ជាតិ
សង្គមជាតិ
WWF៖ សត្វទន្សោង ឈ្លូស និងជ្រូកព្រៃ នៅដែនជម្រកសត្វព្រៃខេត្តមណ្ឌលគិរី ថយចុះគួរឲ្យបារម្ភ
16, Jan 2021 , 12:59 pm        
រូបភាព
ដោយ:
មណ្ឌលគិរី៖ ចំនួនសត្វទន្សោង ឈ្លូស និងជ្រូកព្រៃ ដែលស្ថិតនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី បានធ្លាក់ចុះគួរឲ្យព្រួយបារម្ភចាប់ពីឆ្នាំ២០១០មក។ នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ(WWF)។
 
របាយការណ៍របស់អង្គការ WWFដែលតាមដាន និងស្រាវជ្រាវពីអត្រាធ្លាក់ចុះនៃសត្វព្រៃរយៈពេល១០ឆ្នាំចុងក្រោយ បានបញ្ជាក់ថា សត្វទន្សោងថយចុះ ៧២ភាគរយ ពី៣,០១៣ក្បាល មកត្រឹមតែ ៨៥៦ក្បាល, សត្វឈ្លូសថយចុះពី ៦,៩៩៦ក្បាល មកត្រឹមតែ៣,៣៥០ក្បាល។ ចំណែកសត្វជ្រូកព្រៃ ថយចុះ ១៨ភាគរយ ពី៤,៩០៩ក្បាល មកត្រឹម៤,០១៧ក្បាល។
 
នៅក្នុងទស្សនកិច្ចដឹកនាំអ្នកសារព័ត៌មានចំនួន ២៦ស្ថាប័ននៅខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី១៥-១៩ ខែមករា លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ថា ការថយចុះនៃប្រភេទសត្វព្រៃទាំងនេះ បណ្តាលមកពីកត្តាមនុស្សដែលមានដូចជា ការបាត់បង់ជម្រក ការដាក់អន្ទាក់ ការបរបាញ់ ការទន្ទ្រានព្រៃ និងការធ្វើអាជីវកម្មលើសត្វព្រៃជាដើម។


 
«អ្នកដែលបង្កផលប៉ះពាល់ខ្លាំង គឺកត្តាមនុស្សនេះឯង និងកត្តាជីវភាព ដែលជាកត្តាមួយជំរុញឲ្យមានផលប៉ះពាល់ដល់ធនធានធម្មជាតិ និងដាក់សម្ពាធលើធម្មជាតិ ហើយកត្តាបាត់បង់ជម្រកជាកត្តាមួយសំខាន់។ ប៉ុន្តែកត្តាដែលគ្រោះថ្នាក់បំផុតដល់សត្វព្រៃគឺការដាក់អន្ទាក់ ដែលជាឃាតករលាក់មុខ។ បញ្ហាប្រឈមមួយទៀត គឺការបរិភោគសត្វព្រៃ ក៏ជាសម្ពាធ និងជំរុញឲ្យមានការបរបាញ់សត្វផងដែរ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដោយបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងមកមន្ត្រីឧទ្យានុរក្សប្រមូលបានអន្ទាក់សរុបចំនួនជិត១ម៉ឺនអន្ទាក់ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពកក្នុងទំហំដី៦ពាន់គីឡូម៉ែត្រការេ។ 
 
លោក សេង ទៀក នាយកអង្គការ WWF បានបញ្ជាក់ថា កត្តាដែលគំរាមកំហែងដល់សត្វព្រៃធ្ងន់ធ្ងរនោះ គឺការដាក់អន្ទាក់របស់ព្រានព្រៃ ដែលច្រើនតែកើតមានឡើងក្នុងប្រទេសកម្ពុជា រួមទាំងបណ្តាប្រទេសក្នុងអាស៊ី។ «អន្ទាក់ធ្វើឲ្យធម្មជាតិគ្មានសត្វព្រៃ។ ថ្វីបើអន្ទាក់មានតម្លៃថោក ងាយស្រួលរក និងងាយស្រួលដំឡើង ប៉ុន្តែវាសម្លាប់សត្វមានប្រសិទ្ធភាពបំផុត»។ នេះជាការលើកឡើងរបស់លោក សេង ទៀក ដោយបញ្ជាក់ថា អន្ទាក់ធ្មេញដែក និងអន្ទាក់ឆក់ ជាឧបករណ៍ដែលព្រានព្រៃប្រើសម្រាប់សម្លាប់សត្វព្រៃ។ 
 
កញ្ញា Milou Groenenberg ប្រធានផ្នែកតាមដាន និងស្រាវជ្រាវជីវចម្រុះនៃអង្គការWWF បានលើកឡើងថា ការថយចុះនៃប្រភេទសត្វព្រៃដែលមានសារសំខាន់ទាំងនោះ ជាក្តីបារម្ភមួយដែលក្រសួងបរិស្ថាន រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀតគួរតែរួមគ្នាដោះស្រាយលើបញ្ហានោះ។ 



ដើម្បីដោះស្រាយបញ្ហានេះ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបរិស្ថានរួមទាំងអ្នកពាក់ព័ន្ធនឹងចូលរួមបង្កើននូវកិច្ចការពារ និងអភិរក្សធនធានធម្មជាតិតាមរយៈបង្កើនចំនួនឧទ្យានុរក្សបន្ថែមទៀត រួមទាំងអប់រំឲ្យពលរដ្ឋរស់នៅដោយស្រឡាញ់ និងអភិរក្សធនធានធម្មជាតិ។ របាយការណ៍របស់អង្គការWWF បានបង្ហាញថា ផ្ទៃដីតំបន់ការពារ និងអភិរក្សធម្មជាតិសរុបនៅកម្ពុជាមានចំនួន៧,៣សែនហិកតា។ ក្នុងនោះមានឧទ្យានុរក្សតែជាង១ពាន់នាក់ប៉ុណ្ណោះដែលចាំល្បាតការពារធម្មជាតិ៕ 


 

Tag:
 សត្វ
 ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com