អន្តរជាតិ
លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ដែល​សភា​បោះឆ្នោត​ចោទប្រកាន់​ពីរដង​
14, Jan 2021 , 9:51 am        
រូបភាព
​​សភា​តំណាង​អាមេរិក នៅ​ថ្ងៃទី​១៣ ខែមករា បាន​បោះឆ្នោត​ចោទប្រកាន់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​ការ​ញុះញង់​ឲ្យ​មានការ​បះបោរ​អំឡុងពេល​ការចូល​អុកឡុក​វិមាន​សភា​ដោយ​អ្នកគាំទ្រ​របស់លោក​កាលពី​សប្ដាហ៍​មុន​។ លោក ត្រាំ ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ​ហើយ​ដែល​ត្រូវបាន​សភា​ចោទប្រកាន់​ដល់​ទៅ​ពីរដង​បែបនេះ​។ វាសនា​របស់​របស់លោក ត្រាំ ក៏​កំពុង​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ខណៈ​អាណត្តិ​លោក​សល់​៦​ថ្ងៃ​ទៀត​។​
 
​ដោយ​សំឡេង​២៣២​ទល់នឹង​១៩៧ សភា​តំណាង​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ បាន​បោះឆ្នោត​អនុម័ត​មាត្រា​ចោទប្រកាន់​លើ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពីបទ​ញុះញង់​ឲ្យ​មានការ​បះបោរ​។ ដំណើរការ​ចោទប្រកាន់​លើក​ទី​ពីរ​នេះ ធ្វើឡើង​យ៉ាង​រហ័ស​បំផុត​ខុសពី​ដំណើរ​ការលើក​មុន​ដែល ត្រាំ រួចខ្លួន​នៅ​ដំណាក់កាល​ព្រឹទ្ធសភា​។​
 
​លើក​នេះ លោក ត្រាំ ជា​អ្នកយក​ភ្លើង​ដាក់ខ្លួន បន្ទាប់ពី​លោក​អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​សម្រុក​ទៅ​វិមាន​កា​ពី​តូ​ល​នៅ​ថ្ងៃទី​៦ ខែមករា ទី​ដែល​សមាជិកសភា​ទាំងពីរ​កំពុង​ប្រជុំ​ដើម្បី​ទទួលស្គាល់​ជ័យជម្នះ​លោក ចូ បៃ​ឌិន ។ ក្រុម​កុបករ​គាំទ្រ​លោក ត្រាំ បាន​ចូល​អុកឡុក​អគារ​វិមាន​សភា ដែល​បង្ខំ​ឲ្យ​សមាជិកសភា​ត្រូវ​ជម្លៀស​ខ្លួន​ភ្លាមៗ​។ មនុស្ស​៥​នាក់ បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ ហើយ​បក្ស​ប្រជាធិបតេយ្យ​ក៏​ចាប់ផ្ដើម​គិតគូរ​រឿង​ដកតំណែង​លោក ត្រាំ តែម្ដង​។​
 
​មុន​ការបោះឆ្នោត ប្រធានសភា​តំណាង ណាន់​ស៊ី ផេ​ឡូ​ស៊ី បាន​បន្ត​រិះគន់​លោក ត្រាំ ដោយ​ចោទថា លោក​ញុះញង់​ឲ្យ​មាន​បះបោរ និង​សកម្មភាព​ឧទ្ទាម​ប្រដាប់អាវុធ​ប្រឆាំង​ប្រទេស​។ ប៉ុន្តែ​ប្រធាន​មតិ​ភាគតិច Kevin McCarthy និយាយថា ខណៈ​លោក ត្រាំ សក្តិសម​នឹង​ទទួល​ការត្រួតពិនិត្យ​នោះ ការចោទប្រកាន់​ដ៏​រហ័ស​នឹងធ្វើ​ឲ្យ​ប្រទេស​កាន់តែ​បែកបាក់​។ ក្នុងការ​បោះឆ្នោត​នេះ សមាជិក​បក្ស​សាធារណរដ្ឋ​១០​នាក់ បោះឆ្នោត​គាំទ្រ​។​
 
