អន្តរជាតិ
តុលាការ​កំពូល​កូរ៉េខាងត្បូង ឲ្យ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ជាប់ពន្ធនាគារ​២០​ឆ្នាំ​
14, Jan 2021 , 3:55 pm        
រូបភាព
អ្នកគាំទ្រអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ។ រូបថត AFP
អ្នកគាំទ្រអតីតប្រធានាធិបតី ប៉ាក ហ្គឺនហេ ។ រូបថត AFP
ដោយ:
​តុលាការ​កំពូល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៤ មករា រក្សា​សេចក្តីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ដែល​កាត់ក្ដី​ឲ្យ​អតីត​ប្រធានាធិបតី ផាក ហ្គឺ​ន​ហេ ជាប់ពន្ធនាគារ​២០​ឆ្នាំ​។ ការសម្រេច​ក្តី​ចុងក្រោយ​ដោយ​តុលាការ​នេះ ជាការ​បញ្ចប់​រឿងអាស្រូវ​នយោបាយ​ធំ​បំផុត​នៅ​កូរ៉េខាងត្បូង​។​
 
​លោកស្រី ផាក ហ្គឺ​ន​ហេ ត្រូវបាន​សភា​ទម្លាក់​ពី​តំណែង​ក្នុង​ឆ្នាំ​២០១៧ ដោយសារតែ​លោកស្រី​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿងអាស្រូវ​រំលោភ​អំណាច និង​ពុករលួយ​ទទួល​សំណូក​។ លោកស្រី​រង​ការចោទប្រកាន់​ពីបទ​រួមគំនិត ជាមួយ​លោកស្រី​Choi Soon-sil ដែលជា​មនុស្ស​ជំនិត​ក្នុងការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ធំៗ​ដូចជា Samsung និង Lotte ឲ្យ​ឧបត្ថម្ភ​ប្រាក់​ចំនួន​៧៧​ពាន់​លាន​វុន​(៧០​លាន​ដុល្លារ​) ដល់​មូលនិធិ​ចំនួន​២​ក្រោម​ការគ្រប់គ្រង​រប​ស់លោក​ស្រី​Choi​។​
 
​បន្ថែម​ពីនេះ លោកស្រី​ផាក​ត្រូវ​ជាប់ចោទ​ក្នុង​ឆ្នាំ​២០១៨ ពី​ការទទួលប្រាក់​ចំនួន​៣,៥​ពាន់​លាន​វុន​(៣,១៧​លាន​ដុល្លារ​) ពី​អតីត​ប្រធាន​ចារកិច្ច​ជាតិ​ចំនួន​៣​រូប ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៦​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​របស់​តុលាការ​កំពូល​កូរ៉េខាងត្បូង ចៅក្រម​អះអាងថា លោកស្រី​ពុំបាន​បំពេញ​កាតព្វកិច្ច​ស្របតាម​រដ្ឋធម្មនុញ្ញ​ក្នុងនាម​ជា​ប្រធានាធិបតី តែ​ក៏​មិនបាន​ប្រើ​ប្រាក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ លោកស្រី ផាក ពហិការ​មិន​ចូលរួម​សវនាការ ដោយ​អះអាងថា លម្អៀង​ប្រឆាំង​លោកស្រី​។ ចុងក្រោយ តុលាការ​កំពូល​សម្រេច​រក្សា​ការអនុវត្ត​ទោស​របស់​លោកស្រី ផាក ចំនួន​២០​ឆ្នាំ​ដដែល​។​
 
​ការជំនុំជម្រះ​នៅ​តុលាការ​កំពូល ធ្វើឡើង​តាម​បណ្ដឹង​របស់​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង ដែល​ប្ដឹង​ជំទាស់​ការសម្រេច​របស់​តុលាការក្រុង​សេ​អ៊ូ​ល​។ ពីដំបូង តុលាការ​ឧទ្ធរណ៍​កាត់ក្ដី​ឲ្យ​លោកស្រី ផាក ជាប់ពន្ធនាគារ​សរុប​៣០​ឆ្នាំ ក្នុង​សំណុំរឿង​បំពាន​អំណាច និង​ស៊ីសំណូក ហើយ​ពិន័យ​ជា​ប្រាក់​ចំនួន​២០​ពាន់​លាន​វុន​(១៨​លាន​ដុល្លារ​) និង​រឹបអូស​ទ្រព្យសម្បត្តិ​២,៧​ពាន់​លាន​វុន​(២,៤​លាន​ដុល្លារ​)​។ 
 
