អន្តរជាតិ
អង្គការសហប្រជាជាតិ​ថ្កោលទោស​ការបង្ក្រាប​សេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅ​វៀតណាម​
14, Jan 2021 , 7:59 pm        
រូបភាព
ដោយ: VOA
​ការផ្តន្ទាទោស​ទៅលើ​អ្នកសារព័ត៌មាន​ឯករាជ្យ​ចំនួន​បីនាក់ កាលពីដើម​ខែមករា គឺជា​ឧទាហរណ៍​ចុងក្រោយ​នៃ​ភាព​កាន់តែ​សឹក​រិច​រិល​នៃ​សេរីភាព​នៅក្នុង​ការបញ្ចេញ​មតិ​នៅ​ប្រទេស​វៀតណាម​។ អ្នកសារព័ត៌មាន​ជា​បុរស​ទាំងបី​នាក់​នេះ ត្រូវបាន​រកឃើញថា មានទោស​ពីបទ​បំពាន​សន្តិសុខ​ជាតិ និង​ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រហូតដល់ ១៥​ឆ្នាំ​។​
 
​អ្នកនាំពាក្យ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​អ្នកស្រី Ravina Shamdasani និយាយថា អ្នកសារព័ត៌មាន​ឯករាជ្យ អ្នកសរសេរ​ប្លុក អ្នក​បញ្ចេញមតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​សកម្មជន​សិទ្ធិមនុស្ស ត្រូវបាន​ចាប់ខ្លួន​ផ្អែកលើ​ច្បាប់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។​
 
​ចំពោះ​ករណី​អ្នកសារព័ត៌មាន​ដែល​ត្រូវបាន​ផ្តន្ទាទោស​នាពេល​ថ្មីៗ​នេះ អ្នកស្រី​បានលើកឡើង​ថា បុរស​ទាំងបី​នាក់​នេះ​ត្រូវ​បានដាក់​ឃុំខ្លួន​អស់​រយៈពេល​យ៉ាងយូរ​មុន​សវនាការ​។ អ្នកស្រី​បាន​បន្ថែមថា មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ផងដែរ​ថា សិទ្ធិ​របស់​ពួកគេ​នៅក្នុង​ការទទួលបាន​ស​វនា​ការ​ប្រកបដោយ​យុត្តិធម៌ គឺ​មិន​ត្រូវបាន​គោរព​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​ពួកគេ​ត្រូវបាន​ឃុំខ្លួន​ដោយ​មិន​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ខាងក្រៅ​។ ពួកគេ​មិនអាច​ជួប​គ្រួសារ​។ ពួកគេ​មិនអាច​ស្វែងរក​មេធាវី​។​... ហើយ​នៅក្នុង​ករណី​ដទៃទៀត យើង​ឃើញ​មានការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ដាក់ ហើយ​យើង​ក៏​ឃើញថា មាន​បុគ្គល​ត្រូវការ​ជំនួយ​ផ្នែក​សុខាភិបាល ដែល​មិន​ត្រូវបាន​គេ​គិតគូរ​នោះទេ​»​។​
 
​អ្នកស្រី Shamdasani ក៏បាន​បង្ហាញ​ក្តីកង្វល់​ផងដែរ​ថា រាល់​បុគ្គល​ណា​ដែល​ព្យាយាម​សហការ​ជាមួយនឹង​កា​រិ​យ​ល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​រង​ការគំរាមកំហែង និង​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​ដាក់​។ អ្នកស្រី​បន្តថា ការណ៍​នេះ​រារាំង​ពួកគេ​ពី​ការ​សហប្រតិបត្តិការ​ជាមួយនឹង​អង្គការសហប្រជាជាតិ និង​ចែករំលែក​ព័ត៌មាន​ពី​បញ្ហា​សិទ្ធិមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖ «​ឥឡូវនេះ របៀប​នៃ​ការប្រព្រឹត្ត​អំពើ​មិន​គប្បី​និង​ការគំរាមកំហែង​ដែល​ពួកគេ​ប្រឈមមុខ​រួមមាន ការ​បៀតបៀន ការដាក់​បម្រាម​លើ​ការធ្វើដំណើរ ការបាត់បង់​ការងារ ការវាយប្រហារ​លើ​រូបរាងកាយ ក៏ដូចជា​ការចាប់ខ្លួន​ការឃុំខ្លួន និង​ការធ្វើ​ទារុណកម្ម​។ ដូច្នេះ វា​សំខាន់​ដែល​ពួកយើង​ត្រូវ​បង្ហាញ​ការព្រួយបារម្ភ​លើ​បញ្ហា​នេះ​»​។​
 
​អ្នកស្រី Shamdasani បាន​បន្ថែមថា ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បន្ត​លើកឡើង​ពី​ករណី​ទាំងនេះ​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម ដោយ​អំពាវនាវ​ឲ្យ​មានការ​បញ្ឈប់​ការចោទប្រកាន់​មកលើ​ពលរដ្ឋ​ពី​ការប្រើប្រាស់​សិទ្ធិ​របស់​ពួកគេ នៅក្នុង​ការបញ្ចេញមតិ​។​
 
​អ្នកស្រី​បាន​បន្ថែមថា ពលរដ្ឋ​គួរតែ​អាច​ប្រើប្រាស់​នូវ​សិទ្ធិ​របស់​ពួកគេ​ដោយ​មិន​ភ័យខ្លាច​ពី​ការ​សងសឹក​នោះទេ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com