អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិក ចោទអ៊ីរ៉ង់ជាមូលដ្ឋានថ្មីរបស់ក្រុមអាល់កៃដា 13, Jan 2021 , 10:29 pm
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកម៉ៃ ប៉ុមប៉េអូ។រូបភាព៖ AFP
× រដ្ឋមន្ត្រីការបរទេសអាមេរិក នៅថ្ងៃទី១២ មករា អះអាងថាអ៊ីរ៉ង់ជាមូលដ្ឋានថ្មីរបស់ក្រុមភេរវកម្មអាល់កៃដា។ ដោយពុំបានលើកឡើងពីភស្តុតាងជាក់លាក់មកគាំទ្រសម្ដីរបស់ខ្លួន លោកម៉ៃ ប៉ុមប៉េអូនិយាយថាដល់ពេលដែលអាមេរិក និងប្រទេសសេរីរួមគ្នាកម្ទេចអ៊ីរ៉ង់ និងអាល់កៃដា។ ប្រមុខការទូតអ៊ីរ៉ង់ ទាត់ចោលការលើកឡើងបែបនេះ។
នៅសល់ត្រឹមតែ៨ថ្ងៃមុនរដ្ឋបាលខ្លួនអស់អាណត្តិ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បានចោទអ៊ីរ៉ង់ចំៗថា អនុញ្ញាតឲ្យក្រុមភេរវកម្មអាល់កៃដាបង្កើតមូលដ្ឋានប្រតិបត្តិការនៅក្នុងទឹកដីខ្លួន។ ប៉ុន្តែអ្នកជំនាញចារកិច្ច និងអ្នកវិភាគឯករាជ្យ ពុំសូវជាទុកជឿប៉ុន្មានឡើយពីការលើកឡើងរបស់លោកប៉ុមប៉េអូ។ ក្រុមភេរវកម្មអាល់កៃដា ជាអ្នកបើកការវាយប្រហារ ដោយបើកយន្តហោះបុកអាគារពាណិជ្ជកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
«អាល់កៃដា មានមូលដ្ឋានថ្មី នោះគឺសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់»។ នេះជាការលើកឡើងរបស់លោក ប៉ុមប៉េអូ ដោយអះអាងទៀតថា រដ្ឋាភិបាលអ៊ីរ៉ង់ផ្តល់សេរីភាពយ៉ាងពេញទីដល់មេដឹកនាំក្រុមភេរវកម្មនេះ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រមុខការបរទេសរូបនេះបន្តថា រដ្ឋាភិបាលអ៊ីរ៉ង់ផ្តល់កន្លែងស្នាក់នៅ សម្ភារ អត្តសញ្ញាណបណ្ណ និងលិខិតឆ្លងដែន ដើម្បីឲ្យក្រុមនេះអាចធ្វើសកម្មភាព និងប្រមូលផ្តុំថ្នាក់ដឹកនាំនៅក្នុងប្រទេសនេះបាន។
តបទៅនឹងការចោទប្រកាន់នេះ លោក Mohammad Javad Zarif រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា លោក ប៉ុមប៉េអូ បញ្ចប់អាជីពការទូតរបស់ខ្លួនដោយការនិយាយកុហក។ លោកថា គ្មានអ្នកណាចាញ់បោកអាមេរិក ដោយថា ភេរវករវាយប្រហារថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ មកពីអ៊ីរ៉ង់ឡើយ។ លោកថា ភេរវករវាយប្រហារអាមេរិក មកពីអារ៉ាប៊ីសាអូឌីត ទីដែលលោករដ្ឋមន្ត្រីការបរទេសអាមេរិកទៅទស្សនកិច្ចជាច្រើនដងឯណោះទេ។
ខណៈមានថ្នាក់ដឹកនាំអាល់កៃដាខ្លះរស់នៅក្នុងអ៊ីរ៉ង់នោះ អ្នកជំនាញចាត់ទុកការដែលអះអាងថាក្រុមនេះយកប្រទេសអ៊ីរ៉ង់ជាមូលដ្ឋានថ្មី ជារឿងពន្លើស។ លោក Charles Lister អ្នកវិភាគនៅវិទ្យាស្ថានមជ្ឈឹមបូព៌ា និយាយថា អ៊ីរ៉ង់ និងក្រុមអាល់កៃដាប្រៀបបានទៅនឹងសត្រូវយុទ្ធសាស្ត្រ ហើយថាការលាបពណ៌ឲ្យអ៊ីរ៉ង់ និងអាល់កៃដាជាមិត្តនឹងគ្នាជារឿងប្រឌិត។ អ៊ីរ៉ង់ជាប្រទេសកាន់សាសនាឥស្លាមនិកាយស៊ីអ៊ីត ចំណែកអាល់កៃដាកាន់និកាយស៊ូនី ជាសត្រូវមើលមុខគ្នាមិនចំតាំងតែពីដើមមក។
ការលើកឡើងរបស់លោក ប៉ុមប៉េអូ ធ្វើឲ្យសង្ស័យពីបំណងរបស់លោក។ ទីប្រឹក្សាប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន ជឿថា រដ្ឋបាលរបស់លោក ត្រាំ មានបំណងធ្វើឲ្យលោក បៃឌិន ជួបបញ្ហាស្មុគស្មាញក្នុងការសម្រួលភាពតានតឹងជាមួយអ៊ីរ៉ង់ និងចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ជាថ្មី។ ទំនាក់ទំនងអ៊ីរ៉ង់-អាមេរិក ធ្លាក់ដុនដាបខ្លាំងក្នុងឆ្នាំ២០១៨ ក្រោយលោក ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com