អន្តរជាតិ
ត្រូវនាំគ្នាកាត់បន្ថយ ឬទម្លាប់ឈប់ប្រើប្រាស់បំពង់បឺតប្លាស្ទិក !
17, Jan 2021 , 7:59 am        
រូបភាព
ដោយ: ធីតា
ពេលនិយាយពីប្លាស្ទិក មនុស្សជាច្រើនគិតដល់តែថង់ និងសម្ភារផ្សេងៗ ដោយភ្លេចគិតថា បំពង់បឺតប្លាស្ទិក ដែលប្រើប្រាស់ប្រចាំថ្ងៃ ក៏ជាបញ្ហាសម្រាប់បរិស្ថានផងដែរ។ ការសិក្សាមួយកាលពីឆ្នាំ២០១៧ របស់សាកលវិទ្យាល័យ University of California Santa Cruz បង្ហាញថា ប្លាស្ទិក៩១ភាគរយ មិនត្រូវបានប្រើប្រាស់ឡើងវិញ ហើយភាគច្រើនត្រូវបានកប់នៅក្នុងដី និងក្នុងសមុទ្រ ក្នុងចំណោមនោះ មានបំពង់បឺត ឬទុយោប្លាស្ទិក។


កាលពីឆ្នាំ២០១៨ Seattle ក្រុងទី១នៅសហរដ្ឋអាមេរិក ដែលហាមឃាត់ការប្រើប្រាស់ និងលក់បំពង់បឺតប្លាស្ទិក ហើយក្រុងដទៃទៀត បានអនុវត្តតាមជាបន្តបន្ទាប់ ដែលក្នុងនោះមានដូចជា ក្រុងញូវយ៉ក សាន់ហ្វ្រាន់ស៊ីស្កូ ជាដើម។
Starbuck ជាក្រុមហ៊ុនលំដាប់ពិភពលោកដំបូងគេ ដែលប្រកាសពីការឈប់ប្រើប្រាស់បំពង់បឺតប្លាស្ទិក តាមរយៈការរចនាបំពង់ដែលជាប់នឹងគំរបកែវ ឬពែងភេសជ្ជៈផ្ទាល់ រួមទាំងការកែច្នៃពីសារធាតុផ្សេងទៀត។ នៅចក្រភពអង់គ្លេស McDonald បានដាក់យុទ្ធនាការប្រើប្រាស់តែសម្ភារវេចខ្ចប់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាន ចាប់ពីឆ្នាំ២០២៥។
ការសិក្សាក៏បានបង្ហាញផងដែរថា បំពង់បឺត មានតែវត្តមានតែ៨ភាគរយប៉ុណ្ណោះក្នុងចំណោមសម្ភារប្លាស្ទិកដែលបំពុលបរិស្ថាន ហើយមានតែ៤ភាគរយក្នុងចំណោមប្លាស្ទិកដែលចោលក្នុងសមុទ្រ។ 
 
យោងតាម squareup.com វាជាចំនួនដ៏តិចតួចនៅឡើយ ប៉ុន្តែបំពង់បឺតប្លាស្ទិកនឹងជះឥទ្ធិពលធំ ដោយសារវាជាវត្ថុដែលមិនអាចប្រើប្រាស់ឡើងវិញបាន ហើយតម្រូវការនៃការប្រើប្រាស់ កើនឡើងជាបន្តបន្ទាប់។
ជាមធ្យម មនុស្សម្នាក់ប្រើប្រាស់បំពង់បឺត ១.៦ ជារៀងរាល់ថ្ងៃ ដែលនេះមានន័យថា បើមនុស្ស២៥០០០នាក់ឈប់ប្រើ វានឹងរួមចំណែកកាត់បន្ថយបំពង់បឺតប្លាស្ទិកប្រមាណ៥លាន។ វានឹងអាចកាត់បន្ថយការបោះចោលទៅក្នុងសមុទ្រដើម្បីការពារធនធាន និងជីវិតសត្វ។
 
នៅសហរដ្ឋអាមេរិក យុទ្ធនាការសម្អាតឆ្នេរនារយៈពេលជាង៥ឆ្នាំ រកឃើញវត្តមានបំពង់បឺតប្លាស្ទិកជាង៧.៥លាន។ រីឯនៅលើពិភពលោកទាំងមូល ត្រូវបានគេប៉ាន់ប្រមាណថា មានបំពង់បឺតប្លាស្ទិកក្នងុសមុទ្រចន្លោះពី៤៣៧លានទៅ ៨.៣ពាន់លាន។
ទោះបីជាយ៉ាងណាក៏ដោយ ការដាក់បម្រាមជាសកល ពិតជាពិបាកទៅរួចខ្លាំងណាស់ ព្រោះវាត្រូវប៉ះពាល់អាជីវកម្មជាច្រើន ប៉ុន្តែអ្នកជំនាញព្យាយាមទាញអារម្មណ៍អ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មឲ្យយកចិត្តទុកចាប់ពីករណីតូចៗឡើងទៅក្នុងគោលបំណងទប់ស្កាត់ការបំពុលបរិស្ថានលើភពផែនដី។
 
នៅចិន បំពង់បឺត ស្ថិតក្នុងចំណោមរបស់ប្រើប្រាស់ដំបូងដែលត្រូវហាមឃាត់ចាប់ពីឆ្នាំ២០២០ ក្រោមគោលនយោបាយ៥ឆ្នាំរបស់បក្សកុំម្មុយនីស្ត ក្នុងយុទ្ធនាការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ ពលរដ្ឋចិនភាគច្រើនចូលចិត្តផឹកតែគជ់ ដែលត្រូវប្រើបំពង់បឺតធំៗជាងកាហ្វេធម្មតា ហើយបណ្តាហាងនានា បានជំនួសដោយបំពង់ពីក្រដាស និងអាស៊ីតប៉ូលីឡាក់ទិច (Polylactic Acid)៕
 

Tag:
 បំពង់បឺតប្លាស្ទិក
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com