អន្តរជាតិ
ប្រមុខបក្សកុម្មុយនីស្តចិន ផ្ញើសារអបអរអគ្គលេខាធិការបក្សកុម្មុយនីស្តឡាវថ្មី
16, Jan 2021 , 2:29 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃនាយករដ្ឋមន្រ្តី ថងលួន ស៊ីសូលីត ដែលទើបជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តឡាវនាជំនួបកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ចាប់ដៃនាយករដ្ឋមន្រ្តី ថងលួន ស៊ីសូលីត ដែលទើបជាប់ឆ្នោតជាអគ្គលេខាធិការបក្សកុម្មុយនីស្តឡាវនាជំនួបកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង នៅថ្ងៃទី១៥ ខែមករា បានផ្ញើសារអបអរលោកនាយករដ្ឋមន្រ្តី ថងលួន ស៊ីសូលីត ដែលជាប់ឆ្នោតជាអគ្គលេខាធិការគណៈជ្ឈិមបក្សកុម្មុយនីស្តកំពុងកាន់អំណាចនៅឡាវ។ លោក ស៊ី បានប្ដេជ្ញាចិត្តធ្វើការជាមួយលោក ថងលួន ដើម្បីផលប្រយោជន៍ និងពង្រឹងទំនាក់ទំនងប្រទេសជាប់ភូមិផងទាំងពីរនេះឲ្យកាន់តែរឹងមាំ។
 
លោក ថងលួន ស៊ីសូលីត ត្រូវបានគណៈមជ្ឈិមបក្សកុម្មុយនីស្តឡាវ ជ្រើសរើសជាអគ្គលេខាធិការសម្រាប់អាណត្តិ៥ឆ្នាំ(២០២១-២០១៥) ជំនួសលោក ប៊ុនញ៉ាង វរាជិត អំឡុងពេលសមាជបក្សបីថ្ងៃលើកទី១១ ដែលបញ្ចប់នៅថ្ងៃទី១៥ ខែមករា។ ភ្លាមៗនេះ មេដឹកនាំចិនក៏អបអរលោក ថងលួន ភ្លែតដែរ អមជាមួយសារត្រៀមធ្វើការជាមួយគ្នា។
 
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua លោក ស៊ី ដែលជាអគ្គលេខាធិការគណៈមជ្ឈិមបក្សកុម្មុយនីស្តចិន បញ្ជាក់ថា លោក រីករាយចំពោះការជាប់ឆ្នោតរបស់លោក ថងលួន ។ មេដឹកនាំចិនរូបនេះ ក៏និយាយដល់ស្នាដៃរបស់បក្សកាន់អំណាចឡាវដែលដឹកនាំប្រទេសសម្រេចបានលទ្ធផលគាប់ចិត្តនៅរយៈពេល៥ឆ្នាំមុន។
 
« ចាប់តាំងពីសមាជបក្សលើកទី១០ នៃបក្សបដិវត្តន៍ប្រជាជនឡាវមក ក្រោមការដឹកនាំរបស់លោក បុនញ៉ាង វរាជិត ឡាវសម្រេចបានសមិទ្ធផលជាច្រើនក្នុងបុព្វហេតុកសាងសង្គមនិយម និងរីករាយការទទួលបានស្ថិរភាពសង្គម និងនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាព និងការបន្តប្រសើរឡើងនៃជីវភាពរស់នៅរបស់ប្រជាជនស្ថិត»។ លោក ស៊ី ដែលជាប្រធានាធិបតីចិនផងនោះ សរសេរបែបនេះក្នុងសាររបស់លោក។
 
ក្រៅពីកោតសរសើរដល់ការដឹកនាំរបស់បក្សកុម្មុយនីស្តឡាវ លោក ស៊ី ក៏បង្ហាញក្តីជឿជាក់ ក្រោមការដឹកនាំរបស់គណកម្មាការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវដែលមានលោក ថងលួន ជាមេដឹកនាំ បក្សកាន់អំណាចឡាវ នឹងដឹកនាំប្រជាជនទៅជាធ្លុងតែមួយ ហើយសម្រេចបានមាគ៌ាសង្គមនិយម។ 
 
ជាមួយគ្នានេះ ប្រមុខដឹកនាំចិនរូបនេះ ក៏ប្រកាសត្រៀមខ្លួនធ្វើការជាមួយលោក ថងលួន ដើម្បីពង្រឹងទំនាក់ទំនងរវាងបក្ស និងបក្ស និងរវាងប្រជាជន និងប្រជាជនដែរ។ លោកស្នើឲ្យប្រទេសទាំងពីររួមគ្នាពង្រឹងបុព្វហេតុសង្គម ជំរុញទំនាក់ទំនង ក៏ដូចជារួមចំណែកជាវិជ្ជមានក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពតំបន់៕ 
 
 
 
 

Tag:
 ចិន
  ឡាវ
  ស៊ី ជិនភីង
  ថងលួន ស៊ីសូលីត
© រក្សាសិទ្ធិដោយ thmeythmey.com