​ប៉ុន្តែ​ក្នុងការ​កាត់ក្តី​លើ​សំណុំរឿង​ទាំងពីរ​នេះ តុលាការ​កំពូល​បញ្ជូន​ឲ្យ​តុលាការ​ជាន់ខ្ពស់​សេ​អ៊ូ​លបើក​សវនាការ​ឡើងវិញ ឆ្នាំ​២០១៩​។ ក្រោយមក តុលាការ​ជាន់ខ្ពស់​សេ​អ៊ូ​ល​បញ្ចូល​សំណុំរឿង​ទាំងពីរ​នេះ ជា​រឿង​សំណុំរឿង​តែមួយ​។​
 
​ក្នុងការ​កាត់ក្តី​ឡើងវិញ តុលាការ​ជាន់ខ្ពស់​សេ​អ៊ូ​ល កាត់ទោស​ឲ្យ​លោកស្រី​អតីត​ប្រធានាធិបតី​ជាប់ពន្ធនាគារ​រយៈពេល​១៥​ឆ្នាំ​សម្រាប់​បទល្មើស​ទទួល​សំណូក និង​៥​ឆ្នាំ​បន្ថែមទៀត​សម្រាប់​បទល្មើស​រំលោភ​អំណាច និង​បទល្មើស​ផ្សេងៗ​ទៀត​។ លោកស្រី​ត្រូវ​តុលាការ​ពិន័យ​១៨​ពាន់​លាន​វុន​(១៦,៣​លាន​ដុល្លារ​) និង​រឹបអូស​ទ្រព្យសម្បត្តិ​បន្ថែមចំនួន ៣,៥​ពាន់​លាន​វុន​(៣,១៧​លាន​ដុល្លារ​)​។ លោកស្រី ពុំបាន​ធ្វើបណ្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​នេះឡើយ​។​
 
​ប៉ុន្តែ​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង មិន​សុខចិត្ត និង​បាន​ប្តឹង​ជំទាស់​ទៅ​តុលាការ​កំពូល​កូរ៉េខាងត្បូង​។ តុលាការ​កំពូល​កូរ៉េខាងត្បូង ក៏​រក្សា​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​ក្រុង​សេ​អ៊ូ​ល​ទុក​នៅ​ដដែល​ក្នុង​សវនាការ​ថ្ងៃទី​១៤ ខែមករា​។ យ៉ាងណាក្តី លោកស្រី​ទទួលទោស​២​ឆ្នាំ​បន្ថែមទៀត ចំពោះ​ការ​លូកដៃ​ដោយ​ខុសច្បាប់​ក្នុងការ​តែងតាំង​បេក្ខជន​ក្នុង​បក្ស​កាន់អំណាច​កាលពី​ឆ្នាំ​២០១៨​។​
 
​ការ​កាត់សេចក្តី​ចុងក្រោយ​នេះ ជាការ​បិទ​បញ្ចប់រឿង​អាស្រូវ​នយោបាយ​ដ៏​ធំ​បំផុត​នៅ​កូរ៉េខាងត្បូង ដែលមាន​រយៈពេល​៣​ឆ្នាំ និង​៩​ខែ​ក្រោយពេល​លោកស្រី ផាក អស់តំណែង​ដោយសារ​សំណុំរឿង​ពុករលួយ​។ លោកស្រី​ផាក​គឺជា​ប្រធានាធិបតី​ស្ត្រី​ដំបូងបង្អស់​របស់​កូរ៉េខាងត្បូង និង​កាន់អំណាច​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​។ ក្នុង​វ័យ​៦៨​ឆ្នាំ លោកស្រី​ផាក នឹង​ជាប់ពន្ធនាគារ​សរុបរ​យៈ​ពេល​២២​ឆ្នាំ ហើយ​អាច​បញ្ចប់​ទោស​ក្នុង​វ័យ​ជិត​៩០​ឆ្នាំ​។ 
 
​នៅ​កូរ៉េខាងត្បូង អតីត​ប្រធានាធិបតី ប្រឈមមុខ​ហានិភ័យ​ណាស់ ពេល​អស់តំណែង​។ នៅពេល​ប្រធានាធិបតី​ថ្មី​ឡើងកាន់​អំណាច ការស៊ើបអង្កេត​លើ​ប្រធានាធិបតី​មុន នឹងមាន​មិន​ខាន​តួយ៉ាង​លោក លី ម្យុ​ង​បាក់ ដែល​កំពុង​ជាប់ឃុំ​ជាដើម​។ ចំ​ណែ​លោកស្រី ផាក ផុងខ្លួន​ក្រោយ​លោក មូ​ន ចេ​អ៊ី​ន ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៧ ។ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com