COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ថា​មិនដែល​ស្តាយក្រោយ​ទេ ដែល​ចូលរួម​ជាមួយ Arsenal
13, Jan 2021 , 8:29 am        
រូបភាព
Mesut Ozil សារភាពថា​ខ្លួន​មិន​សោកស្តាយ​ទេ ដែល​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម Arsenal បើ​ទោះ​ពេលវេលា​ជាមួយ​ក្លិប​នៅ​អង់គ្លេស​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ស្ថិតក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​។​


​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ មិន​ជាប់​ជម្រើស​២៥​នាក់​របស់ Arsenal សម្រាប់​ការប្រកួត Premier League និង Europa League នៅ​រដូវ​កាល​នេះឡើយ​។ មិន​ជាប់​ជម្រើស អ្នកគាំទ្រ​យល់ឃើញថា​នេះ​ដោយសារតែ Ozil មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរិះគន់​ចិន​ជុំវិញ​ការបង្ក្រាប​ជនជាតិ​មូស្លីម​ភាគតិច​វី​ហ្គ័​រ​នៅ​ខេត្ត​ស៊ីន​ជាំ​ង​។​
 
​ថ្មីៗ​នេះ មាន​ព័ត៌មាន​ជាច្រើន​នៅ​អឺរ៉ុប​ចុះផ្សាយ​ថា​អតីត​សមាជិក​ក្រុម Real Madrid វ័យ​៣២​ឆ្នាំ កំពុងមាន​ជាប់ទាក់ទង​ផ្ទេរ​ទៅកាន់​ក្លិប​នៅ​តួ​ក​គី Fenerbahce និង​ក្លិប DC United នៅ​ទឹកដី​អាមេរិក នៅក្នុង​ខែមករា​នេះ​។​
 
Ozil ដែល​កាំភ្លើង​ធំ​ទិញ​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​កាលពី​ឆ្នាំ​២០១៣ ក្នុងតម្លៃ ៥៦​លា​នុដ​ល្លារ មិនបាន​លេង​ឲ្យ Arsenal ចាប់តាំងពី​ខែមីនា ឆ្នាំមុន​មក​ម្លេះ ខណៈដែល​កិច្ចសន្យា​របស់គេ​នឹងត្រូវ​ផុតកំណត់​នៅ​ចុងបញ្ចប់​រដូវ​កាល ២០២០-២១​នេះ​។​
 
​ស្របពេល Ozil បង្ហាញ​ការខកចិត្ត ដ្បិត​មិន​ស្ថិតក្នុង​ជម្រើស​របស់​អ្នកចាត់ការ​ទូទៅ​លោក Mikel Arteta រដូវ​កាល​នេះ ប៉ុន្តែ​សមាជិក​ដែល​ជួយ​អាល្លឺម៉ង់​លើក​ពាន World Cup នៅតែ​អះ​អា​ថា​ខ្លួន​នឹងមិន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​ក្នុងការ​ចូលរួម​ជាមួយ Arsenal ឡើយ​។​
 
«​ពិតណាស់ រហូតមកដល់​ពេលនេះ​ខ្ញុំ​មិនដែល​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់ខ្ញុំ​ក្នុងការ​ចូលរួម​ជាមួយ Arsenal នោះទេ​។ ហើយ​និយាយ​អោយ​ត្រង់​ទៅ​ការប្រកួត​ពីរ​បី​លើកចុងក្រោយ​មុនពេល COVID-19 អុកឡុក​នៅ​ខែមីនា​ឆ្នាំ​២០២០ ខ្ញុំ​ពិតជា​សប្បាយ​ណាស់​។ ពេលនោះ​ខ្ញុំ​ពិតជា​រីករាយ ហើយ​ខ្ញុំ​គិតថា​យើង​ពិតជា​ស្ថិតនៅ​លើផ្លូវ​វិជ្ជមាន​មួយ​។ ប៉ុន្តែ​បន្ទាប់ពី​វិលត្រឡប់​ពី​ផ្អាក​ការប្រកួត អ្វីៗ​មិនបាន​ល្អ​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់ Ozil​។​
 
​ខ្សែបម្រើ​វ័យ​៣២​ឆ្នាំ ក៏បាន​បង្ហាញ​តម្រុយ​គួរ​ចាប់អារម្មណ៍​ផងដែរ​សម្រាប់​ក្លិប​ថ្មី​ក្នុងចំណោម Fenerbahce និង DC United ប្រសិនបើ​រូបគេ​ពិតជា​ត្រូវ​ចាក​ចេញពី Emirate នៅ​អំឡុង​ទីផ្សារ​ដោះដូរ​ខែមករា​នេះ​មែន​នោះ​។ Fenerbahce អាចជា​ច​ម្រើ​សរ​បស់ Ozil ច្រើនជាង DC United៕ 

Tag:
 Mesut Ozil
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com