ជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ស្នើក្រុមហ៊ុនទូកទេសចរណ៍បង់ប្រាក់ជូនរដ្ឋតាមពេលវេលាកំណត់
17, Jan 2021 , 7:29 pm        
រូបភាព
កិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ពីក្រុមហ៊ុនទូកទេសចរណ៍ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១៥ មករា​ ២០២១ ។ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
កិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ពីក្រុមហ៊ុនទូកទេសចរណ៍ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១៥ មករា​ ២០២១ ។ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកា ភ្ញៀវទេសចរទៅកម្សាន្តតាមកោះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ស្នើដល់ក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង់ថវិកាជូនរដ្ឋឲ្យទាន់ពេលវេលា ព្រោះថវិកាទាំងនេះប្រើដើម្បីគ្រប់គ្រង និងអភិរក្សធនធានឆ្នេរក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ។

 
លោក ម៉ាង ស៊ីណេត បានស្នើដល់ម្ចាស់ក្រុមហ៊ុនទូកទាំងអស់ត្រូវមានឆន្ទះក្នុងការប្រមូលលុយចំនួន២ដុល្លារពីថ្លៃសំបុត្រភ្ញៀវទេសចរក្នុងម្នាក់ ដើម្បីជូនរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍធនធានឆ្នេរក្នុងខេត្ត។ ការប្រមូលថវិកា ២ដុល្លារ លើភ្ញៀវទេសចរនេះ ត្រូវបានឯកភាពពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។
 
តំណាងសមាគមទូកដឹកអ្នកដំណើរ បានលើកឡើងពីមូលហេតុនៃការអាក់ខានក្នុងការបង់ប្រាក់ជូនរដ្ឋ គឺដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យបាត់បង់ភ្ញៀវទេសចរ ដែលជាប្រភពចំណូលរបស់ក្រុមហ៊ុនទូកទេសចរណ៍។ ជាមួយគ្នានេះ លោក ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ បានទទួលយកសំណើររបស់រដ្ឋបាលខេត្ត ព្រមទាំងប្រជុំជាមួយក្រុមហ៊ុនទូកទេសចរណ៍ ដើម្បីប្រមូលថវិការជូនរដ្ឋឲ្យបានឆាប់រហ័ស។
 
លោក ម៉ាង ស៊ីណេត លើកឡើងយ៉ាងដូច្នេះថា៖ « រដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកែលម្អឆ្នេរសមុទ្រ ជាលំហសាធារណដ៏វែង ក្នុងការទាក់ទាញប្រជាពលរដ្ឋនៅទូទាំងប្រទេសមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ និងបន្តទៅលេងកម្សាន្តតាមបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ »។
 
លោក ម៉ាង ស៊ីណេត ក៏បានស្នើដល់ម្ចាស់ក្រុមហ៊ុនទូកទាំងអស់ត្រូវរៀបចំអាវពោងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីធានាថាមានសុវត្ថិភាពសម្រាប់ទេសចរក្នុងការដើរកម្សាន្តតាមកោះនានាក្នុងខេត្តព្រះសីហនុផងដែរ។ សូមជម្រាបផងដែរថា ក្នុងខេត្តព្រះសីហនុ មានក្រុមហ៊ុនទូកទេសចរណ៍ចំនួន១០ក្រុមហ៊ុន មាន០៦ បានស្នើសុំអាជ្ញាបណ្ណពីក្រសួងទេសចរណ៍ និង ០៤ក្រុមហ៊ុនទៀត សុំអាជ្ញាបណ្ណនៅសាលាខេត្តព្រះសីហនុ ៕ 
 

រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ


លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហ នុ ក្នុងកិច្ចប្រជុំប្រមូល និងគ្រប់គ្រងថវិកាពីក្រុមហ៊ុនទូកទេសចរណ៍

Tag:
 ទូកទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com