អនុប្រធានាធិបតីអាមេរិក លោក ម៉ៃ ផែន នៅថ្ងៃទី១២ មករា បានច្រានចោលការស្នើរបស់ប្រធានសភាតំណាងដែលចង់ឲ្យលោកប្រើរដ្ឋធម្មនុញ្ញដើម្បីដកលោកប្រធានាធិបតី ដូណាល់ ត្រាំ ចេញពីតំណែង។ ការបដិសេធរបស់លោក ផេន នាំឲ្យបក្សប្រជាធិបតេយ្យជ្រើសរើសយកយន្តការសភាក្នុងការទម្លាក់ប្រធានាធិបតីពីតំណែងតែម្តង។
នៅសល់រយៈពេលត្រឹមតែ៨ថ្ងៃប៉ុណ្ណោះមុនចប់អាណត្តិរបស់ប្រធានាធិបតី ដូណាល់ ត្រាំ សភាតំណាងអាមេរិកកំពុងពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ដើម្បីចោទប្រកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ជាលើកទីពីរផងដែរ។ សភាតំណាងកាន់កាប់ដោយបក្សប្រជាធិបតេយ្យ ចោទលោក ត្រាំ ពីបទកញុះញង់បះបោរប្រឆាំងរដ្ឋាភិបាលអាមេរិកនៅថ្ងៃទី៦ មករា ដែលគ្រានោះអ្នកគាំទ្រលោក ត្រាំ ចូលអុកឡុកវិមានសភា។
ស្របគ្នានេះ លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាង ក៏ស្នើឲ្យលោកអនុប្រធានាធិបតី ម៉ៃ ផេន ប្រើវិសោធនកម្មទី២៥ ដើម្បីដកតំណែងពីលោក ត្រាំ ។ ប៉ុន្តែលោក ផេន បានបដិសេធ។
«ខ្ញុំ មិនជឿថាសកម្មភាពបែបនេះ(ដកតំណែងប្រធានាធិបតី) ជាប្រយោជន៍របស់ប្រទេស ឬស្របតាមរដ្ឋធម្មនុញ្ញឡើយ»។ នេះជាការបញ្ជាក់របស់លោក ផេន ក្នុងលិខិតទៅមេដឹកនាំសភា ជាមួយនឹងការព្រមានថា ការដកលោក ត្រាំ ពីតំណែងនឹងធ្វើឲ្យអាមរិកកាន់តែបែកបាក់បន្ថែមទៀត។ ក្នុងវិសោធនកម្មទី២៥ បើអនុប្រធានាធិបតី និងសមាជិកគណៈរដ្ឋមន្ត្រីលើសពាក់កណ្ដាល ប្រកាសថា ប្រធានាធិបតីមានបញ្ហាមិនអាចអនុវត្តអំណាចបាន នោះអាចដកចេញពីតំណែងបាន។
ខណៈលោក ផេន មិនប្រើផ្លូវនេះ សភាតំណាងក៏ជ្រើសរើសផ្លូវមួយទៀត។ សមាជិកសភាបក្សប្រជាធិបតេយ្យ បានតាក់តែងមាត្រាដើម្បីចោទប្រកាន់លោក ត្រាំ ពីបទញុះញង់។ សភាតំណាងអាចអនុម័តមាត្រាចោទប្រកាន់នេះដោយស្រួល ព្រោះបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើនស្រាប់។ ជាមួយគ្នានេះ តំណាងរាស្ត្របក្សសាធារណរដ្ឋ៣រូប អះអាងថា នឹងបោះឆ្នោតចោទប្រកាន់លោក ត្រាំ ដែរមានលោកស្រី Liz Cheney, លោក John Katko និងលោក Adam Kinzinger ។
ក្នុងកិច្ចប្រជុំស្តីពីការកំណត់នីតិវិធីបោះឆ្នោតទម្លាក់លោកត្រាំ នៅថ្ងៃទី១៣ ខែមករា លោក David Cicilline តំណាងរាស្ត្របក្សប្រជាធិបតេយ្យប្រាប់ទៅគណៈកម្មការវិន័យសភាតំណាងថា មានសំឡេងចំនួន២១៧គ្រប់គ្រាន់ក្នុងការបោះឆ្នោតទម្លាក់លោកត្រាំចេញពីតំណែង។
នៅព្រឹទ្ធសភាវិញ លោក Mitch McConnell ប្រធានក្រុមសំឡេងភាគច្រើនប្រាប់សារព័ត៌មានThe New York Times ថា លោកពេញចិត្តទៅនឹងការខំប្រឹងប្រែងរបស់បក្សប្រជាធិបតេយ្យក្នុងការចោទលោក ត្រាំ ។ លោក McConnell អះអាងថា ការទម្លាក់លោក ត្រាំ ចេញពីតំណែង នឹងធ្វើឲ្យមានភាពងាយស្រួលក្នុងការបណ្តេញលោក ត្រាំ ចេញពីបក្សសាធារណរដ្ឋ ព្រោះលោក ត្រាំ ប្រព្រឹត្តបទល្មើសដែលសាកសមនឹងត្រូវដកចេញពីតំណែង។
ការអនុម័តមាត្រាចោទប្រកាន់នៅសភាតំណាង នឹងបើកផ្លូវដល់សវនាការដកតំណែងប្រធានាធិបតីដោយព្រឹទ្ធសភា។ ដើម្បីដកតំណែងបាន ព្រឹទ្ធសភាត្រូវរកសំឡេងឲ្យបាន២ភាគ៣ក្នុងចំណោម១០០ ពោលគឺ៦៧សំឡេង។ ចំពោះការបើកសវនាការ លោក McConnell និយាយថា មិនអាចធ្វើឡើងមុនថ្ងៃទី១៩ ខែមករាឡើយ ព្រោះព្រឹទ្ធសភាកំពុងស្ថិតក្នុងវិស្សមកាល។ បក្សប្រជាធិបេយ្យដែលមានសំឡេង៥០ ក្នុងព្រឹទ្ធសភា និងត្រូវការសំឡេង១៧បន្ថែមពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ។
បើសិនជាព្រឹទ្ធសភារកឃើញថាលោក ត្រាំ ពិតជាប្រព្រឹត្តដូចដែលបានចោទមែន លោក ត្រាំ នឹងបាត់បង់ផលប្រយោជន៍ក្នុងនាមជាអតីតប្រធានាធិបតី ដោយមិនទទួលបានការការពារសន្តិសុខ បៀវត្សជាដើម ហើយអ្វីដែលសំខាន់គឺលោកមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបានទៀតឡើយ។ លោក ត្រាំ មានគម្រោងឈរឈ្មោះប្រធានាធិបតីជាថ្មីក្នុងឆ្នាំ២០២៤៕