អន្តរជាតិ
ជីវិត​សត្វ​កំពុង​ប្រឈម​នឹង​ការ​គំរាម​ពី​សំណល់​ម៉ាស់​របស់​មនុស្ស​
14, Jan 2021 , 8:29 am        
រូបភាព
​ដោយ ៖ឈួន ឈី​វ​អ៊ីង
 
​ម៉ាស់​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​ប្រើប្រាស់​ដើម្បី​ជួយ​ការពារ​ខ្លួន​ពី​ការឆ្លង​កូ​វីដ​-១៩ កំពុងតែ​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ជីវិត​សត្វ ទាំង​សត្វ​ស្លាប និង​ជីវិត​សត្វ​ក្នុង​ទឹក​ផងដែរ​។ ជារឿយៗ ម៉ាស់​ត្រូវ​រកឃើញ​នៅជាប់​ជើង ឬ​ស្លាប​សត្វ​ដែល​ងាប់ ឬ​ពេលខ្លះ​ត្រូវបាន​ជួយ​ទាន់ពេលវេលា​។​
 
​ខណៈ​ជួយ​មនុស្ស​ក្នុងការ​ការពារ​ខ្លួន​ទល់នឹង​ជំងឺ​រលាក​សួត​កូ​វីដ​-១៩ ម៉ាស់ ក៏​ក្លាយជា​បន្ទុក​សម្រាប់​ភាវៈ​មានជីវិត​ឯទៀត​។ ការ​បោះចោល​ម៉ាស់​ពាសវាល​ពាសកាល​បន្ទាប់​ពី​ប្រើ​រួច កំពុង​បង្ក​ផលប៉ះពាល់​ដល់​ជីវចម្រុះ​ទាំង​លើគោក និង​ក្នុង​ទឹក​។​
 
​ចាប់តាំងពី​បណ្តា​ប្រទេស​ទាំងអស់​ជុំវិញ​ពិភពលោក ផ្តើម​នាំគ្នា​ប្រើប្រាស់​ម៉ាស់​នៅតាម​ទីសាធារណៈ​ ដើម្បី​កាត់បន្ថយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ មក ម៉ាស់​ដែល​ប្រើតែ​ម្ដង ត្រូវបាន​ប្រទះឃើញ​ពាសវាល​ពាសកាល ​ទាំង​នៅតាម​ផ្លូវ ក្នុង​ទឹក និង​តាម​ឆ្នេរសមុទ្រ​ជាដើម​។ ម៉ាស់ ដែលជា​សារធាតុ​ប្លា​ស្ទិ​ក ត្រូវការ​ពេល​រាប់រយឆ្នាំ​ដើម្បី​បាត់​ពី​ផែនដី​។
 
​​«​សារធាតុ​ប្លា​ស្ទិ​ក​ដែល​នៅក្នុង​ម៉ាស់ មិន​ងាយ​នឹង​រលាយ​ឡើយ ហើយ​នៅពេល​យើង​បោះ​វា​ចោល វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​ជីវិត​សត្វ​ដែល​រស់នៅ ​រួម​លោក​ជាមួយ​យើង​»​។  នេះ​ជាស​ម្តី​របស់លោក Ashley Fruno ប្រធាន​សមាគមន៍​ការពារ​សត្វ PETA ប្រាប់​ទីភ្នាក់ងារ​សារពត៌មាន AFP ។​
 
​ផលប៉ះពាល់​របស់​ម៉ាស់​លើ​ជីវិត​សត្វ ត្រូវបាន​កត់ត្រា​កាន់តែ​ញឹកញាប់​ឡើងៗ នៅ​ជុំវិញ​ពិភពលោក​។  នៅ​ម៉ាឡេស៊ី សត្វ​ស្វា Macaques ត្រូវ​ប្រទះឃើញ​កំពុង​ទំពារ​ខ្សែ​ម៉ាស់​ ដែល​មនុស្ស​បោះចោល ​នៅលើ​ភ្នំ​មួយ​ក្រៅ​រដ្ឋធានី​កូ​ឡា​ឡាំ​ពួ​។ វា​អាច​ទុកជា​គ្រោះថ្នាក់​មួយ​ធ្ងន់ធ្ងរ​ សម្រាប់​សត្វ​ស្វា​ប្រភេទ​នេះ ដែល​កំពុងតែ​ជិត​ផុត​ពូជ​។​
 
