កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ ធានា​សុវត្ថិភាព​ដើម្បី​បន្ត​កីឡា​វាយ​សី​ពិភពលោក ទោះ​មាន​អ្នក​ឆ្លង COVID-19 បន្តបន្ទាប់​
14, Jan 2021 , 6:29 pm        
រូបភាព
​ថៃ នៅតែ​បន្ត​រៀបចំ​ព្រឹត្តិការណ៍​កីឡា​វាយ​សី Thailand Open បើ​ទោះ​មាន​ករណី​ឆ្លង COVID-19 ថ្មី​ទៀត​ក្នុង​រយៈពេល​២​ថ្ងៃ​។ សហព័ន្ធ​កីឡា​វាយ​សី​ពិភពលោក (BWF) បានប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​១៤ ខែមករា ខណៈ​ម្ចាស់ផ្ទះ​អះអាង​ពី​សុវត្ថិភាព​សម្រាប់​អ្នកចូលរួម​ការប្រកួត​នេះ​។​


​កីឡាករ​អេ​ហ្ស៊ី​ប Adham Hatem Elgamal ចំណោម​អ្នក​វាយ​សី​៤​រូប បាន​ដកខ្លួន​ចេញពី​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​នៅពេល​ចាប់ផ្តើម​ប្រកួត​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។ ដោយឡែក កីឡាករ​កីឡាការិនី​៣​រូប​ទៀត​ដែល​ពិនិត្យឡើងវិញ​ចុងក្រោយ​ជាមួយ Elgamal ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់ ត្រូវបាន​អនុ​ញ្ញ​ត​ឲ្យ​ចូលរួម​ប្រកួត​វិញ​។ 
 
​ក្រោយ​ដំណើរការ​ប្រកួត​បាន​២​ថ្ងៃ BWF បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​រាតត្បាត​នេះ​២​រូប​បន្ថែមទៀត ដែល​រួមមាន​គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ និង​បុគ្គលិក​របស់​ក្រុម​បារាំង​។ អ្នក​ទាំងពីរ​នេះ​កំពុងស្ថិត​ក្នុងការ​តាមដាន​នៅឯ​មន្ទីរពេទ្យ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​យ៉ាងណាក៏ដោយ បើ​ទោះ​មាន​អ្នក​តេស្ត​វិជ្ជមាន​ជំងឺ COVID-19 ក្តី ក្រសួងសុខាភិបាល​ថៃ​នៅតែ​សម្រេច​ឲ្យ​ព្រឹត្តិការណ៍​កីឡា​វាយ​សី​នេះ​បន្ត​ទៅមុខ​ដដែល​។ នេះ​បើតាម​ការបញ្ជាក់​របស់ BWF​។ BWF បន្ថែមថា ក្រសួងសុខាភិបាល​ថៃ​ក្នុងនាម​ម្ចាស់ផ្ទះ​ថែមទាំង​ធានា​ពី​សុវត្ថិភាព​របស់​អ្នកចូលរួម​ក្នុងការ​ប្រកួត​នេះ​ទៀតផង​។​
​ព្រឹត្តិការណ៍ Thailand Open ដែល​ធ្វើឡើង​នៅ​ក្រុង​បាងកក មាន​រយៈពេល​ប្រកួត​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​១៧ ខែមករា​៕

Tag:
 Thailand Open
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com