អន្តរជាតិ
WHO៖ ឆ្នាំ​ទី​២ នៃ​ការរីក​រាលដាល​កូ​វីដ​-១៩ អាច​នឹង​យ៉ាប់​ជាង​មុន
15, Jan 2021 , 8:29 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​ដោយ៖ ឈួន ឈី​វ​អ៊ីង​
 
​ឆ្នាំ​២០២១ ជា​ឆ្នាំ​ទី​២ នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ មន្ត្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក ព្រមាន​នៅ​ថ្ងៃទី​១៣ ខែមករា ថា ឆ្នាំ​ទី​២ នឹងមាន​សភាព​ធ្ងន់ធ្ងរ​ជាង​កាលពី​ឆ្នាំ​ទី​១​ខណៈ​វីរុស​កូ​រ៉ូ​ណា​បំប្លែង​ខ្លួន​ថ្មី​កំពុង​បន្ត​សាយភាយ ពិសេស​ប្រទេស​នៅ​លោក​ខាងជើង​ដូចជា​អង់គ្លេស បារាំង ស្វ៊ី​ស និង​អ៊ីតាលី​ជាដើម​។​
 
​នៅ​ចុងឆ្នាំ​២០២០ និង​ដើមឆ្នាំ ២០២១ នេះ វីរុស​កូ​រ៉ូ​ណា​បំប្លែង​ខ្លួន​ថ្មី បាន​លេច​រូបរាង​ជា​បន្តទៀត ហើយ​កាន់តែ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​កាន់តែ​លឿន​ជាង​មុន​ផង​។ សមត្ថភាព​ប្រែប្រួល​ឆាប់រហ័ស​នេះ ក្លាយជា​បញ្ហា​ថ្មី​គួរ​ឲ្យ​ព្រួយបារម្ភ និង​ជា​ផល​លំបាក​កាន់តែខ្លាំង​ដល់​ពិភពលោក​។ លោក Mike Ryan ប្រធាន​ផ្នែក​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ព្រមាន​ថា ស្ថានភាព​ពិភពលោក​នៅ​ឆ្នាំ​ទី​២ នឹង​កាន់តែ​លំបាក​សម្រាប់​ពិភពលោក​។ 
 
«​ពួកយើង​កំពុង​ឈានទៅ​ឆ្នាំ​ទី​២ នៃ​កា​រីក​រាលដាល​កូ​វីដ​-១៩ វា​អាច​អាច​នឹងមាន​សភាព​អាក្រក់​ជាង​ឆ្នាំមុន ដោយសារ​ការឆ្លង​មាន​សភាព​ប្រែប្រួល និង​បញ្ហា​ផ្សេងទៀត​ដែល​យើង​កំពុង​ឃើញ​។​» នេះ​ជាការ​លើកឡើង​របស់លោក Ryan ក្នុង​កម្មវិធី​មួយ​នៅលើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃទី​១៣ ខែមករា​។ 
 
​ប្រទេស​នៅ​ទ្វីបអឺរ៉ុប និង​អាមេរិក​ខាងជើង កំពុង​ប្រឈមមុខ​រលក​ឆ្លង​កាន់​ធ្ងន់ធ្ងរ ស្របពេល​វីរុស​បំប្លែង​ខ្លួន​ថ្មី ក៏​លេចមុខ​បន្តបន្ទាប់​។ ករណី​ឆ្លង​កូ​វីដ​-១៩ ប្រភេទ​ថ្មី​ត្រូវបាន​រកឃើញ​ដំបូង​នៅ​អង់គ្លេស ប៉ុន្តែ បាន​ឆ្លង​ទៅកាន់​ប្រទេស​ជាច្រើន​។ រដ្ឋាភិបាល​ប្រទេស​តំបន់​នៅ​អឺរ៉ុប ប្រកាស​រឹតបន្តឹង​ការ​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩ កាន់តែខ្លាំង​។ នៅ​ស្វ៊ី​ស ប្រជាជន​ត្រូវបាន​ទទូច ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ទាំង​នៅតាម​ផ្ទះ និង​នៅ​កន្លែងធ្វើការ និង​បិទ​រាល់​ហាង​លក់ដូរ​ផ្សេង​មិនចាំបាច់ ខណៈ​នៅ​អ៊ីតាលី ក៏បាន​ពន្យា​រយៈពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។​
 
​បច្ចុប្បន្ននេះ ករណី​ស្លាប់​ដោយ​កូ​វីដ​-១៩ កំពុង​ឆ្ពោះទៅកាន់​ចំនួន​ពីរ​នាក់​នៅ​ទូទាំង​ពិភពលោក ស្របពេល​ករណី​ឆ្លង​មាន​ប្រមាណ ៩១,៥​លាន​ករណី​ហើយ​ដែរ​។ ក្នុង​របាយការណ៍​ចុងក្រោយបង្អស់​របស់ WHO  ករណី​ឆ្លង​បាន​ហក់​កាន់តែខ្លាំង​នៅ​អំឡុងពេល​សម្រាក​ចុងឆ្នាំ ដែល​ទំនង​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​ប្រជាជន​នានា​ក្នុង​ថ្ងៃ​សម្រាក​ដ៏​ធំ​នេះ​។ កាលពី​សប្ដាហ៍​មុន ករណី​វិជ្ជមាន​ថ្មី​បន្ថែម​ប្រហែល​៥​លាន​ករណី ត្រូវបាន​រាយការណ៍​ទូទាំង​ពិភពលោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com