COVID-19
អន្តរជាតិ
លោក ហ្គូ​តេ​រ៉េ​ស ប្រកាស​ឈរឈ្មោះ​ជា​អគ្គលេខាធិការ UN អាណត្តិ​ទី​ពីរ
12, Jan 2021 , 9:29 pm        
រូបភាព
លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖AFP
លោកអាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ រូបភាព៖AFP
ដោយ:
​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) បានប្រកាស​បំណង​ឈរឈ្មោះ​អាណត្តិ​ទី​ពីរ ខណៈ​អាណត្តិ​ទីមួយ​របស់លោក នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០២១​។ ក្នុង​អាណត្តិ​ដំបូង លោក ហ្គូ​តេ​រ៉េ​ស ប្តេជ្ញា​ជំរុញ​ការទូត​សន្តិភាព ប៉ុន្តែ​រយៈពេល​បួន​ឆ្នាំ​មកនេះ​ពិភពលោក​មើលឃើញ​ការកើនឡើង​ជម្លោះ​រវាង​ចិន​-​អាមេរិក ជម្លោះ​តាម​តំបន់ វិសមភាព​នៃ​កំណើនសេដ្ឋកិច្ច ការ​នៅ​នឹងថ្កល់​នៃ​សណ្តាប់ធ្នាប់​ពហុភាគី​និយម និង​ជំងឺ​កូ​វីដ​-១៩​។​
 
​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ និង​បន្ទាប់​មកជា​អតីត​ប្រធាន​ទីភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ត្រូវបាន​អង្គ​មហាសន្និបាត​បោះឆ្នោត​តែងតាំង​ជា​អគ្គលេខាធិការ UN ដែលមាន​រយៈពេល​៥​ឆ្នាំ​ក្នុងការ​ប្រកួតប្រជែង​កាលពី​ខែតុលា ឆ្នាំ​២០១៦​។ គ្រានោះ​មាន​បេក្ខជន​ចំនួន​១៣​រូប ដែល​ក្នុងនោះ​ប្រាំ​ពីររូប​ជា​ស្ត្រី និង​ប្រាំ​មួយរូប​ជា​បុរស​។ លោក ហ្គូ​តេ​រ៉េ​ស ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០១៧​។​
 
«​ខ្ញុំ នៅតែ​អាច​បម្រើ​អង្គការសហប្រជាជាតិ​បាន​សម្រាប់​អាណត្តិ​ទី​ពីរ បើសិន​នេះ​ជា​ឆន្ទៈ​របស់​រដ្ឋ​សមាជិក​»​។ នេះ​ជាការ​លើកឡើង​ក្នុង​លិខិត​របស់លោក ហ្គូ​តេ​រ៉េ​ស ផ្ញើ​ទៅកាន់​លោក Volkan Bozkir ប្រធាន​អង្គ​មហាសន្និបាត UN កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ លោក​បន្តថា វា​ជា​កិត្តិយស​សម្រាប់​លោក​ក្នុង​ការបន្ត​បម្រើ​អង្គការ​នេះ​ដើម្បី​សម្រេច និង​បំពេញ​គោលបំណង និង​គោលដៅ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​។​
 
​លោក Bozkir បាន​ផ្ញើលិខិត​សួរ​លោក ហ្គូ​តេ​រ៉េ​ស ពី​បំណង​បន្ត​ឈរឈ្មោះ​ឬ​យ៉ាងណា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​លោក Stephane Dujarric អ្នកនាំពាក្យ UN អះអាងថា លោក ហ្គូ​តេ​រ៉េ​ស ក៏បាន​ជូនដំណឹង​រួចហើយ​នៅ​ថ្ងៃទី​៨ មករា​ទៅ​ទូត​ចិន រុស្ស៊ី បារាំង អាមេរិក និង​អង់គ្លេស​ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​។ ក្រុមប្រឹក្សាសន្តិសុខ ជ្រើសរើស​បេក្ខភាព​អគ្គលេខាធិការ​សម្រាប់​ការបោះឆ្នោត​នៅ​មហាសន្និបាត​។ ដូច្នេះ​ការគាំទ្រ​ពី​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ ជាពិសេស​សមាជិក​អចិន្ត្រៃយ៍ ជា​រឿង​មិនអាច​ខ្វះ​បាន​។​
 
