COVID-19
អន្តរជាតិ
ប្រធានាធិបតីព័រទុយហ្កាល់ ឆ្លងកូវីដ-១៩ មុនថ្ងៃការបោះឆ្នោតអាណត្តិថ្មី 12, Jan 2021 , 4:20 pm
ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa។ រូបភាព៖ Xinhua
× ប្រធានាធិបតីព័រទុយហ្កាល់ លោក Marcelo Rebelo de Sousa បានឆ្លងកូវីដ-១៩ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកផ្ទុកកូវីដ-១៩ ។ នេះបើតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីព័រទុយហ្កាល់ នៅថ្ងៃទី១១ ខែមករា។ លទ្ធផលផ្ទុកវិជ្ជមាននៃកូវីដ-១៩ បានចេញប៉ុន្មានថ្ងៃមុនព័រទុយហ្កាល់ត្រូវរៀបចំការបោះឆ្នោតប្រធានាធិបតី។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះនៅលើវេបសាយប្រធានាធិបតីព័រទុយហ្កាល់ ការិយាល័យប្រធានាធិបតីបានអះអាងថា លោក Marcelo Rebelo de Sousa មានផ្ទុកលទ្ធផលវិជ្ជមាននៃកូវីដ-១៩ បន្ទាប់ពីប៉ះពាល់ជាមួយអ្នកជំងឺឆ្លងជំងឺនេះ។ សេចក្តីថ្លែងការណ៍ដដែលនេះ បញ្ជាក់ថា លោកប្រធានាធិបតី បានជូនដំណឹងរួចហើយទៅ នាយករដ្ឋមន្ត្រី លោក Antonio Costa និងរដ្ឋមន្ត្រីសុខាភិបាល លោកស្រី Marta Temido ពីស្ថានភាពជំងឺរបស់លោក។
នៅថ្ងៃទី៦ ខែមករា កន្លងទៅ ប្រមុខរដ្ឋប្រទេសអឺរ៉ុបរូបនេះ បានធ្វើតេស្តម្តងរួចហើយ និងចេញលទ្ធផលអវិជ្ជមាន។ លទ្ធផលវិជ្ជមាននេះ បានកើតឡើង ស្របពេលលោកប្រធានាធិបតីវ័យ ៧២ឆ្នាំ កំពុងស្វះស្វែងរកសំឡេងគាំទ្រនៅក្នុងការបោះឆ្នោតប្រធានាធិបតី សម្រាប់អាណត្តិទីពីរ។ បន្ទាប់ពីផ្ទុកកូវីដ-១៩ បែបនេះ ការជជែកដេញដោលប្រធានាធិបតីដ៏សំខាន់មួយ នៅថ្ងៃទី១២ ខែមករា ត្រូវលុបចោល។ ការបោះឆ្នោតប្រធានាធិបតីព័រទុយហ្ហាល់ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៤ ខែមករា ខាងមុខ។
ទន្ទឹមនេះ កិច្ចការរបស់រដ្ឋាភិបាលមួយចំនួន ជុំវិញការដោះស្រាយកូវីដ-១៩ នៅក្នុងប្រទេសក៏រាំងស្ទះផងដែរ។ តាមការបញ្ជាក់របស់ការិយាល័យប្រធានាធិបតី ជំនួបរវាងលោក Rebelo និងអ្នកជំនាញសុខាភិបាលលើគម្រោងរឹតត្បិតនៅក្នុងប្រទេស ត្រូវលុបចោល។ ពេលនេះលោកប្រធានាធិបតី កំពុងសម្រាកព្យាបាលជំងឺនៅនិវេសនដ្ឋានប្រធានាធិបតិ នៅក្នុងទីក្រុងលីសបោន។
នៅថ្ងៃទី១១ ខែមករា រដ្ឋាភិបាលទីក្រុងលីសបោន បានប្រកាសថា ព័រទុយហ្កាល់មានករណីឆ្លងចំនួន ៥៦០៤ករណី និងអ្នកស្លាប់ចំនួន ១២២នាក់។ តួលេខសរុបរបស់ព័រទុយហ្កាល់ មានករណីឆ្លងសរុបចំនួន ៤៨៩២៩២ករណី និងអ្នកស្លាប់មានចំនួន ៧៩២៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៣៧២០៥៦នាក់។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រីព័រទុយហ្ហាល់ លោក Costa បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងកំពុងប្រឈមនឹងរលកទី៣ នៃកូវីដ-១៩»។ ដោយសារករណីឆ្លងនៅតែមានច្រើនបែបនេះ គណៈរដ្ឋមន្ត្រីព័រទុយហ្កាល់ នៅថ្ងៃទី១៣ ខែមករា នឹងបើកកិច្ចប្រជុំមួយ ដើម្បីសម្រេចពីការរឹតត្បិតនៅក្នុងប្រទេស៕
Tag:
ព័រទុយហ្កាល់
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com