​នីតិវិធី​បន្ទាប់ គឺ​សភា​តំណាង​បញ្ជូន​មាត្រា​ចោទប្រកាន់​នេះ​ទៅ​ព្រឹទ្ធសភា ដែល​នឹង​ដើរតួ​ជា​អង្គជំនុំជម្រះ​។ ខណៈ​ជិត​មួយ​ឆ្នាំមុន​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​មិន​ដកតំណែង​នោះ លើក​នេះ​ក៏​ទំនង​ដូចគ្នា​ដែរ​។ ម្យ៉ាង​អាណត្តិ​របស់លោក ត្រាំ នៅសល់តែ​៦​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ម្យ៉ាង​នីតិវិធី​ក៏ត្រូវ​ចំណាយពេល​ដេរ​។ ប្រធាន​សំឡេង​ភាគច្រើន​ព្រឹទ្ធសភា Mitch McConnell និយាយថា ព្រឹទ្ធសភា​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​កាត់ក្ដី​លោក ត្រាំ ឡើយ ព្រោះ​មិន​ស្ថិតក្នុង​សម័យប្រជុំ​ឡើយ​។​
 
​ដោយសារ​ពេលវេលា​ក្ដី​បែបនេះ សំណួរ​ក៏​លេចឡើង​ថា តើ​លោក ត្រាំ អាច​ត្រូវ​កាត់ក្ដី​ក្រោយ​អស់អំណាច​ឬទេ​? លោក McConnell អះអាងថា លោក​មិនទាន់​សម្រេចចិត្ត​នៅឡើយ​ទេ ហើយ​រង់ចាំ​ស្ដាប់​យោបល់​របស់​អ្នកច្បាប់​សិន​។​
 
​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក មិនដែល​មាន​ឡើយ​ការ​ជម្រះក្ដី​ប្រធានាធិបតី​ដែល​ផុត​អាណត្តិ​។ ប្រធានាធិបតី​បីនាក់​កន្លង​ដែល​ត្រូវ​ចោទប្រកាន់ ក៏​មិនដែល​ជួប​រឿង​បែបនេះ​ដែរ​។ ចំណែក​អ្នកច្បាប់​អាមេរិក​ខ្លះ​ក៏​ជឿថា ព្រឹទ្ធសភា​មិនអាច​កាត់ក្ដី​ប្រធានាធិបតី​ចប់​អាណត្តិ​ឡើយ​។ ប៉ុន្តែ​កន្លងមក ព្រឹទ្ធសភា​អាមេរិក​ធ្លាប់​កាត់ក្ដី​អតីត​សមាជិក​ព្រឹទ្ធសភា និង​ចៅក្រម​ដែលមាន​កំហុស​ដែរ​។​
 
​ក្នុងករណី​មាន​សវនាការ​ក្រោយ​ថ្ងៃទី​២០ ខែមករា បក្ស​សាធារណរដ្ឋ​លែង​កាន់កាប់​ព្រឹទ្ធសភា​ទៀតហើយ​។ ការងារ​ធ្ងន់​នឹង​ធ្លា​ក់លើ​បក្ស​ប្រជាធិបតេយ្យ​ដែល​ចូល​គ្រប់គ្រង​ព្រឹទ្ធសភា ហើយ​ដើម្បី​ដាក់ទោស​លោក ត្រាំ បក្ស​នេះ​ត្រូវ​អូសទាញ​សមាជិក​មកពី​សាធារណ​រដ្ឋ​យ៉ាងហោចណាស់​១៧​នាក់​ទៀត​។ មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា Chuck Schumer និយាយថា លោក ត្រាំ នឹងមិន​ត្រឹមតែ​ត្រូវ​កាត់ទោស​កំហុស​ញុះញង់​ឡើយ តែ​ត្រូវ​កាត់ទោស​ដើម្បី​ហាម​មិន​ឲ្យ​ឈរឈ្មោះ​តំណែង​នយោបាយ​លើក​ក្រោយៗ​ទៀតផង​៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com