COVID-19
អន្តរជាតិ
ចិន ប្តេជ្ញា​ជួយ​ឥណ្ឌូណេស៊ី​ឲ្យ​ក្លាយជា​កន្លែង​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រចាំ​អាស៊ីអាគ្នេយ៍​
14, Jan 2021 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Masurdi ជល់កែងនឹងរដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី។ រូបថតពី Twitter លោកស្រី Masurdi
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Masurdi ជល់កែងនឹងរដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន លោក វ៉ាង យី។ រូបថតពី Twitter លោកស្រី Masurdi
ដោយ:
​ចិន បានប្រកាស​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​ធ្វើការ​ជាមួយ​ឥណ្ឌូណេស៊ី​ក្នុងការ​គាំទ្រ​ប្រទេស​នេះ​ឲ្យ​ក្លាយជា​កន្លែង​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​។ ការប្រកាស​នេះ​ធ្វើឡើង​អំឡុង​ទស្សនកិច្ច​រដ្ឋមន្ត្រីការបរទេស​ចិន​នៅ​ទីក្រុង​ហ្សា​ការ​តា​។ ដូចគ្នានេះដែរ ចិន​អះអាងថា នឹង​បន្ត​ការវិនិយោគ និង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេបង្អស់​ក្នុង​តំបន់ ដើម្បី​ព​ន្លឿ​ន​ការ​ស្រោចស្រង់​សេដ្ឋកិច្ច​ក្រោយ​ជំងឺ​កូ​វីដ​-១៩​។​
 
​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​ចិន ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រយៈពេល​៥​ថ្ងៃ ពោលគឺ​ពីថ្ងៃ​ទី​១១ ដល់​ខែ​១៦​មករា​។ ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា លោក វ៉ាង ក៏​បន្តដំណើរ​ទៅកាន់​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៣​មករា​។ 
 
«​ចិន ត្រៀមខ្លួន​ក្នុងការ​បន្ត​កិច្ចសហប្រតិបត្តិការ​ផលិត​វ៉ាក់សាំង​ជាមួយ​ឥណ្ឌូណេស៊ី និង​ជួយ​ឥណ្ឌូណេស៊ី​ឲ្យ​ក្លាយជា​ប្រទេស​ផលិត​វ៉ាក់សាំង​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​»​។ នេះ​ជាការ​លើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​វ៉ាង យី និង​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី​លោកស្រី Retno Marsudi ក្រោយ​ជំនួប​នៅ​ថ្ងៃ​ដដែល​។​
 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​ឥណ្ឌូណេស៊ី លោក វ៉ាង និយាយថា បើ​ទោះ​តម្រូវការ​វ៉ាក់សាំង​មានការ​កើនឡើង​ក្តី ចិន​មិន​ស្ទាក់ស្ទើរ​ឡើយ​ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ឥណ្ឌូណេស៊ី​។ នេះ​យោងតាម​សារព័ត៌មាន​សិង្ហ​បុរី The Strait Times​។​
 
​ឥណ្ឌូណេស៊ី ជា​ប្រទេសមួយ​ដែល​ទទួល​សាកល្បង​វ៉ាក់សាំង​ក្រុមហ៊ុន​ចិន Sinovac ដែល​លទ្ធផល​បង្ហាញថា មាន​ប្រសិទ្ធភាព​៦៥​ភាគរយ ហើយ​នៅ​សប្ដាហ៍​នេះ ឥណ្ឌូណេស៊ី​ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​វ៉ាក់សាំង CoronaVac របស់ Sinovac តែម្ដង​។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ ជា​អ្នកទទួល​វ៉ាក់សាំង​នេះ​មុនគេ​នៅ​ថ្ងៃទី​១៣ ខែមករា ដែលជា​ការចាប់ផ្ដើម​ក​ម្ម​វិធី​ចាក់​វ៉ាក់សាំង​នៅ​ប្រទេស​នេះដែរ​។ គិត​ត្រឹម​ថ្ងៃទី​១២ មករា ឥណ្ឌូណេស៊ី​ទទួលបាន​វ៉ាក់សាំង​ចំនួន​១៨​លាន​ដូ​ស​ពី​ចិន​។​
 
​បើទោះបីជា​ចាប់ដៃ​សហប្រតិបត្តិការ​គ្នា​រឿង​វ៉ាក់សាំង​ក្តី ឥណ្ឌូណេស៊ី​ក៏​មិន​ភ្លេច​រំឭក​ចិន​ពី​បញ្ហា​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ឡើយ ជាពិសេស​លើ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​។ លោកស្រី Retno និយាយថា ដើម្បី​ទប់​នឹង​បញ្ហា​ខាងលើ ប្រជាជាតិ​នីមួយៗ​ត្រូវគោរព និង​អនុវត្តតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​(UNCLOS)​។​
 
​ពាក់ព័ន្ធ​ទស្សនកិច្ច​នៅ​មី​យ៉ាន់​ម៉ា​វិញ ដំណើរ​ទៅដល់​របស់​រដ្ឋមន្ត្រីការបរទេស​ចិន ជា​ទស្សនកិច្ច​ដំបូង​បំផុត​របស់​ថ្នាក់ដឹកនាំ​បរទេស​ក្រោយ​ការបោះឆ្នោត​សាកល ដែល​បក្ស​កាន់អំណាច​ឈ្នះ​អាណត្តិ​ទី​ពីរ​។ ក្នុងជំនួប​ជាមួយ​លោក U Win Myint ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក វ៉ាង អះអាងថា​នឹង​ផ្តល់ជំនួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ រួមមាន​ការផ្តល់​វ៉ាក់សាំង ការធ្វើ​តេស្ត ក៏ដូចជា​សន្យា​ជួយផ្តល់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​នាពេលខាងមុខ​ផងដែរ​។​
 
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​សុខាភិបាល​មី​យ៉ាន់​ម៉ា​កំពុង​ជួប​បញ្ហា​ប្រឈម​ក្នុងការ​ទប់ស្កាត់​ករណី​ឆ្លង​ក្នុងប្រទេស​។ គិត​ត្រឹម​ថ្ងៃទី​១៤ មករា មី​យ៉ាន់​ម៉ា មាន​អ្នក​ឆ្លង​សរុប​ចំនួន​១៣២,២៦០​នាក់ ស្លាប់​ចំនួន​២,៩០២​នាក់ និង​ជាសះស្បើយ​ចំនួន​១១៥,៦២១​នាក់​។​
 
​មី​យ៉ាន់​ម៉ា ក្នុង​ឆ្នាំ​២០២១ កាន់តំណែង​ជា​ប្រទេស​សម្របសម្រួល​ទំនាក់ទំនង​ចិន​-​អាស៊ាន សហប្រធាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡា​ឆាង ក៏ដូចជា​សហប្រធាន​នៃ​កិច្ចពិភាក្សា​ស្តីពី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​៕
 
 

Tag:
 ​ចិន​
 ​ឥណ្ឌូណេស៊ី​
 ​មី​យ៉ាន់​ម៉ា​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com