COVID-19
សុខភាព
អន្តរជាតិ
WHO៖ ភាពស៊ាំ​សហគមន៍ ទំនង​មិនអាច​ស​ម្រ​ច​បាន​ក្នុង​ឆ្នាំ​២០២១​ឡើយ​
12, Jan 2021 , 10:29 pm        
រូបភាព
ទីស្នាក់ការអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ រូបថត Xinhua
ទីស្នាក់ការអង្គការសុខភាពពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ រូបថត Xinhua
​បណ្ដា​ប្រទេស​អ្នកមាន​ជាច្រើន កំពុង​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​របស់ខ្លួន​ក្នុង​គោលដៅ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-១៩​។ យ៉ាងណាមិញ អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ថា  ការបង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​កូ​វីដ​-១៩ ក្នុង​សហគមន៍ ទំនង​មិនអាច​សម្រេច​បានឡើយ​នៅក្នុង​ឆ្នាំ ២០២១ នេះ ដោយសារតែ វ៉ាក់សាំង​មានកំណត់  ការសង្ស័យ​លើ​វ៉ាក់សាំង​ក្នុងការ​ប្រយុទ្ធ​ជាមួយ​កូ​រ៉ូ​ណា​វីរុស​ទម្រង់​ថ្មី និង​ការទទួលបាន​វ៉ាក់សាំង​មិន​ស្មើភាព​។
 
​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ជាច្រើន​ប្រភេទ ត្រូវបាន​អង់គ្លេស អាមេរិក សិង្ហ​បុរី និង​បណ្តា​ប្រទេស​ផ្សេងទៀត អនុម័ត​ឲ្យ​ប្រើប្រាស់​ជា​បន្តបន្ទាប់ ដើម្បី​ចាក់​ឲ្យ​ប្រជាជន​របស់ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩​។ ប៉ុន្តែ អង្គការ​សុខភាព​ពិភពលោក បង្ហាញ​ក្ដីបារម្ភ​ចំពោះ​ការបង្កើត​ភាពស៊ាំ​សហគមន៍ (Herd Immunity) ទោះ​ជាមាន​ប្រទេស​ជាច្រើន​ចាក់​វ៉ាក់សាំង​ក្ដី​។ 
 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស លោកស្រី Soumya Swaminathan ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់ WHO អះអាងថា ការបណ្តុះ​ប្រព័ន្ធ​ភាពស៊ាំ​សម្រាប់​ប្រជាជន​ជាច្រើន​លាន​នាក់ ទំនង​មិនអាច​កើតឡើង​ឡើយ​ក្នុង​ឆ្នាំ​២០២១​។ លោកស្រី Swaminathan លើកយក​កត្តា​មួយចំនួន​មក​ពន្យល់​ដូចជា​ចំនួន​វ៉ាក់សាំង​នៅមានកម្រិត ការសង្ស័យ​លើ​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​រ៉ូ​ណាវី​រុស​បំប្លែង​ខ្លួន​ថ្មី​ដែល​រកឃើញ​នៅ​អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង និង​ការទទួលបាន​វ៉ាក់សាំង​មិន​ស្មើគ្នា​ជាដើម​។ 
 
​ក្នុង​ស​ន្នី​សីទ​សារព័ត៌មាន​ដដែល​នេះ ប្រធាន​អ្នកវិទ្យាសាស្ត្រ​រូបនេះ បាន​បន្តទៀតថា បើ​ប្រព័ន្ធ​ភាពស៊ាំ​សហគមន៍​អាច​សម្រេចបាន​មែន ក៏​កើតមាន​ក្នុងប្រទេស​តិចតួច​ប៉ុណ្ណោះ ខណៈពេល​ប្រជាជន​នៅ​តំបន់​ផ្សេងទៀត​លើ​ពិភពលោក ត្រូវ​បន្ត​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩​។ WHO មិនទាន់​អាច​កំណត់​ពេលដែល​អាចបង្កើត​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​កូ​វីដ​-១៩ សម្រាប់​មនុស្ស​ជាច្រើន​នៅលើ​ពិភពលោក​បាន​។ 
 
​ទាក់ទិន​រឿងនេះ WHO  បាន​អំពាវនាវ​ឲ្យ​ប្រជាជន ត្រូវ​អត់ធ្មត់ ព្រោះ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ត្រូវការ​ពេលវេលា ខណៈ​វ៉ាក់សាំង​ជាច្រើន ពាន់​លាន​ដូ​ស កំពុងស្ថិត​ក្នុង​ដំណើរការ​ផលិត​ហើយ​ដែរ​។  តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អាល្លឺម៉ង់ DW លោកស្រី Swaminathan បាន​អំពាវនាវ​ឲ្យ​បន្ត​អនុវត្ត​វិធានការ​ផ្សេងៗ​ដូចជា ការរក្សា​គម្លាត​សុវត្ថិភាព ការ​លាងដៃ និង​ការពាក់​ម៉ាស់ ដែល​នៅតែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១១ ខែមករា អាមេរិក បាន​អះអាងថា វ៉ា​ក់សាង​ជិត ៩​លាន​ដូ​ស ត្រូវបាន​ចាក់​ឲ្យ​ប្រជាជន​ខ្លួន​។ ចំណែក​អាល្លឺម៉ង់​វិញ បានប្រកាសថា មនុស្ស​ច្រើនជាង ៦០​ម៉ឺន​នាក់ ត្រូវបាន​ចាក់​វ៉ាក់សាំង​។ ដោយឡែក​ប្រទេស​ផ្សេងទៀត ដូចជា សិង្ហ​បុរី អង់គ្លេស និង​ប្រទេស​ផ្សេងទៀត បានចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​របស់ខ្លួន​ថែមទៀត​៕

Tag:
 WHO
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com