COVID-19
អន្តរជាតិ
ម៉ាឡេស៊ី ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​កូ​វីដ​-១៩
12, Jan 2021 , 2:59 pm        
រូបភាព
​មហាក្សត្រ​ម៉ាឡេស៊ី Al-Sultan Abdullah នៅ​ថ្ងៃទី​១២ ខែមករា បានប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន បន្ទាប់ពី​ករណី​ឆ្លង​បន្ត​ហក់​ឡើង​ខ្លាំង​នៅក្នុង​ប្រទេស​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ព្រះរាជវាំង​ម៉ាឡេស៊ី​។ ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ នឹងមាន​សុពលភាព​រហូតដល់​ខែសីហា​ខាងមុខ​។
 
​ករណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ម៉ាឡេស៊ី ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​អះអាងថា មាន​ករណី​ឆ្លង​ជាច្រើន​ពាន់​ករណី​។ នៅ​ថ្ងៃទី​១១ ខែមករា ម៉ាឡេស៊ី បានប្រកាសថា មាន​ករណី​ឆ្លង​ចំនួន ២២៣២​នាក់ និង​អ្នកស្លាប់​ចំនួន​៤​នាក់​។ តួលេខ​សរុប ម៉ាឡេស៊ី មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ រហូតដល់ ១៣៨២២៤​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន ៥៥៥​នាក់​។ 
 
​ដ្បិត​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់ ការរក្សា​គម្លាត​សុវត្ថិភាព​ក៏ដោយ ករណី​ឆ្លង ក៏​នៅតែ​បន្ត​ហក់​ឡើង​។ ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​នេះ មហាក្សត្រ​ម៉ាឡេស៊ី Al-Sultan Abdullah បានសម្រេច​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​តាម​ការស្នើ​របស់​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន ។ បើតាម​សេចក្តីថ្លែងការណ៍​របស់​ព្រះរាជវាំង​ម៉ាឡេស៊ី ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ នឹងមាន​សុពលភាព​រហូតដល់​ខែសីហា ឬ​អាច​មុន​ខែសីហា ដោយ​អាស្រ័យ​លើ​ស្ថានភាព​ឆ្លង​នៅក្នុង​ប្រទេស​។ 
 
​មហាក្សត្រ​ម៉ាឡេស៊ី ក៏បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិកា​រ​ឯករាជ្យ​មួយ​ដែរ ដោយមាន​សមាជិកសភា​ខាង​រដ្ឋាភិបាល ,​សមាជិកសភា​បក្សប្រឆាំង និង​អ្នកជំនាញ​សុខាភិបាល​ចូលរួម ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ 
 
​បន្ទាប់ពី​ការប្រកាស​របស់​មហាក្សត្រ​ម៉ាឡេស៊ី លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ជុំវិញ​ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​។ បើតាម​លោក យ៉ា​ស៊ីន ការប្រកាស​ដាក់​ប្រទេស​នេះ នឹងមិន​អនុញ្ញាត​ឲ្យ​សភា​បើក​អង្គប្រជុំ​ឡើយ ចំណែក​ការបោះឆ្នោត​ជាស​កល ការបោះឆ្នោត​ថ្នាក់​រដ្ឋ និង​ការបោះឆ្នោត​បំពេញ​កៅអី​ទំនេរ ត្រូវ​ហាមឃាត់​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​១២ ខែមករា ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បញ្ជាក់ថា អំឡុងពេល​អាសន្ន​នេះ កិច្ចប្រជុំសភា​ត្រូវ​ផ្អាក ហើយ​ការបោះឆ្នោត​គ្រប់​កម្រិត ត្រូវ​ពន្យារ​។ លោ​កប​បកស្រាយ​ថា ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន ក៏​មិនមែនជា​រដ្ឋប្រហារ​យោធា​ឡើយ ប៉ុន្តែ​វា​ជាការ​ទប់ស្កាត់​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ ចំណែក​រដ្ឋាភិបាល​នៅ​បន្ត​កិច្ចការ​របស់ខ្លួន​ធម្មតា​ក្នុងអំឡុង​ពេលនេះ ហើយ​បម្រាម​គោចរ ក៏​មិនមាន​ដែរ​។ 
 
​នៅក្នុង​ខែតុលា ឆ្នាំ​២០២០ លោក យ៉ា​ស៊ីន បានស្នើ​ទៅ​មហាក្សត្រ​ឲ្យ​ប្រកាស​ស្ថានភាព​អាសន្ន​ម្ដង​ដែរ ប៉ុន្តែ​ត្រូវបដិសេធ​សំណើ ព្រោះ​ស្ថានការណ៍ អាច​គ្រប់គ្រង​បាន​។ ម្យ៉ាង​នៅពេលនោះ ម៉ាឡេស៊ី​មាន​បញ្ហានយោបាយ​ផងដែរ​។ ប៉ុន្តែ​នៅពេលនេះ គឺ​ខុសគ្នា ដោយសារ​ករណី​កូ​វីដ​-១៩ បាន​ហក់​ឡើង ខណៈពេល​គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ​នៅក្នុង​មន្ទីរពេទ្យ និង​បន្ទប់សង្គ្រោះបន្ទាន់ គឺ​ស្ទើរតែ​ជិត​ពេញ​អស់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Straits Times​។ 
 
​ការប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ ធ្វើឡើង​បន្ទាប់ពី​លោក យ៉ា​ស៊ីន នៅ​ថ្ងៃទី​១១ ខែមករា បានប្រកាស​ដាក់​រដ្ឋ​ចំនួន​៥ និង​តំបន់​ផ្សេងទៀត​នៅ​ម៉ាឡេស៊ី ក្រោម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ (MCO) ដែលមាន​រយៈពេល​២​សប្តាហ៍ ដោយមាន​សុពលភាព​ដល់​ថ្ងៃទី​២៦ ខែមករា​។ ក្រោម​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​នេះ រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​រដ្ឋ និង​តំបន់​ទាំង​នោះឡើយ​។ 
 
​នៅក្នុង​ខែមីនា ឆ្នាំ​២០២០ កន្លងទៅ ម៉ាឡេស៊ី បានប្រកាស​បិទ​ប្រទេស​ទាំងមូល និង​អនុវត្ត​បទបញ្ជា​គ្រប់គ្រង​ការធ្វើដំណើរ​ដែរ បន្ទាប់ពី​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ហើយ​ថែមទាំង​ពង្រាយ​កងទ័ព នៅក្នុង​ប្រទេស​ថែមទៀត​៕

Tag:
 ម៉ាឡេស៊ី​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com