​នៅ​ថ្ងៃទី​១១ មករា លោក ហ្គូ​តេ​រ៉េ​ស ទទួលបាន​ការគាំទ្រ​ដំបូង​ពី​អង់គ្លេស​។ លោក​បូរី​ស ច​ន​សុន​នាយករដ្ឋមន្ត្រី​អង់គ្លេស​សាទរ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​លោក ហ្គូ​តេ​រ៉េ​ស ចំពោះ​ការប្រកាស​ឈរឈ្មោះ​អាណត្តិ​ទី​ពីរ ក៏ដូចជា​អបអរ​ការបញ្ចប់​អាណត្តិ​ទីមួយ​ដោយ​ជោគជ័យ​។ នេះ​យោងតាម​សេចក្ដីថ្លែងការណ៍​ការិយាល័យ​នាយករដ្ឋមន្ត្រី​អង់គ្លេស​។​
 
​បន្ថែម​ពីនេះ លោក ហ្គូ​តេ​រ៉េ​ស ក៏បាន​ជជែក​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុម​ប្រទេស​តាម​តំបន់​ផងដែរ​។ រដ្ឋ​សមាជិក​នៃ​អង្គការសហប្រជាជាតិ បែង​ចែកជា​ក្រុម​ក្រៅផ្លូវការ​ចំនួន​៥​គឺ ក្រុម​អាហ្វ្រិក​(៥៤​រដ្ឋ​) ក្រុម​អាស៊ី និង​ប៉ាស៊ីហ្វិក​(៥៣​រដ្ឋ​) ក្រុម​អឺរ៉ុប​ខាងកើត​(២៣​រដ្ឋ​) ក្រុម​អឺរ៉ុប​ខាងលិច និង​ក្រុម​ដទៃទៀត​(២៩​រដ្ឋ​) និង​ក្រុម​អាមេរិក​ឡាទីន និង​កា​រ៉ា​អ៊ី​ប​(៣៣​រដ្ឋ​)​។​
 
​ក្រោយ​លោក ហ្គូ​តេ​រ៉េ​ស បញ្ជូន​លិខិត​ស្តីពី​ការ​ឈរឈ្មោះ​អាណត្តិ​ទី​ពីរ ដំណាក់កាល​បន្ទាប់​គឺប្រធាន​ក្រុមប្រឹក្សាសន្តិសុខ និង​អគ្គ​មហាសន្និបាត នឹង​ចាប់ផ្តើម​នីតិវិធី​ក្នុងការ​ស្វែងរក​បេក្ខជន​សម្រាប់​តំណែង​អគ្គលេខាធិការ​តាមរយៈ​ការផ្ញើ​លិខិត​រួម​ទៅ​រដ្ឋ​សមាជិក​ទាំងអស់​។​
 
​នីតិវិធី​ខាងលើនេះ អនុលោម​តាម​សេចក្តីសម្រេច​របស់​អង្គ​មហាសន្និបាត​ឆ្នាំ​២០១៥ ដែល​តម្រូវ​ឲ្យ​ដំណើរការ​ជ្រើសរើស​ប្រមុខ​ស្ថាប័ន​ពិភពលោក​មាន​លក្ខណៈ​បើកចំហ និង​តម្លាភាព​ជាង​មុន​។ សេចក្តីសម្រេច​នេះ អនុញ្ញាត​ឲ្យ​រដ្ឋ​ជា​សមាជិក​ដឹង​ពី​ព័ត៌មាន​របស់​បេក្ខជន​ដូចជា​ជីវប្រវត្តិ ហើយ​អាច​ជួប និង​សួរនាំ​ក្នុង​កិច្ចប្រជុំ​ជាដើម​។​
 
​ការជាប់ឆ្នោត​របស់លោក ហ្គូ​តេ​រ៉េ​ស ក្នុង​ឆ្នាំ​២០១៦ ជាការ​ខកចិត្ត​សម្រាប់​ស្ត្រី ដ្បិតអី​ស្ថាប័ន​នេះ​ពុំ​ដែលមាន​អគ្គលេខាធិការ​ជា​ស្ត្រី​ម្តង​ឡើយ​។ ដូចគ្នានេះដែរ​ប្រទេស​អឺរ៉ុប​ខាងកើត​ក៏​មិន​សប្បាយចិត្ត​ប៉ុន្មាន​ដែរ​ដោយសារតែ​ដល់​វេន​ដែល​បេក្ខជន​មកពី​តំបន់​ខ្លួន​ត្រូវ​ទទួល​តំណែង មិនមែន​មក​លោក ហ្គូ​តេ​រ៉េ​ស សញ្ជាតិ​ព័រទុយហ្កាល់​ដែល​មកពី​អឺរ៉ុប​ខាងលិច​ឡើយ​៕
 
 
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com