ជាតិ
សេដ្ឋកិច្ច
កម្ពុជា-អឺរ៉ុប នឹងជជែកលើកិច្ចសហប្រតិបត្តិការ ៦ឆ្នាំ នៃការធ្វើពិពិធកម្មសេដ្ឋកិច្ច
16, Jan 2021 , 10:29 am        
រូបភាព
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃ CDC(ឆ្វេង) និងលោក Franck Viault អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃ CDC(ឆ្វេង) និងលោក Franck Viault អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់កម្ពុជា និងសហភាពអឺរ៉ុប នឹងរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជារយៈពេល ៦ឆ្នាំ (២០២១-២០២៧)  នៅក្នុងខែកុម្ភៈឆ្នាំ២០២១។ យោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអភិវឌ្ឈន៍កម្ពុជាហៅកាត់CDC កិច្ចពិគ្រោះយោបល់រវាងភាគីទាំងពីរនេះ គឺផ្តោតលើប្រធានបទ«ការធ្វើពិពិធកម្មទីផ្សារ»។
 
បើតាមសេចក្តីព័ត៌មានដដែល ដែលចេញផ្សាយកាលពីថ្ងៃទី១១មករា ផែនការរៀបចំកិច្ចពិគ្រោះយោបល់នេះ ត្រូវបានលើកឡើងដោយលោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាមួយលោក Franck Viault អគ្គទីប្រឹក្សា និងជាប្រធានទទួលបន្ទុកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។
 
ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបដៃគូអឺរ៉ុប លើសេចក្តីព្រាងយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧ និងសេចក្តីព្រាងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបអំឡុងពេលនេះ។
 
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តថា យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជាឆ្នាំ ២០២១-២០២៧ ត្រូវបានភាគីទាំងពីរ ឯកភាពជាគោលការណ៍លើការជំរុញ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកស្ទួយវិស័យឯកជន និងការងារ ការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្ស។
 
ចំណែកកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបឆ្នាំ ២០២១-២០២៧ ភាគីទាំង ២ នឹងជំរុញលើវិស័យអាទិភាព រួមមាន សេដ្ឋកិច្ច និងការងារ អភិបាលកិច្ច និងអប់រំ ព្រមទាំងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
 
សេចក្តីព្រាងទាំងពីរនេះ កម្ពុជា និងអឺរ៉ុប គ្រោងបញ្ចប់នៅចុងខែមករា ដែលនឹងលើកយកមកពិភាក្សាប្រមូលធាតុចូល និងការផ្តល់អនុសាសន៍ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ដែលនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០២១។ 
 
លោក ឈៀង យ៉ាណារ៉ា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់CDCខាងលើ ថា យុទ្ធសាស្ត្រទាំងពីរនេះ ត្រូវបានអនុវត្តកន្លងមក ចន្លោះឆ្នាំ២០១៤-២០២០ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា។  លោកបានបន្តថា ដោយឡែក សម្រាប់យុទ្ធសាស្ត្រក្នុងរយៈពេល៦ឆ្នាំទៀតនេះ ភាគីទាំងពីរ បានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន៤។ ក្នុងនោះមាន  ការអភិវឌ្ឍវិស័យសង្គមកិច្ច ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងជនបទ និងអភិបាលកិច្ច។
 
«សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាបន្តគាំទ្ររបស់សហភាពអឺរ៉ុប និងប្រទេសជាសមាជិកសហភាពអឺរ៉ុប និងសហព័ន្ធស្វ៊ីសសម្រាប់ដំណើរការនៃកិច្ចអភិវឌ្ឍន៍នៅកម្ពុជា»។ លោក យ៉ាណារ៉ា  បានលើកឡើងយ៉ាងដូច្នេះ។ 
 
បើតាមរបាយការណ៍របស់CDC ចាប់ពីឆ្នាំ១៩៩២ ដល់ ២០២០ សហភាពអឺរ៉ុប និងប្រទេសសមាជិកចំនួន១០ទៀត រួមទាំងសហព័ន្ធស្វីសបានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុប ៤,២០០លានដុល្លារ ស្មើនឹង ១៩ភាគរយនៃហិរញ្ញប្បទានសរុប ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់បានផ្តល់ដល់កម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com