អន្តរជាតិ
កូរ៉េខាងជើង សម្ញែង​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​នាវាមុជទឹក​ប្រភេទ​ថ្មី
15, Jan 2021 , 3:09 pm        
រូបភាព
រូបភាព៖ KCNA
រូបភាព៖ KCNA
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៤ ខែមករា បានធ្វើ​ព្យុហយាត្រា​យោធា​មួយ ដើម្បី​សាទរ​សមាជ​បក្ស​ពលករ​កូរ៉េខាងជើង លើក​ទី​៨ ។ ក្នុង​ពិធី​នេះ កូរ៉េខាងជើង បានដាក់​បង្ហាញ មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ​ថ្មី និង​ប្រភេទ​អាវុធ​ផ្សេងទៀត​។


 
​បន្ទាប់ពី​បិទ​បញ្ចប់​សមាជ​បក្ស​ពលករ​លើក​ទី​៨ កូរ៉េខាងជើង ក៏បាន​ធ្វើ​ព្យុហយាត្រា​មួយ​តាម​ពីក្រោយ​ដែរ​។ ក្នុង​ពិធី​នេះ កូរ៉េខាងជើង​បានដាក់​បង្ហាញ​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក​ប្រភេទ​ថ្មី​ដែល​កូរ៉េខាងជើង​ហៅថា ជា​អាវុធ​ដ៏​ខ្លាំង​បំផុត​។ 
 
«​អាវុធ​ដ៏​ខ្លាំង​បំផុត​របស់​ពិភពលោក មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ចេញពី​នាវាមុជទឹក បានបង្ហាញ​លើ​ទីលាន គីម អ៊ី​ល​ស៊ុ​ល​ម្តង​មួយៗ​»​។ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងជើង KCNA ផ្សាយ​បែបនេះ​នៅ​ថ្ងៃទី​១៥ ខែមករា​។ 
 
​មី​ស៊ី​ល​បាលី​ស្ទិ​ក​ប្រភេទ​ថ្មី​នេះ មាន​ឈ្មោះថា Pukguksong-5 ដែលមាន​សមត្ថភាព​ខ្លាំង​ជាង និង​វែង​ជាង​មី​ស៊ី​ល Pukguksong-4 ដែល​ត្រូវ​បានដាក់​បង្ហាញ កាលពី​ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap មី​ស៊ី​ល Pukguksong-5 ទំនងជា​អាច​ហោះ​បាន​ឆ្ងាយ​ជាមុន និង​អាច​បំពាក់​ក្បាល​គ្រាប់​ធំ​ជាង​មុន​។ 
 
​ក្រោម​វត្តមាន​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ដែល​ទើប​ក្លាយជា​អគ្គលេខាធិការ​បក្ស​ពលករ កូរ៉េខាងជើង ក៏បាន​ដាក់​បង្ហាញ​អាវុធ​ផ្សេងទៀត​ផងដែរ ដូចជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ដើរ​ដោយ​ថាមពល​ឥន្ធនៈ​រឹង​ដែល​អាច​បាញ់​លឿន និង​មាន​សមត្ថ​ភាពខ្លាំង​ជាង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ចម្ងាយ​ខ្លី​ដើរ​ដោយ​ថាមពល​ឥន្ធនៈ​រាវ​។ អ្នកជំនាញ​ជឿថា មី​ស៊ី​ល​ប្រភេទ​នេះ ត្រូវ​អភិវឌ្ឍ​ចេញពី​មី​ស៊ី​ល​ប្រភេទ KN-23 ដែល​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ឆ្នាំ​២០១៩ ។ 
 
​បន្ថែម​ពីលើ​នេះ កម្មវិធី​ខាងលើ ក៏មាន​ព្យុហយាត្រា​របស់​កងទ័ព​, កងកាំភ្លើងធំ​, រថពាសដែក និង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង ដែល​ហោះ​ជា​ទម្រង់​លេខ​៨ សំដៅ​សមាជ​បក្ស​លើក​ទី​៨ ។ 
 
​ថ្លែង​ក្នុង​ពិធី​ដ៏​អធិកអធម​នេះ រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងជើង លោក Kim Jong Gwan បាន​លើកឡើងថា កងកម្លាំង​យោធា​របស់​កូរ៉េខាងជើង នឹង​ទប់ស្កាត់​សកម្មភាព​គំរាមកំហែង​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​ប្រើប្រាស់​កម្លាំងយោធា​កំចាត់​សត្រូវ ដែល​មក​បំផ្លាញ​សន្តិសុខ​ប្រទេស​របស់ខ្លួន​។ លើសពីនោះ កងទ័ព​របស់​កូរ៉េខាងជើង នឹង​ធានា​ពី​ការរីកចម្រើន​ជា​ប្រវត្តិសាស្ត្រ​របស់​បក្ស​ពលករ ជាមួយ​កម្លាំងយោធា​ដ៏​ខ្លាំង​បំផុត​»​។ 
 
​នៅក្នុង​សមាជ​បក្ស​ពលករ​នាពេល​ថ្មីៗ​នេះ មេដឹកនាំ​កូរ៉េខាងជើង លោក គីម បាន​ហៅ​អាមេរិក​ថា គឺជា​សត្រូវ​ដ៏​ធំ​បំផុត​របស់ខ្លួន​។ ទន្ទឹមនេះ លោក​គីម ក៏បាន​ប្តេជ្ញា​អភិវឌ្ឍ​សមត្ថភាព​យោធា និង​បង្កើន​ចំនួន​នុយក្លេអ៊ែរ​បន្ថែម​ទៀតផង​ដែរ​៕ 

Tag:
 ​កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com