COVID-19
អន្តរជាតិ
ថៃ នឹង​យក​រី​សត​ទីលាន​វាយ​កូន​ហ្គោល​ធ្វើជា​កន្លែង​ច​ត្តា​ឡី​ស័ក ដើម្បី​ជំរុញ​ទេសចរណ៍​
12, Jan 2021 , 10:27 am        
រូបភាព
រូបថត AFP
រូបថត AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ លោក Phiphat Ratchakitprakarn បាន​និយាយ​នៅ​ថ្ងៃទី​១១ ខែមករា ថា លោក​បានដាក់​ស្នើ​គម្រោង​មួយ​ឲ្យ​ភ្ញៀវ​បរទេស​អាចធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រី​សត​ដែលមាន​ទីលាន​វាយ​កូន​ហ្គោល​។ គម្រោង​នេះ​មាន​គោលដៅ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក​ដែល​រង​ផលប៉ះពាល់​ខ្លាំង​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​។
 
«​យើង​កំពុង​ជជែក​ជាមួយ​ក្រសួង​សុខភាព​សាធារណៈ​និង​ក្រុមការងារ​រួម​ប្រយុទ្ធ​វីរុស​កូ​រ៉ូ​ណា​ដើម្បី​ផ្ដល់​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​រី​សត​វាយ​កូន​ហ្គោល និង​សណ្ឋាគារ​សម្រាប់អ្នកទេសច​រ​ដែលមាន​វិញាបនបត្រ​សុខាភិបាល​។​» នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ទេសចរណ៍​ថៃ លោក Phiphat Ratchakitprakarn នៅ​ថ្ងៃទី​១១ ខែមករា​។ 
 
​បើតាម Phiphat ភ្ញៀវទេសចរ​អន្តរជាតិ អាច​ចំណាយ​ពេលធ្វើ​ច​ត្តា​ឡី​ស័ក ២​សប្តាហ៍​នោះ​ដើម្បី​សម្រាកលំហែ​នៅឯ​រី​ស៊​ត និង​វាយ​កូន​ហ្គោល ដែល​ប្រសើរ​ជាង​ការដែល​នៅ​សម្រាក​តែ​ក្នុង​បន្ទប់​មួយកន្លែង​។ លោក Phiphat បាន​បន្ថែមថា ការផ្តល់ជូន​ទិដ្ឋាការ​ពិសេស​ដល់​ភ្ញៀវទេសចរ​បរទេស ដើម្បី​ស្នាក់​នៅក្នុង​រយៈពេល​យូរ​នា​ឆ្នាំ​២០២០ ក៏បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ប្រមាណ​មួយ​ពាន់​នាក់​រួចមកហើយ​ដែរ​។ 
 
​ស្របតាម​គម្រោង​នេះ ក្រសួងសុខាភិបាល​ថៃ នឹង​ប្រកាស​ឈ្មោះ​ទីលាន​វាយ​កូន​ហ្គោល និង​សណ្ឋាគារ​ដែល​ត្រូវ​ជ្រើសរើស​ជាទី​តាំងធ្វើ​ច​ត្តា​ឡី​ស័ក​ជំនួស​ឲ្យ​ទីតាំង​ដែល​បានកំណត់​។ លោក​វេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំទ្រ​សេវា​សុខភាព និយាយថា ការធ្វើ​ច​ត្តា​ឡី​ស័ក​បែបនេះ ត្រូវ​អនុញ្ញាត​ចំពោះតែ​អ្នកដំណើរ​មកពី​ប្រទេស​មាន​ហានិភ័យ​ទាប ហើយ​មាន​លិខិតបញ្ជាក់​គ្មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ រយៈពេល​៧២​ម៉ោង​មុនពេល​ចេញដំណើរ​ទៅ​ថៃ រួមទាំង​លិខិតបញ្ជាក់​ការ​ចូលមក​ប្រទេស​ថៃ​ពី​ស្ថានទូត​ថៃ​នៅក្នុង​ប្រទេស​របស់​ពួកគេ​ផងដែរ​។ 
 
​លើសពីនោះ ពួកគេ ក៏ត្រូវ​ធ្វើតេស្ត​បី​ដង​អំឡុង​ពេលនេះ ហើយ​បើ​មាន​លទ្ធផល​វិជ្ជមាន ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​ចេញថ្លៃ​ចំណាយ​ព្យាបាល​ដោយ​ខ្លួនឯង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​ទេសចរណ៍ ជា​វិស័យ​ដ៏​សំខាន់​មួយ​របស់​ថៃ និង​ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​នេះដែរ​។ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ ថៃ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ ៤០​លាន​នាក់ និង​ទទួលបាន​ចំណូល​ប្រមាណ​៦៣.៤​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ទេសចរ​ធ្លាក់ចុះ​ដោយសារ​ការបិទ​ព្រំដែន​។ សណ្ឋាគារ ភោជនីយដ្ឋាន និង​កន្លែង​កីឡា​នានា​ដែល​ពឹង​ផ្អែកលើ​ភ្ញៀវទេសចរ​អន្តរជាតិ រងគ្រោះ​ខ្លាំង​ដោយសារ​រឿងនេះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com