កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ខ្សែការពារ Man City រិះគន់​គ្រូ​បរទេស​ទៅ​ដឹក​នាំនៅ​ចិន «​ដើម្បី​តែ​លុយ​»
14, Jan 2021 , 9:59 pm        
រូបភាព
Sun Jihai អតីត​ខ្សែការពារ​ក្រុម Manchester City បាន​ចោទប្រកាន់​គ្រូបង្វឹក​កីឡាបាល់ទាត់​បរទេស​ដែល​ទៅ​ដឹកនាំ​នៅ​ចិន គ្រាន់តែ​ដើម្បី​លុយ​ប៉ុណ្ណោះ​។ Sun អះអាងថា ពួកគេ​ធ្វើការ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការនាំ​ប្រទេស​នេះ​សម្រេច​ក្តី​សុបិន​ទៅកាន់​ការប្រកួត​បាល់ទាត់​ពិភពលោក World Cup​។​

​ការលើកឡើង​របស់ Jihai បែបនេះ​កើតឡើង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ក្លិប Beijing Guoan នៃ​លី​គ​កំពូល​ចិន Chinese Super League តែងតាំង​លោក Slaven Bilic ដែល​ទើប​បញ្ចប់​តំណែង​ពី​អ្នកចាត់ការ West Bromwich ជា​គ្រូបង្វឹក​ថ្មី​។ ជាមួយ​ការមកដល់​ទឹកដី​ចិន គ្រូ​សញ្ជាតិ​ក្រូ​អាស៊ី​នេះ​បាន​និ​យា​ថា «​ទឹក​លុយ​» បាន​ដើរតួ​ក្នុង​ផ្នែក​មួយ​សំខាន់​នៃ​ការផ្លាស់ប្តូរ​។​
Bilic បាន​ក្លាយជា​គ្រូបង្វឹក​ក្រៅប្រទេស​ចុងក្រោយបង្អស់​នៅ CSL បន្ទាប់ពី Fabio Cannavaro គ្រូ Guangzhou Evergrande និង Rafael Benitez ដែល​កំពុង​ដឹកនាំ Dalian Pro​។​
 
Jihai វ័យ​៤៣​ឆ្នាំ​ដែល​លេង​ជា​ខ្សែការពារ​ឲ្យ Man City ចន្លោះ​ឆ្នាំ ២០០២ ដល់ ២០០៨ បាន​និយាយ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​នៅ​សប្តាហ៍​នេះ​ថា​៖ «​គ្រូបង្វឹក​បរទេស​មក​ប្រទេស​ចិន​ក្នុង​គោលបំណង​សាមញ្ញ​បំផុត​គឺ​មើល​លើ​ប្រាក់ខែ​។ បើ​មិន​ដូច្នោះ​ទេតើ​ពួកគេ​មក​ដើម្បី​អ្វី​? តើ​ពួកគេ​ចង់​ធ្វើ​ឲ្យ​កម្រិត​បាល់ទាត់​ចិន​ប្រសើរ​ជាង​មុន​មែនឬ​? តើ​ពួកគេ​បានសម្រេច​អ្វីខ្លះ​ហើយ​?»​។​
 
​យ៉ង​ណាក៏ដោយ បើទោះជា​ការវាយតម្លៃ​នេះ​ភ្ជាប់​នឹង​ពាក្យរិះគន់​យ៉ាងខ្លាំង​ក្តី ប៉ុន្តែ Sun ដែល​ធ្លាប់​លេង​ឲ្យ Crystal Palace និង Sheffield United ដែរនោះ សារភាពថា​ប្រសិន​លោក​ជា​គ្រូបង្វឹក​វិញ​ក៏​ធ្វើបែបនេះ​ដែរ​។ កីឡាករ​រូបនេះ​បន្តថា​៖«​បើ​ខ្ញុំ​ជា​គ្រូបង្វឹក​ខ្ញុំ​ក៏​នឹងធ្វើ​ដូចគ្នា​អ៊ឺ​ចឹ​ង​ដែរ​។ មនុស្ស​ល្ងីល្ងើ​ហើយ​មាន​លុយ​ច្រើន ហេតុអ្វី​មិន​ធ្វើ​នោះ​»​។​
 
​ដូច​បានដឹង​ស្រាប់​ហើយ លី​គ​កំពូល​ចិន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទទួលបាន​កេរ្តិ៍ឈ្មោះ​គួរកត់សម្គាល់ ដ្បិត​ក្លិប​អ្នកមាន​មួយចំនួន​បាន​ចំណាយ​ប្រាក់​ច្រើនសន្ធឹក​ដើម្បី​ទិញ​កីឡាករ​លំដាប់​កំពូលៗ​ទៅ​រួម​ក្រុម​ដែល​ភាគច្រើន​ជា​ខ្សែប្រយុទ្ធ​។ យ៉ាងណាក៏ដោយ ការធ្វើ​បែបនេះ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ចំណាយ​ខ្ជះខ្ជាយ បើ​ធៀប​នឹង​ក្លិប​នៅ​តំបន់​អឺរ៉ុប​។​
 
Sun មើលឃើញថា ក្លិប​នៅ​ប្រទេស​ចិន​ដែល​ចំណាយលុយ​ច្រើន ផ្តោតលើ​តែ​តំបន់​ប្រយុទ្ធ តែ​ការពារ​ពួកគេ​មិនសូវ​ខ្វល់​ឡើយ​។ ជុំវិញ​ករណីនេះ អតីត​ក្រុម​ជម្រើស​ជាតិចិន​រូបនេះ​ហ៊ាន​អះអាងថា នេះ​មិនមែនជា​បាល់ទាត់​ទេ ហើយ​នេះ​ក៏​មិនមែនជា​ទិសដៅ​ដែល​នាំ​ឲ្យ​មានការ​អភិវឌ្ឍន៍​បាល់ទាត់​ក្នុងប្រទេស​ចិន​នោះដែរ​៕

Tag:
 ចិន​
  Sun Jihai
© រក្សាសិទ្ធិដោយ thmeythmey.com