​ចំណែកឯ​នៅ​ទីក្រុង Chelmsford នៃ​ចក្រភព​អង់គ្លេស​វិញ សត្វ​រំពេ​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ ដោយ​ជើង​របស់​វា​ជំពាក់​ជាមួយ​ម៉ាស់​កញ្ចាស់​មួយ​។ ជើង​របស់​វា​ឡើង​ហើម និង​មាន​របួស​ដែល​ទំនងជា​ជាប់​ម៉ាស់​យូរថ្ងៃ​មកហើយ​។​
 
​មិន​ត្រឹម​លើគោក​ឡើយ ជីវៈចម្រុះ​ក្នុង​ទឹក ក៏​រង​ការ​គំរាម​ខ្លាំង​ដែរ​។ បើ AFP ការប៉ះពាល់​ដ៏​ខ្លាំង​អាច​កើតឡើង​ក្នុង​ទឹក ដោយសារ​កាលពី​ឆ្នាំ​២០២០ ម៉ាស់ និង​សម្លៀកបំពាក់​ការពារ​ច្រើនជាង ១,៥​ពាន់​លាន ហូរ​ចូលទៅក្នុង​មហាសមុទ្រ ដែល​បង្ក​ឲ្យ​មានការ​បំពុល​ទឹក​យ៉ាងខ្លាំង ហើយ​ជីវិត​ក្រោម​សមុទ្រ​ក៏​ជួប​ហានិភ័យ​ដែរ​។ កន្លងមក ក្រុម​អ្នក​អភិរក្ស​នៅ​ប្រេ​ស៊ី​ល​បាន​រកឃើញ​ម៉ាស់​មួយ ​នៅក្នុង​ក្រពះ​របស់​សត្វ​ភេ​ន​ឃ្វី​ន ខណៈ​ត្រី pufferfish ក៏បាន​ងាប់​ដោយ​ជាប់​ក្នុង​ម៉ាស់​នៅ​ឆ្នេរ Miami នៅ​អាមេរិក​។  ចំណែក​ក្រុម​អ្នកធ្វើ​យុទ្ធនាការ Operation Mer Propre របស់​បារាំង បាន​ប្រទះឃើញ​ក្តាម​ងាប់​ដោយ​ជាប់​នៅក្នុង​ម៉ាស់ ​នៅ​បឹង​ទឹកប្រៃ​មួយ​ ក្បែរ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ​កាលពី​ខែកញ្ញា​កន្លងទៅ​ដែរ​។​
 
​តាមពិតទៅ ដំណោះស្រាយ​ក្នុងការ​កាត់បន្ថយ​ម៉ាស់ ក៏មានដែរ​ដូចជា​ការប្រើ​ម៉ាស់​ដែល​អាច​ប្រើច្រើន​ដង និង​ការ​ទុកដាក់​ឲ្យ​មាន​របៀបរៀបរយ​។ ប៉ុន្តែ​ភាគច្រើន ​មនុស្ស​នៅតែ​ជ្រើស​ប្រើ​ម៉ាស់​ ដែល​ពាក់​បានតែ​មួយដង ​ធ្វើ​ឲ្យ​កាកសំណល់​ម៉ាស់​ មាន​កាន់តែ​ច្រើនឡើង​រាល់ថ្ងៃ​។ យុទ្ធនា​ការជំរុញ​ឲ្យ​ការ​ទុកដាក់​ម៉ាស់​មាន​របៀប​ ក្រោយ​ប្រើ​រួច ឬក៏​ផ្ដាច់​ខ្សែ​ម៉ាស់ ​ត្រូវបាន​ធ្វើជា​បន្តបន្ទាប់​ដែរ​។ 
 
​លើសពីនេះ ក្រុម​អភិរក្ស ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើន​ការផាកពិន័យ ចំពោះ​ការ​ទុកដាក់​សំរាម​មិន​ត្រឹមត្រូវ ហើយ​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ម៉ាស់​ដែល​អាច​បោក​សម្អាត​បាន ដើម្បី​ប្រើ​បាន​ច្រើនដង​៕

Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com