អន្តរជាតិ
លោកនាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត ក្លាយជាលេខាបក្សកុម្មុយនីស្តថ្មី 15, Jan 2021 , 4:25 pm
លោក ថងលួន ស៊ីសូលីត ត្រូវបានជ្រើសរើសជាអគ្គលេខាធិការគណៈមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។ រូបថត AFP
× លោកនាយករដ្ឋមន្ត្រី ថងលួន ស៊ីសូលីត ត្រូវបានជ្រើសរើសជាប្រមុខបក្សកុម្មុយនីស្តឡាវ ជំនួសលោក ប៊ុនញ៉ាង វរាជិត ដែលចូលនិវត្តន៍។ លោក ថងលួន ក៏នឹងក្លាយជាប្រធានាធិបតីឡាវផងដែរ។
បើតាមកាសែតឡាវ Vientiane Times នាយករដ្ឋមន្ត្រីឡាវ ថងលួន ស៊ីសូលីត ត្រូវបានគណៈមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បោះឆ្នោតគាំទ្រជាអគ្គលេខាធិការនៅថ្ងៃចុងក្រោយនៃសមាជបក្សលើកទី១១ នៅថ្ងៃទី១៥ ខែមករា។ លោកនឹងកាន់តំណែងនេះសម្រាប់អាណត្តិ៥ឆ្នាំ។
លោក ថងលួន នឹងកាន់កាប់តំណែងកំពូលនេះជំនួសលោក ប៊ុនញ៉ាង វរាជិត ដែលចូលនិវត្តន៍។ លោក ប៊ុនញ៉ាង កាន់កាប់តំណែងអគ្គលេខាធិការនេះក្រោយសមាជបក្សលើកទី១០ ឆ្នាំ២០១៦ ។ ខណៈអាចកាន់តំណែងលេខាបក្សនេះ៥ឆ្នាំទៀត លោក ប៊ុនញ៉ាង សម្រេចចិត្តចាកចេញ ស្របពេលលោកមានវ័យ៨៣ឆ្នាំទៅហើយដែរ។
ជាអគ្គលេខាធិការ លោក ថងលួន ក៏នឹងអង្គុយកៅអីប្រធានាធិបតីជំនួសលោក ប៊ុនញ៉ាង ដែរ។ កាន់តំណែងនាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៦ មក លោក ថងលួន វ័យ៧៥ឆ្នាំ ដែលរៀនសូត្រនៅអតីតសហភាពសូវៀត និងកាន់តំណែងជាន់ខ្ពស់ជាច្រើន ត្រូវបានស្គាល់ចំពោះស្នាដៃក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយអំឡុងពេលដឹកនាំរដ្ឋាភិបាល។
ក្នុងកិច្ចប្រជុំបីថ្ងៃ អង្គសមាជ បានបោះឆ្នោតជ្រើសរើសសមាជិកគណៈមជ្ឈិមចំនួន៧១នាក់ និងសមាជិកការិយាល័យនយោបាយដ៏មានឥទ្ធិពលចំនួន១៣នាក់ កើនឡើងពីរនាក់ ធៀបការិយាល័យនយោបាយជ្រើសរើសឆ្នាំ២០១៦ ដែលមាន១១នាក់។
ក្នុងបញ្ជីសមាជិកគណៈមជ្ឈិម ឈ្មោះរបស់លោក ថងលួន ឈរលំដាប់ទីមួយ ហើយតាមពីក្រោយដោយប្រធានសភា ផានី យ៉ាធូទូ ឧបនាយករដ្ឋមន្ត្រី ប៊ុនថង ជិតម៉ានី និងអនុប្រធានាធិបតី ផាន់ខាំ វិផាវណ្ណ។ ក្រោយលោក ថងលួន ឡើងធ្វើជាប្រធានរដ្ឋនោះ អ្វីដែលគេចាំមើលនោះ គឺនរណាក្លាយជានាយករដ្ឋមន្ត្រី។ បេក្ខជនដែលគេមើលឃើញមាន លោក ប៊ុនថង, លោក សឺនសៃ ស៊ីផាន់ដន ដែលជាឧបនាយករដ្ឋមន្ត្រីម្នាក់ដែរ ឬលោក ផាន់ខាំ ផងក៏ថាបាន៕
Tag:
ឡាវ
ថងលួន ស៊ីសូលីត
© រក្សាសិទ្ធិដោយ thmeythmey.com