ក្រៅពីខេត្តសៀមរាប និងមណ្ឌលគិរីនោះ កម្ពុជាក៏កំពុងរៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២០-២០៣៥ ផងដែរ។ សម្រាប់ផែនមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប គឺដើម្បីកែប្រែឱ្យក្លាយជាតំបន់លំហែកាយបែបប្រណិត និងជាទិសដៅទេសចរណ៍ផ្ទះទី២ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ តាមរយៈផែនមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបក្នុងរយៈពេល១៥ឆ្នាំនេះ កម្ពុជានឹងបង្កើត«សារមន្ទីរស្រែអំបិល» រួមទាំងបង្កើតប៉ូលទេសចរណ៍សំខាន់ចំនួន៤ទៀត។
ខេត្តកែបជាតំបន់ឆ្នេរសមុទ្រទី២បន្ទាប់ខេត្តកំពត ដែលអាចផលិតអំបិលបាននៅលើទឹកដីកម្ពុជា ហើយខេត្តទាំងពីរនេះមានផ្ទៃដីស្រែផលិតអំបិលជិត៥,០០០ហិកតា។ ដោយសារមើលឃើញសក្តានុពលនៃផលិតផលអំបិលនេះ ទើបក្រសួងទេសចរណ៍ គ្រោងបំលែងស្រែអំបិលទៅជាគោលដៅកសិទេសចរណ៍ស្រែអំបិល។
បើតាមលោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកទទួលបន្ទុករៀបចំផែនការមេអភិវឌ្ឍខេត្តកែប កម្ពុជា នឹងបង្កើតឱ្យមានជាសារមន្ទីរស្រែអំបិល ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅទីស្តីការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៤មករា ឆ្នាំ២០២១ លោក នី ផល្លី បានបញ្ជាក់ដល់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖«សារមន្ទីរស្រែអំបិលខេត្តកែប គឺជាផលិតផលទេសចរណ៍ថ្មី សម្រាប់បង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យស្គាល់ អំពីចង្វាក់ផលិតកម្មស្រែអំបិល»។
រូបតំណាង៖ អំបិលរបស់កសិករនៅខេត្តកំពតត្រៀមនឹងប្រមូលផល។
សម្រាប់ក្រសួងទេសចរណ៍ដែលបានដាក់ផែនការគាំទ្រផែ្នកកសិទេសចរណ៍នៅតំបន់ស្រែអំបិលទាំងនេះ នឹងអាចបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច តាមរយៈការការផលិត និងជំរុញការលក់អំបិលនៅនឹងកន្លែង ក្នុងការទទួលបានប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរ ផងដែរ។ នេះជាការលើកឡើងរបស់ លោក នី ផល្លី ដែលជឿជាក់ថា សារមន្ទីរស្រែអំបិល នឹងចាប់ផ្ដើមអនុវត្តឡើង ក្រោយផែនការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ ។
មន្ត្រីជំនាញទទួលបន្ទុករៀបចំផែនការមេអភិវឌ្ឍខេត្តកែបនេះបាននិយាយដូច្នេះ៖«ក្រោយពេលផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែបអនុម័ត យើងនឹងអាចស្វែងរកជំនួយបច្ចេកទេស ពីព្រោះកន្លងមកមានប្រទេសជាច្រើនដែលផលិតអំបិលបាន គឺគេបង្កើតសារមន្ទីរស្រែអំបិលឡើងដែរ។ ពិសេស យើងមានបទពិសោធន៍នៅប្រទេសបារាំង ដែលបានបង្កើតសារមន្ទីរ ដោយតំបន់ខ្លះគេបង្កើតសារមន្ទីរអំបិល និងតំបន់ខ្លះគេបង្កើតសារមន្ទីរឆ្នេរអំបិល»។
បើតាមលោក នី ផល្លី ការបង្កើតសារមន្ទីរស្រែអំបិលនៅខេត្តកែបជាបច្ចេកទេស គឺមិនជាការលំបាកទេ ដោយតែមានផែនការអនុវត្តហើយរកដៃគូ ឬរកម្ចាស់ជំនួយ ពិសេសពីសំណាក់ក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោកជួយគាំទ្រផ្នែកបច្ចេកទេស គឺកម្ពុជា អាចបង្កើតសារមន្ទីរស្រែអំបិលបានហើយ។
