អន្តរជាតិ
ប្រធានាធិបតី​កូរ៉េខាងត្បូង ប្តេជ្ញា​ស្តារ​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ខណៈ​អាណត្តិ​កាន់តែ​ខើច​
11, Jan 2021 , 10:59 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន។ រូបថតពីហ្វេសហ៊ុក Moon Jae-in
ប្រធានាធិបតីកូរ៉េខាងត្បូង លោកមូន ចេអ៊ីន។ រូបថតពីហ្វេសហ៊ុក Moon Jae-in
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១១ ខែមករា បាន​ប្តេជ្ញា​ស្តារ​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​-​អាមេរិក ឡើងវិញ បន្ទាប់ពី​ជាប់គាំង​ជាង​មួយឆ្នាំ​កន្លងមក​។ ការសន្យា​នេះ ធ្វើឡើង​ស្របពេល​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ ជិត​ដល់ពេល​ត្រូវផុត​អាណត្តិ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ​។
 
​ចាប់តាំងពី​ជំនួប​ចុងក្រោយ​រវាង​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន នៅ​តំបន់​គ្មាន​យោធា ក្នុង​ខែមិថុនា ឆ្នាំ​២០១៩ កន្លងមក កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ ត្រូវ​ជាប់គាំង​រហូត ដោយសារ​ជជែក​គ្នា​មិនត្រូវ​លើ​ចំនុច​ជាច្រើន​ទាក់ទិន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​កូរ៉េខាងជើង​។ 
 
​ខណៈ​ការចរចា​នៅជាប់​គាំង​ជាង​មួយឆ្នាំ​បែបនេះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៊ី​ន បានចេញ​មុខជា​ថ្មី និង​សន្យាថា​ស្តារ​កិច្ចចរចា​មួយ​នេះ​ឡើងវិញ មុន​អាណត្តិ​របស់លោក​ត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំ ២០២២​។ ប្រធានាធិបតី​កូរ៉េខាងត្បូង អាច​កាន់តំណែង​ត្រឹម​តែមួយ​អាណត្តិ ដែលមាន​រយៈពេល​ត្រឹម ៥​ឆ្នាំ​ប៉ុណ្ណោះ​។​
 
«​កិច្ចចរចា និង​វិបុលភាព​រួមគ្នា ជា​ចំណុច​ដ៏​សំខាន់ នៃ​ដំណើរការ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​»​។ លោក មូ​ន បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា កូរ៉េខាងត្បូង នឹង​ខិតខំ​ធ្វើ​ឲ្យ​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ចាប់ផ្តើម​ឡើងវិញ​។ 
 
​ការលើកឡើង​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​បែបនេះ ធ្វើឡើង​ស្របពេល​ប្រធានាធិបតី​ជាប់ឆ្នោត លោក ចូ បៃ​ឌិន​ជិត​ចូល​អង្គុយ​នៅក្នុង​សេត​វិមាន​អាមេរិក ជំនួស​លោក​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ​។ លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក មូ​ន បាន​បន្តថា កូរ៉េខាងត្បូង នឹង​ពង្រឹង​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​ក្រោម​រដ្ឋបាល​លោក បៃ​ឌិន និង​ខិតខំ​ក្នុង​អាណត្តិ​ដឹកនាំ​ចុងក្រោយ ដើម្បី​បញ្ចប់​ភាពជាប់គាំង​នៃ​កិច្ចចរចា និង​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​។ បើតាម​លោក​មូ​ន ឆន្ទៈ​របស់​កូរ៉េខាងត្បូង ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង គឺ​មិន​ប្រែ​ឡើយ​។ 
 
​ក្រៅពី​កិច្ច​ចារ​ចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ កូរ៉េខាងត្បូង ប្តេជ្ញា​បន្ត​កិច្ចសហការ​ជាមួយ​កូរ៉េខាងជើង​លើ​វិស័យ​ផ្សេងទៀត ដូចជា​កិច្ចការ​ប្រឆាំង​កូ​វីដ​-១៩ ជំនួយ​មនុស្សធម៌ និង​ទេសចរណ៍​ជាដើម​។ 
 
​យ៉ាងណាមិញ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន នៅ​ថ្ងៃទី​៨ ខែមករា កន្លងទៅ បានលើកឡើង នៅក្នុង​សមាជ​បក្ស​ពលករ​កូរ៉េខាងជើង​លើក​ទី​៨ ថា ក្រុង​ព្យុងយ៉ាង អាច​ត្រលប់​ទៅ​ទំនាក់ទំនង​ធម្មតា​ជាមួយ​ក្រុង​សេ​អ៊ូ​ល​ដូច​កាលពី ៣​ឆ្នាំមុន​វិញ ប្រសិនបើ​រដ្ឋាភិបាល​លោក​មូ​ន ផ្លាស់ប្តូរ​ឥរិយាបថ​របស់ខ្លួន​។ កន្លងទៅ​កូរ៉េខាងជើង មិន​ពេញចិត្ត​ឡើយ បន្ទាប់ពី​កូរ៉េខាងត្បូង ធ្វើ​សមយុទ្ធ​យោធា និង​ទិញ​អាវុធ​ពី​អាមេរិក​៕

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com