូចជា​វិធីសាស្ត្រ​ដែល​ជំងឺ​នោះ​ឆ្លង​មក​មនុស្ស​។ ជារួម អ្នកវិទ្យាសាស្ត្រ​ជាច្រើន​ជឿថា ប្រជៀវ ជា​សត្វ​ដែល​ផ្ទុក​វីរុស​នៃ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ពួកគេ​ពុំ​ដឹងថា​សត្វ​អ្វីដែល​ឆ្លង​វីរុស​នេះ​ពី​ប្រជៀវ និង​ចម្លង​មក​មនុស្ស​ឡើយ ឬ​វីរុស​ឆ្លង​ដោយផ្ទាល់​ទៅ​មនុស្ស​ឡើយ​។​
 
​ការស្រាវជ្រាវ​រក​ប្រភព​កូ​វីដ​-១៩ មិនមែនជា​ការរក​កំហុស​អ្នកណា​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Fabian Leendertz សមាជិក​ម្នាក់​នៃ​បេសកកម្ម​ក្នុង​ខែធ្នូ ឆ្នាំ​២០២០​។  លោក Leendertz ដែលជា​អ្នកជំនាញ​ជំងឺឆ្លង​មកពី​វិទ្យាស្ថាន Robert Koch ដែលជា​ភ្នាក់ងារ​គ្រប់គ្រង​ជំងឺឆ្លង​របស់​អាល្លឺម៉ង់ ពន្យល់ថា បេសកកម្ម​នេះ​មានបំណង​ក្នុងការ​ស្វែងយល់​ពីអ្វី​ដែល​បានកើត​ឡើង និង​ដើម្បី​បង្ការ​ហេតុការណ៍​បែបនេះ​នាពេល​អនាគត តាមរយៈ​ការកាត់បន្ថយ​គ្រោះថ្នាក់​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Bloomberg នា​ថ្ងៃទី​៦ មករា លោក Liang Wannian អ្នកជំនាញ​ជំងឺឆ្លង និង​ជា​អ្នកពិនិត្យ​វិធានការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ របស់​ចិន បញ្ជាក់ថា ក្រុម​កា​ងារ​WHO និង​អ្នកជំនាញ​ចិន នឹង​រួមគ្នា​វិភាគ​ទិន្ន័យ និង​សំណាក​តេស្ត​ដែល​យក​មកពីផ្សារ​លក់​សត្វព្រៃ​ក្នុង​ក្រុង​វូ​ហាន ទី​ដែល​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​ដំបូង​។ 
 
​បេសកកម្ម​ស្រាវជ្រាវ​រក​ប្រភព​ជំងឺ​កូ​វីដ​-១៩ នឹង​ដឹកនាំ​ដោយ​លោក Peter Ben Embarek អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ពី​សត្វ​របស់ WHO ។ លោក Ben Embarek ធ្លាប់បាន​ទៅ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ស្រាវជ្រាវ​ដំណាក់កាល​ដំបូង​ពី​ជំងឺ​នេះ​៕
 
 
 

Tag:
 ចិន​
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com