ជាមួយគ្នានេះ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើង ពីក្តីព្រួយបារម្ភដែលពាក់ព័ន្ធនឹងតម្លៃអចលនទ្រព្យនៅតំបន់ស្រែអំបិលធ្វើឱ្យផលប៉ះពាល់ដល់ការផលិតអំបិលប្រចាំឆ្នាំ។ លោក បានកត់សម្គាល់ឃើញថា បច្ចុប្បន្នដោយសារតែការអភិវឌ្ឍវិស័យអចលនទ្រព្យនៅតំបន់ជុំវិញស្រែអំបិលមានតម្លៃខ្ពស់ ក៏មានអ្នកជំនួញមួយចំនួនបានប្រមូលទិញស្រែអំបិលពីប្រជាកសិករ ជាច្រើនទុក ដោយគ្មានសកម្មភាពផលិតអំបិលឡើយ។
តំបន់ស្រែអំបិលនេះដែលមាននៅក្នុងខេត្តកំពត និងកែប មានផលប្រយោជន៍យ៉ាងច្រើន និងជាកេរ្ត៍ដំណែលរបស់ប្រជាជនកម្ពុជា ហើយក៏ជាកន្លែងរក្សាទុកនូវស្បៀង វប្បធម៌ ប្រពៃណី របស់តំបន់សមុទ្រ។ លោក ប៉ែន សុផល និយាយដូច្នេះ៖«បើយើងអាចរក្សាការពារតំបន់ស្រែអំបិលទាំងអស់នោះបាន កុំឱ្យមានការរំលោភ មានការប្រែក្លាយ[ទៅជាតំបន់អភិវឌ្ឍអចលនទ្រព្យ] នោះតំបន់ស្រែអំបិលនឹងក្លាយជាគោលដៅទេសចរណ៍មួយដ៏សំខាន់សម្រាប់ខេត្ត និងសម្រាប់កម្ពុជា»។
បើរបាយការណ៍សង្ខេបនៅក្នុងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបរបស់ក្រសួងទេសចរណ៍ ផ្ទៃដីស្រែអំបិលខេត្តកែបពីចំនួន១,០៣២ហិកតាក្នុងឆ្នាំ២០១៧ មកត្រឹម៩៩៥.១២ហិកតា ក្នុងឆ្នាំ២០២០។ របាយការណ៍ដដែលបានបង្ហាញថា កាលឆ្នាំ២០១៧ ទិន្នផលអំបិលជាមធ្យម៣០តោនក្នុងមួយហិកតា ដោយផ្តល់ទិន្នផលអំបិលសរុបប្រចាំឆ្នាំ៣៨,០០០តោន ខណៈក្នុងឆ្នាំ២០១៨ កម្ពុជាមិនអាចផលិតអំបិលបានព្រោះ បញ្ហាអាកាសធាតុ(ភ្លៀងរហូតក្នុងរដូវផលិតអំបិល)។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិនិត្យឆ្លងសេចក្តីព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប នៅទីស្តីការក្រសួងទេសចរណ៍នាព្រឹកថ្ងៃទី១៤មករា ឆ្នាំ២០២១។
ដោយឡែក ឆ្នាំ២០១៩ កសិករធ្វើអំបិលមួយហិកតាទទួលបានទិន្នផលជាមធ្យមត្រឹម៨,៥តោន ប៉ុន្តែចំនួននេះបានកើនដល់១២,៥តោន នៅក្នុងឆ្នាំ២០២០។
សម្រាប់លោក កឹង ស៊ុនធាង ប្រធានការិយាល័យផលិតអំបិលនៃមន្ទីរឧស្សាហកម្ម បច្ចេកទេស និងនវានុវត្តន៍ខេត្តកំពត ក្នុងចំណោមកសិករផលិតអំបិលនៅខេត្តកំពតចំនួន១៧០គ្រួសារ មាន៤០គ្រួសារហើយបានលះបង់នៃការផលិតអំបិល។ លោក ស៊ុនធាង បានបញ្ជាក់ថាសារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី១៤មករា ថា ចំពោះកសិករ៤០គ្រួសារ ដែលបានបញ្ឈប់សកម្មភាពផលិតអំបិលនោះ មានកសិករខ្លះឈប់គឺផលិតអំបិលតែម្តង, កសិករខ្លះទៀត ខ្វះកម្លាំងពលកម្ម(កម្មករ)ក៏ផ្អាកការធ្វើអំបិល និងកសិករមួយចំនួនទៀត គឺលក់ដីស្រែអំបិលទៅអ្នកផ្សេងដោយគ្មានសកម្មភាពផលិតអំបិល ឡើយ។
បើតាម ប្រធានការិយាល័យផលិតអំបិលនៃមន្ទីរឧស្សាហកម្ម បច្ចេកទេស និងនវានុវត្តន៍រូបនេះ កម្ពុជាទទួលបានទិន្នផលអំបិលពីខេត្តកំពត និងកែប បានជាង៨៤,០០០តោន នៅក្នុងឆ្នាំ២០២០។ សម្រាប់ការផលិតនៅក្នុងខេត្តទាំងនេះដែលមានផ្ទៃសរុប៤,៧៤៨ហិកតា គឺប្រើប្រាស់កម្លាំងប្រមាណ៥០០នាក់។ផលិតផលអំបិល គឺជាទំនិញយុទ្ធសាស្ត្ររបស់កម្ពុជា ហើយរដ្ឋាភិបាលបានកំណត់ជាចក្ខុវិស័យដោយធ្វើយ៉ាងណាការពារតំបន់ស្រែអំបិល និងជំរុញមានការផលិតអំបិលឱ្យបានច្រើន៕