COVID-19
អន្តរជាតិ
ចិនថា ករណីផ្ទុះចុងក្រោយកើតឡើងដោយសារការនាំចូល
17, Jan 2021 , 5:59 pm        
រូបភាព
ករណីផ្ទុះជំងឺកូវីដ-១៩ នៅចិនរយៈពេលចុងក្រោយនេះ បង្កដោយករណីនាំចូល។ មន្រ្តីជាន់ខ្ពស់ចិនបញ្ជាក់បែបនេះនៅថ្ងៃទី១៦ ខែមករា។ ការនាំចូលនេះ អាចជាអ្នកដំណើរមកបរទេស ឬវីរុសជាប់លើកញ្ចប់អាហារក្លាសេនាំចូលពីប្រទេសផ្សេង។
 
បណ្ដាខេត្តនៅភាគខាងជើងមានហឺប៉ី ជីលីន និងហឺឡុងជាំង ជាខេត្តមានករណីឆ្លងខ្លាំងជាងគេរបស់ចិនៅពេលបច្ចុប្បន្ននេះ។ នៅថ្ងៃទី១៧ ខែមករា ចិនរាយការណ៍ករណីឆ្លងថ្មីចំនួន១០៩ ដែលក្នុងនោះករណីនាំចូលមាន១៣។ ករណីឆ្លងក្នុងស្រុកមាន៧២នៅខេត្តហឺប៉ី ១២នៅហីឡុងជាំង ១០នៅជីលីន និងពីរទៀតនៅប៉េកាំង។ 
 
ជាមួយករណីឆ្លងច្រើនបែបនេះ អាជ្ញាធរសុខាភិបាលចិនអះអាងថា ការនាំចូលពីខាងក្រៅជាមូលហេតុដែលនាំឲ្យមានការផ្ទុះរាលដាលទ្រង់ទ្រាយធំនៅខេត្តផ្សេងបែបនេះ។ ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៦ ខែមករា រដ្ឋមន្រ្តីនៃគណៈកម្មការសុខាភិបាលចិន ម៉ា សៀវវៃ បញ្ជាក់ក្នុងជំនួបជាមួយមន្រ្តីរដ្ឋាភិបាលនានា ថា តាំងពីខែធ្នូ ឆ្នាំ២០២០ មក ករណីឆ្លងកើតមាននៅក្រុងប៉េកាំង ខេត្តស៊ីឈ័ន លាវនីង ហឺប៉ី និងហីឡុងជាំងជាដើម។ 
 
«ពួកវាមានលក្ខណៈតទៅ។ ទីមួយ ពួកវាជាការនាំចូលពីបរទេស ដែលបង្កដោយអ្នកដំណើរមកប្រទេសផ្សេង ឬអាហារនាំចូល។» លោក ម៉ា លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
 
ទោះជាយ៉ាងណា ករណីឆ្លងប្រចាំថ្ងៃថ្មីៗនេះ នៅទាបនៅឡើយធៀបនឹងពេលកូវីដ-១៩ ផ្ទុះខ្លាំងក្នុងមករា កុម្ភៈ និងមីនា ឆ្នាំ២០២០ ។ ប៉ុន្តែក្ដីបារម្ភកំពុងកើនឡើងលើការរាលដាលចុងក្រោយនេះ ព្រោះនៅសល់ជិតមួយខែទៀតដល់ថ្ងៃបុណ្យចូលឆ្នាំរបស់ចិន ដែលជាពេលវេលាប្រជាជនរាប់លាននាក់ ធ្វើដំណើរទៅជួបជុំគ្រួសារនៅតាមខេត្ត។ 
 
និយាយដល់រឿងនាំចូលទំនិញដែលមានវីរុស ចិនជាប្រទេសតែមួយគត់ដែលអះអាងពីការចម្លងកូវីដ-១៩ពីកញ្ចប់អាហារទៅមនុស្ស ហើយផ្សព្វផ្សាយយ៉ាងទូលំទូលាយពីការរកឃើញវីរុសលើកញ្ចប់អាហារក្លាសេននាំចូល។ ប៉ុន្តែការអះអាងនេះត្រូវបានអង្គការសុខភាពពិភពលោកច្រានចោល៕

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com