COVID-19
អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី វីដូដូ ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន 13, Jan 2021 , 2:40 pm
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបថតពី Twitter Metro TV
× ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac Biotech ។ លោក គឺជាជនទីមួយដែលទទួលបានវ៉ាក់សាំង ខណៈឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះខ្លាំងជាងគេដោយសារអាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកផងដែរ។
ក្នុងពិធីចាក់វ៉ាក់សាំងនៅវិមានប្រធានាធិបតីនៅថ្ងៃទី១៣ ខែមករា លោក ចូកូ វីដូដូ ត្រូវបានចាក់វ៉ាក់សាំង CoronaVac ដែលអភិវឌ្ឍដោយក្រុមហ៊ុនចិន Sinovac Biotech ។ បន្ទាប់ពីលោក វីដូដូ សមាជិកគណៈរដ្ឋមន្ត្រីឯទៀត ក៏ទទួលវ៉ាក់សាំងដែរ ដើម្បីបង្ហាញទំនុកចិត្តទៅកាន់ប្រជាជនឥណ្ឌូណេស៊ីពីប្រសិទ្ធភាពរបស់វ៉ាក់សាំងជំងឺកូវីដ-១៩ ។
CoronaVac ទទួលភ្លើងបៃតងពីនិយ័តករឱសថឥណ្ឌូណេស៊ីនៅថ្ងៃទី១១ ខែមករា ដែលជាវ៉ាក់សាំងដំបូងគេត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅក្រៅទឹកដីចិន។ លទ្ធផលបណ្ដោះអាសន្ននៃការសាកល្បងវ៉ាក់សាំងនេះនៅឥណ្ឌូណេស៊ីបង្ហាញថា ប្រសិទ្ធភាពមាន៦៥,៣ភាគរយ។ ក្រុមហ៊ុនចិនមួយនេះ ប្រើប្រាស់បច្ចេកវិទ្យាចាស់ ដោយយកវីរុសងាប់ ឬខ្សោយមិនមានផលប៉ះពាល់ទៅចាក់បញ្ចូលក្នុងខ្លួនដើម្បីឲ្យប្រព័ន្ធការពាររាងកាយស្គាល់វីរុស ហើយបង្កើតភាពស៊ាំតែម្ដង។ វ៉ាក់សាំងនេះ ត្រូវចាក់ពីរដង។
ការទទួលវ៉ាក់សាំងពីសំណាក់លោក វីដូដូ ជាការចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងនៅឥណ្ឌូណេស៊ី។ បុគ្គលិកសុខាភិបាលចំនួន១,៤៨លាននាក់ នឹងត្រូវចាក់វ៉ាក់សាំងចាប់ពីសប្ដាហ៍នេះ ហើយមនុស្សច្រើនជាង៥៦ម៉ឺននាក់ នឹងត្រូវទទួលវ៉ាក់សាំងក្នុងខែមករា ហើយសេសសល់នឹងត្រូវចាក់នៅខែកុម្ភៈ។ មន្ត្រីសាធារណៈប្រមាណ១៧,៤លាននាក់ដែលប្រឈមមុខហានិភ័យ នឹងត្រូវចាក់បន្ទាប់។
រឿងចាក់វ៉ាក់សាំងនេះដែរ បើតាមទូរទស្សន៍ CNA រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី Budi Gunadi Sadikin ប្រាប់កិច្ចប្រជុំសភានៅថ្ងៃទី១២ ខែមករា ថា ប្រជាជន២១,៥លាននាក់ដែលស្ថិតក្នុងក្រុមមនុស្សចាស់ នឹងទទួលវ៉ាក់សាំងពីខែមេសា ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន AstraZeneca ។ ឥណ្ឌូណេស៊ី ដាក់គោលដៅចាក់វ៉ាក់សាំងលើប្រជាជនជាង១៨០លាននាក់ក្នុងចំណោមប្រជាជនសរុបជាង២៦០លាននាក់ដើម្បីសម្រេចបានភាពស៊ាំសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា ឥណ្ឌូណេស៊ី មានអ្នកឆ្លងសរុបជាង៨៤ម៉ឺននាក់ និងស្លាប់ជាង២៤០០០នាក់។ ឥណ្ឌូណេស៊ី ឈរលេខមួយនៅអាស៊ីអាគ្នេយ៍ និងស្ថិតក្នុងចំណោមប្រទេសរងគ្រោះខ្លាំងលើពិភពលោក៕
Tag:
ឥណ្ឌូណេស៊ី
ចូកូ វីដូដូ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com