អន្តរជាតិ
ផ្ទាំងគំនូរគុហា «រូបជ្រូកព្រៃ» អាយុជាង៤៥០០០ឆ្នាំ ត្រូវបានរកឃើញនៅឥណ្ឌូណេស៊ី
16, Jan 2021 , 10:29 pm        
រូបភាព
ដោយ: ធីតា
ក្រុមអ្នកបុរាណវិទ្យារកឃើញផ្ទាំងគំនូរគុហា «រូបជ្រូកព្រៃ» នៅរូងភ្នំមួយក្នុងប្រទេសឥណ្ឌូណេស៊ី។ តាមការប៉ាន់ស្មាន វាមានអាយុកាលយ៉ាងហោចណាស់៥៥ ៥០០ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទិនានុប្បវត្តិ Science Advances។
 
តាមពិតទៅ ផ្ទាំងគំនូរនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Basran Burhan និស្សិតថ្នាក់បណ្ឌិតនៃសាកលវិទ្យាល័យអូស្ត្រាលី Griffith University ប្រទះឃើញតាំងពីខែធ្នូ ឆ្នាំ២០១៧មកម្ល៉េះ។ វាមានទ្រង់ទ្រាយយ៉ាងល្អ ដោយបង្កប់ក្នុងរូងភ្នំ Leang Tedongnge កោះ Sulawesi។
 
 
ផ្ទាំងគំនូរនោះ ត្រូវបានអ្នកជំនាញប៉ាន់ស្មានថា វាមានអាយុកាលយ៉ាងហោចណាស់៤៥ ៥០០ឆ្នាំ ហើយរូបនោះ មានទម្រង់ដូចជាជ្រូកព្រៃ «Warty Pig» ដែលជាអំបូរមួយ នៅមានជីវិតរស់នៅកោះ Sulawesi នាពេលបច្ចុប្បន្ន។
 
កោះ Sulawesi ត្រូវបានក្រុមអ្នកជំនាញវាតតម្លៃថា ទីតាំងដែលសម្បូរទៅដោយស្នាដៃសិល្បៈដ៏អស្ចារ្យតាមរូងភ្នំ។ វាការបង្ហាញពីប្រវត្តិនៃទំនាក់ទំនងរវាងមនុស្ស និងសត្វ ដែលមានអាយុកាលរាប់ម៉ឺនឆ្នាំមកហើយ។
 
តំបន់ Leang Tedongnge ស្ថិតនៅចម្ងាយប្រមាណ៦៥គីឡូម៉ែត្រប៉ុណ្ណោះ ពីក្រុង Makassar ប៉ុន្តែរូងភ្នំនៃតំបន់នេះ មិនសូវមានអ្នកទៅដល់ឡើយ ដោយសារមានឧបសគ្គច្រើនពេក ជាពិសេសព្រៃក្រាស់ៗ និងខ្យល់បក់ខ្លាំងនៅតាមជ្រលង។ គំហើញថ្មីនេះ ជាប្រយោជន៍សម្រាប់ក្រុមអ្នកស្រាវជ្រាវក្នុងតាមដានប្រវត្តិនៃទំនាក់ទំនងសត្វ និងមនុស្សជាតិ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com