កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​បិទ​ការចុះឈ្មោះ ទោះ​ផ្លាស់ប្តូរ​ពី​រត់​ជុំគ្នា​ទៅ​រត់​ខ្លួនឯង​
14, Jan 2021 , 7:29 pm        
រូបភាព
ដោយ:
​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ បានសម្រេច​លុបចោល​កា​រ​រត់​ជុំគ្នា​នៅ​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប មក​រត់​ស្ម័គ្រចិត្ត​ខ្លួនឯង​(Virtual Run)​នៅតាម​ទីតាំង ដែល​អត្ត​ព​លិ​ក​ចូលចិត្ត​។ ទោះបី​មានការ​កែប្រែ​បែបនេះ​ក៏ដោយ ក៏​គណៈកម្មការ​រៀបចំ​បាន​បិទ​ការចុះឈ្មោះ មិន​ឲ្យ​មាន​អ្នកចូលរួម​បន្ថែម​នោះទេ​។
 
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២១ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្រេច​កែប្រែ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​ចក្រភព​ខ្មែរ ពី​រត់​ជុំគ្នា​នៅ​ប្រាសាទអង្គរវត្ត​ខេត្តសៀមរាប ដោយ​តម្រូវ​ឲ្យ​អត្ត​ព​លិ​ក​រត់​ស្ម័គ្រចិត្ត​ដោយ​ខ្លួនឯង​នៅតាម​ទីតាំង​រៀងៗ​ខ្លួន​។ ការ​រត់តាម​ទម្រង់​ថ្មិ​នេះ គឺ​អត្ត​ព​លិ​ក​រត់​ដោយ​ប្រើ App ManulifeMove ដើម្បី​វាស់​ល្បឿន និង​កត់ត្រា​រយៈពេល​តា​ម​ប្រភេទ​វិញ្ញាសា​នីមួយៗ​។​
 

​មូលហេតុ ដែល​ជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ​សម្រេច​ផ្លាស់ប្តូរ​បែបនេះ គឺ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំ​ងឹ​កូ​វីដ​-១៩​។ «​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅតែមាន​វត្ត​មាននៅ​កម្ពុជា និង​រីក​រាលដាល​ខ្លាំង​នៅក្នុង​តំបន់​និង​លើ​ពិភពលោក​នៅឡើយ ដូច្នេះ​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​កីឡាករ​កីឡាការិនី គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួងទេសចរណ៍ សូម​ផ្លាស់ប្តូរ​ការរត់​ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​នៅ​អង្គរ មក​រត់​ដោយ​ស្ម័គ្រចិត្ត​ខ្លួនឯង Virtual Run វិញ​»​។ នេះ​ជាការ​លើកឡើង​របស់ NOCC​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​មានប្រសាសន៍ថា ទោះបី​មានការ​ផ្លាស់ប្តូរ​បែបនេះ​ក៏ដោយ តែ​គណៈកម្មការ​រៀបចំ​មិន​បើក​ឲ្យ​មានការ​ចុះឈ្មោះ​ចូលរួម​បន្ថែម​ពី​អត្ត​ព​លិ​ក​នោះទេ​។ លោក​អះអាងថា ការធ្វើ​បែបនេះ ដោយសារ​គណៈកម្មការ​បារម្ភ​ខ្លាច​អត្ត​ព​លិ​ក​ប្រមូលផ្តុំ​គ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​អាច​បង្កក្តី​បារម្ភ​ពាក់ព័ន្ធ​ជំងឺ​កូ​វីដ​-១៩​។ 


 
​ជាមួយគ្នានេះ លោក សុំ​ការយោគយល់​និង​អធ្យាស្រ័យ​ពី​អត្ត​ព​លិ​ក​ដែល​បាន​ចុះឈ្មោះ​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នេះ ចំពោះ​ការលើក​ពេល​រៀបចំ និង​កែប្រែ​ការរត់​នៅពេលនេះ​។ លោក​អះអាងថា គណៈកម្មការ​រៀបចំ​មិន​ចង់​ធ្វើបែបនេះ​នោះទេ តែដោយសារ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ បង្ខំ​។ 
 
​តាម​គម្រោង​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​មួយ​នេះ​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០​។ ប៉ុន្តែ​ត្រូវបាន​ពន្យា​ពេល​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដែល​សំដៅលើ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។ ព្រឹត្តិការណ៍​ធ្វើឡើង​រៀងរាល់​ឆ្នាំនេះ រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​ស្វែងរក​ជំនួយ​សប្បុរសធម៌​ជួយ​ដល់​ជនពិការ និង​មន្ទីរពេទ្យ​កុមារ​អង្គរ​៕  




 
 
 

Tag:
 ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ​
  វ៉ា​ត់ ចំរើន​
  សៀមរាប​
  អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com