កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Pogba ស៊ុត​១​គ្រាប់​ជួយ Man Utd ឈ្នះ Burnley ដើម្បី​ឡើងឈរ​កំពូល​តារាង​
13, Jan 2021 , 9:40 am        
រូបភាព
Manchester United បាន​ឡើងទៅ​កាន់​កំពូល​តារាង Premier League បន្ទាប់ពី Paul Pogba សម្រេច​ទី​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម Burnley ក្នុង​លទ្ធផល ១-០ នា​ការប្រកួត​លី​គ​សប្តាហ៍​ទី​១៧ នៅ​រាត្រី​ថ្ងៃទី​១២ ខែមករា​។ ១១​ប្រកួត​ចុងក្រោយ បិសាច​ក្រហម​មិនដែល​ចាញ់​ឡើយ ក្នុងនោះ​ឈ្នះ​៩​លើក​។​


​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​ល្អ​របស់​ខ្សែបម្រើ​សញ្ជាតិ​បារាំង​នៅ​នាទី​៧១ ដោយ​ការ​ទាត់​វូ​ឡេ (volley) គ្រប់គ្រាន់​ដើម្បី​នាំ​ក្រុម​របស់លោក Ole Gunnar Solskjaer ទទួលបាន​៣​ពិន្ទុ​បន្ថែម និង​ឡើងទៅ​ឈរ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស​បណ្តោះអាសន្ន​។​
 

 
 
​ក្រុម​ដែលមាន​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ន័​រ​វែ​សលោក Solskjaer បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ក្នុង​ចំនួន​១១​ប្រកួត​ចុងក្រោយ ដោយ​មិន​ស្គាល់​ចាញ់​ឡើយ ក្នុងនោះ​ពួកគេ​អាច​ទទួលបាន​ជ័យជម្នះ​៩​លើក និង​ស្មើ​២​លើក​។​
 
​នេះ​ជា​លើក​ទី​១​ហើយ​ដែល​បិសាច​ក្រហម​ធ្វើ​បានល្អ​គួរកត់សម្គាល់​សម្រាប់រ​ដូ​វ​កាល ២០២០-២១ តាមរយៈ​ការទទួលបាន​ជ័យជម្នះ​ច្រើន​ប្រកួត គិត​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ ២០១២ ក្រោម​ការដឹកនាំ​របស់​លោក Sir Alex Ferguson ដើម្បី​ជួយ​ក្រុម​លើក​ពាន​លី​គ​ចុងក្រោយ​មុន​ចាកចេញ​។ តើ Solskjaer អាចជួយ Man Utd លើក​ពាន​លី​គ​កំពូល​អង់គ្លេស​នេះ​បាន​ដែល​ឬទេ នៅ​រដូវ​កាល​នេះ​?


 
​ឆ្លងកាត់​ការប្រកួត​១៧​លើក Man Utd ទទួលបាន​៣៦​ពិន្ទុ នាំមុខ​គូប្រជែង Liverpool ចំនួន​៣​ពិន្ទុ និង​នាំមុខ​ក្រុម Leicester City និង Everton ដែល​នៅ​លេខ​រៀង​ទី​៣ និង​ទី​៤ ចំនួន​៤​ពិន្ទុ​។ Everton ក៏បាន​បន្ត​ជ័យជម្នះ​របស់ខ្លួន​ក្រោយ​ឈ្នះ Wolves ២-១​។ 
 
Sheffield United រកឃើញ​ជ័យជម្នះ​ដំបូង​របស់ខ្លួន​រដូវ​កាល​នេះ ក្នុងការ​ប្រកួត​សប្តាហ៍​ទី​១៨ ដោយ​យកឈ្នះ Newcastle United ១-០​។ យ៉ាងណា Sheffield United នៅតែ​ស្ថិតនៅ​បាត​តារាង Premier League ដដែល ដោយ​ទើបតែ​រកបាន​៥​ពិន្ទុ​ប៉ុណ្ណោះ​៕
 

Tag:
 Paul Pogba
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com