ពីនេះ ពីនោះ
សុខភាព
ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ស្តាប់ទៅ​គួរ​ឲ្យ​ខ្លាច មាន​ដឹងថា​វា​មាន​រោគសញ្ញា​អ្វីខ្លះ​ទេ​?
15, Jan 2021 , 6:59 am        
រូបភាព
​នៅ​ប្រទេស​កម្ពុជា​យើង ការកើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនសូវ​ល្បី​ដូច​ជំងឺ​ខ្លាញ់​រុំ​បេះដូង​ទេ ប៉ុន្តែ​ជំងឺ​នេះ​កំពុងតែ​កើនឡើង​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក​។ វា​គឺជា​ជំងឺ​មួយ​ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ជំងឺ​ធាត់​ជ្រុល និង​ការ​ស៊ាំ​របស់​អាំង​ស៊ុយ​លីន​។ បើសិនជា​ជំងឺ​នេះ​មិន​ត្រូវបាន​រកឃើញ​ក្នុងដំណាក់កាល​ដំបូង​ទេ វា​ប្រហែលជា​អាច​ក្លាយទៅជា​ជំងឺថ្លើម​ធ្ងន់ធ្ងរ និង​បញ្ហា​សុខភាព​ផ្សេងៗ​ទៀត​បាន​។​
 
​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​បង្កឡើង​ដោយសារតែ​ការ​កកកុញ​ខ្លាញ់​ច្រើន​ក្នុង​កោសិកា​ថ្លើម​។ ថ្លើម​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ខ្លាញ់​សុទ្ធ​បើសិនជា​កោសិកា​របស់​វា​មាន​ជាតិ​ខ្លាញ់​ច្រើនជាង ៥​ភាគរយ​។ មូលហេតុ​ដ៏​ចំបង​របស់​ជំងឺ​នេះ​គឺ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ប៉ុន្តែ​វា​ក៏​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​ទៀត​ដែរ​។ ករណី​មួយទៀត​គឺថា វា​ជា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដោយសារ​មិនមែន​គ្រឿង​ស្រវឹង (Non-alcoholic Fatty Liver Disease, NAFLD) ដែល​វា​ច្រើនតែ​កើត​ឡើងជា​ញឹកញាប់​លើ​មនុស្ស​ធំ​ទាំង​ពីរភេទ និង​ក្មេងៗ​នៅ​ប្រទេស​លោកខាងលិច​។​
 
​ស្ថិតក្នុង​ករណី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ប្រភេទ NAFLD គឺជា​ដំណាក់កាល​ដំបូង ដែល​វា​អាច​វិវត្តន៍​ទៅជា​ធម្មតា​វិញ​បាន​បើសិនជា​ព្យាបាល​ទាន់ពេលវេលា​។ ប៉ុន្តែ​បើសិនជា​មិន​រកឃើញ​ទាន់ពេលវេលា​ទេ វា​អាច​វិវត្តន៍​ទៅជា​អាកា​រៈ​មួយ​ធ្ងន់ធ្ងរ​បាន​ឈ្មោះថា Non-alcoholic Steatohepatitis (NASH) ដែលជា​ស្ថានភាព​ជំងឺ​មួយ​ប្រភេទ​មានការ​ប្រមូលផ្តុំ​ខ្លាញ់​យ៉ាងច្រើន និង​ការ​រលា​កលើ​ថ្លើម ដែលជា​ហេតុ​នាំ​ឲ្យ​កោសិកា​ថ្លើម​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ការខូចខាត​នេះ​នឹងធ្វើ​ឲ្យ​កើតជា​សម្លាក​ដល់​ជាលិកា​ថ្លើម និង​ចុងក្រោយ​អាច​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម ឬ​មហារីក​ថ្លើម​ខ្ពស់​។​
 
​ចំពោះ​រោគសញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​វិញ​មានដូចជា​៖
 
​អស់កម្លាំង​
​កម្រិត​អាំង​ស៊ុយ​លីន ខ្លាញ់ Triglycerides និង​អង់ស៊ីម​ថ្លើម​កើនឡើង​
​ឈឺចាប់​តិចតួច​នៅ​កណ្តាល​ពោះ ឬ​ផ្នែក​ខាងស្តាំ​នៃ​ពោះ​
​នៅពេល​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​វិវត្តន៍​ទៅជា NASH រោគសញ្ញា​របស់​វា​អាចមាន​ដូចជា ក្អួតចង្អោ ឈឺពោះ​មធ្យម​ឬ​ខ្លាំងក្លា ភ្នែក​និង​ស្បែក​ទៅជា​លឿង និង​មិន​ឃ្លាន​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com