COVID-19
ជាតិ
ពលករពីថៃ៦នាក់ទៀត មាន​កូវីដ-១៩
13, Jan 2021 , 7:04 am        
រូបភាព
ដោយ: រួបរួម
ពលករខ្មែរមកពីថៃចំនួន​៦នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល ដែលធ្វើចំនួនឡើង​ដល់៣៣នាក់ក្នុងចំណោមពលករ ខណៈអ្នកកើតសរុបនៅកម្ពុជា មាន៣៩៨នាក់ ក្នុងនោះ៣៧៦នាក់បានជាសះស្បើយ។


អ្នកជំងឺថ្មី៥នាក់ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មាន​ស្ត្រីអាយុ៣៦ឆ្នាំ អាសយដ្ឋាននៅឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង, ស្ត្រីវ័យ៣២ឆ្នាំ និងស្ត្រីអាយុ២១ឆ្នាំ អាសយដ្ឋាននៅ​ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង, ស្ត្រីអាយុ១៨ឆ្នាំ និង​ស្ត្រីអាយុ២១ឆ្នាំ អាសយដ្ឋាននៅស្រុកពាមជ ខេត្តព្រៃវែង។

រីឯ១ករណីទៀតជាស្ត្រីអាយុ៣២​ឆ្នាំ អាសយដ្ឋាននៅ​ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ ពួក​គាត់​ឆ្លងដែនពីថៃ មកដល់កម្ពុជា រវាងថ្ងៃទី១០ និងទី១១ ខែមករា។

បច្ចុប្បន្នកម្ពុជាមាន​អ្នក​ឆ្លងកូវីដ-១៩ចំនួន​៣៩៨នាក់ ក្នុងនោះ៣៣នាក់ជាពលករមកពីថៃ។ អ្នកជាសះស្បើយ​មាន​៣៧៦នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាល​ មាន​១នាក់ជាករណីនាំចូលពីបរទេស ដោយបន្តព្យាបាលនៅមជ្ឈមណ្ឌលកំចាត់រោគរបេង និងហង់សិន រីឯ២១នាក់ទៀតជាពលករពីថៃ ដោយ១៣នាក់នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ ៧នាក់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និង១នាក់​នៅមន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង៕

© រក្សាសិទ្ធិដោយ thmeythmey.com