កីឡាករ កីឡាការិនីវាយសី៣នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើតេស្តចេញលទ្ធផលវិជ្ជមានជំងឺ COVID-19 ត្រូវបានឲ្យត្រឡប់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ Thailand Open ដែលធ្វើឡើងនៅប្រទេសថៃ។ សហព័ន្ធកីឡាវាយសីពិភពលោក (BWF) ប្រកាសបែបនេះនៅថ្ងៃទី១២ ខែមករា ដោយបញ្ជាក់ថាអ្នកវាយសី៣នាក់ដែលអាចចូលប្រកួតវិញ ដោយសារពួកគេមានអង្គបដិបក្ខវិជ្ជមាន។
តាមរយៈការចុះផ្សាយរបស់ទូរទស្សន CNA សេចក្ដីប្រកាសរបស់ BWF បញ្ជាក់ថា អ្នកវាយសីដែលរកឃើញថា វិជ្ជមានជំងឺរាតត្បាតសកលរួមានកីឡាការិនី Saina Nehwal ម្ចាស់មេដាយសំរឹទ្ធអូឡាំពិក និង HS Prannoy របស់ឥណ្ឌា រួមទាំងកីឡាករអាល្លឺម៉ង់ Jones Ralfy Jansen និងកីឡាករអេហ្ស៊ីប Adham Hatem Elgamal នៅក្នុងការធ្វើតេស្តជុំទី៣ កាលពីថ្ងៃទី១១ ខែមករា។
ការប្រកាសពីចំនួនអ្នកឆ្លង COVID-19 ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលចាប់ផ្តើមកម្មវិធីប្រកួតកីឡាវាយសីលំដាប់ពិភពលោក Thailand Open នៅថ្ងៃទី១២ ខែមករា ដែលថៃទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍កីឡានេះ នឹងត្រូវបិទការប្រកួតវិញនៅថ្ងៃទី១៧ ខែដដែល។
ដើម្បីបញ្ជាក់ភាពត្រឹមត្រូវ សំណាកអ្នកទាំង៤ ត្រូវធ្វើតេស្តម្ដងទៀត ក្នុងនោះ Prannoy, Jansen និងElgamal បានរកឃើញថាអវិជ្ជមាន ខណៈ Nehwal វិជ្ជមាន។ ពួកគេ ក៏ត្រូវបានធ្វើតេស្ត PCR ជាលើកទី២ និងការធ្វើតេស្តឈាមអង្គបដិបក្ខផងដើម្បីបញ្ជាក់បន្ថែម។
បន្ទាប់ពីលទ្ធផលតេស្ត និងសេចក្តីសម្រេចពីគណៈកម្មាធិការវិនិច្ឆ័យ រួមទាំងការស៊ើបអង្កេតពីក្រសួងសុខាភិបាលថៃផង កីឡាការិនី Nehwal, Prannoy រួមទាំងកីឡាករ Jansen ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ចូលប្រកួតវិញ លើកលែងតែ Adham Hatem Elgamal ម្នាក់ប៉ុណ្ណោះ។
BWF ពន្យល់ថា Nehwal, Prannoy និង Jansen បានធ្វើតេស្តវិជ្ជមានលើការតេស្ត PCR ប៉ុន្តែអង្គបដិបក្ខ (Immunoglobulin G) របស់ពួកគេ ក៏វិជ្ជមានដែរ។ អង្គបដិបក្ខវិជ្ជមាន មានន័យថាពួកគេមាន COVID-19 កាលពីពេលមុនមកហើយ មិនមែនពេលនេះទេ។
«ពួកគេមិនបានឆ្លងនៅបច្ចុប្បន្ននេះទេ។ អ្នកទាំងបីបានឆ្លង COVID-19 តាំងពីចុងឆ្នាំ ២០២០ ម្លេះ។ យើងពិតជារីករាយណាស់ដែលពួកគេមិនបានឆ្លង និងមិនបង្កគ្រោះថ្នាក់ដល់អ្នកចូលរួមការប្រកួតផ្សេងទៀត»។ ស្ថាប័នគ្រប់គ្រងកីឡាវាយសីពិភពលោកបន្ថែមដូច្នេះ។
ដោយឡែក Elgamal ដែលបានធ្វើតេស្តមានលទ្ធផលវិជ្ជមានតាមការតេស្ត PCR ប៉ុន្តែអង្គបដិបក្ខរបស់គេអវិជ្ជមាននោះ ត្រូវបានគណៈកម្មាធិការណែនាំឲ្យរូបគេដកខ្លួនចេញពីការប្រកួតនេះតែម្តង៕