ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក សូត្រ សួរ ខំជម្នះរៀនឱ្យបានខ្ពស់ ព្រោះឆ្អែតឆ្អន់នឹងភាពហត់នឿយមិនស្គាល់យប់ថ្ងៃ
18, Jan 2021 , 8:59 am        
រូបភាព
សៀមរាប៖ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងឆ្នាំ២០១៦ លោក សូត្រ សួរ អាចរកចំណូលបានជាង២ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ពីមុខជំនួញដែលមានក្នុងដៃនៅពេលបច្ចុប្បន្ននេះ។ ផ្ដើមចេញពីកុមារភាពលំបាកច្រើនដើររើសខ្យងខ្ចៅ និងមានយុវភាពជាអ្នករត់ម៉ូតូឌុប ធ្វើសំណង់ លក់លៀសហាល លក់ទឹកតែ និងយាមម៉ូតូឱ្យគេជាដើម លោក សូត្រ សួរ ប្រឹងប្រែងដើរមកដល់ចំណុចនេះ ព្រោះមិនចង់ប្រឈមក្តីលំបាកវេទនាដូចពីមុន។ ត្បិតបច្ចុប្បន្នអាចរស់ស្រួលហើយក្តី បុរសដែលជាស្ថាបនិក«សហគមន៍ទេសចរណ៍បាគង» ខេត្តសៀមរាប រូបនេះនៅតែមានបំណងបន្តការសិក្សាទៀត។

ដើម្បីជ្រាបច្បាស់ពីដំណើរជីវិតរបស់លោក សូត្រ សួរ តទៅនេះសូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖



 
«ជម្នះទៅរៀនបន្តដោយសារតែ ខ្ញុំវាហត់នឿយ ឆ្អែតឆ្អល់នឹងបទពិសោធន៍ដែលធ្វើការហត់នឿយណាស់។ យប់ឡើងមានភ្លៀងមានផ្គរម្ដាយដាស់ឱ្យទៅចាប់កង្កែបគីង្គក់។ គីង្គក់នេះខ្ញុំចាប់ទៅលក់នៅបារាយណ៍ច្រើនម៉ឺនក្បាលណាស់ ទាំងធ្វើឱ្យគេផង អ្នកណាក៏ស្គាល់ខ្ញុំដែរ។ ខ្ញុំទៅដើរចាប់គីង្គក់នៅក្រោយផ្ទះគេក្នុងសហគមន៍ហ្នឹងហើយ វាហត់នឿយទៅនឹងការងារកសិកម្មហ្នឹងផង ហត់នឿយទៅនឹងបងប្អូនខ្លះកាត់សើច ពេបជ្រាយផង ខ្ញុំចេះតែបង្ខំចិត្តទៅរៀន»។ នេះជាហេតុផលមួយ ក្នុងចំណោមហេតុផលពីរធំៗ ដែលជំរុញឱ្យលោក សូត្រ សួរ ត្រូវតែខំរៀនឱ្យបានខ្ពស់ ដើម្បីកែប្រែវាសនារបស់ខ្លួន។
 
មានដើមកំណើតលើទឹកដីអង្គរ ក្នុងស្រុកប្រាសាទបាគង លោក សូត្រ សួរ បច្ចុប្បន្នមានវ័យ៣៨ឆ្នាំ។ អង្គុយលើផែបណ្ដែតទឹកមួយ តុបតែងដោយដើមរុក្ខជាតិ និងស្បៃពណ៌ស ស្ថិតក្នុងទីតាំងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលធ្វើឡើងសម្រាប់ភ្ញៀវទេសចរណ៍អង្គុយសម្រាកលំហែ លោក សូត្រ សួរ បច្ចុប្បន្នមានមុខជំនួញផ្ទាល់ខ្លួនក្នុងដៃផង និងមានមុខជំនួញដែលសហការជាមួយជនបរទេសផង។


 
«ខ្ញុំដឹកនាំអ្នកវិនិយោគបរទេសមួយចំនួន មានប្រទេសអង់គ្លេស កាណាដា ហូឡង់ និងអ៊ីស្រាអែល។ ខ្ញុំបើកក្រុមហ៊ុនមួយលើវិស័យអចលនទ្រព្យ ហើយនឹងហិរញ្ញវត្ថុ នៅខេត្តសៀមរាប ប៉ោយប៉ែត បាត់ដំបង និងក្រុងព្រះសីហនុ។ អ៊ីចឹងការបង្កើតសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំនេះ ជាគម្រោងចុងក្រោយ ដែលជាថវិកាផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានពីការរកស៊ីអចលនវត្ថុ និងហិរញ្ញវត្ថុ»។ នេះជាការបញ្ជាក់របស់លោក សូត្រ សួរ។
 
បុរសមានបងប្អូន១២នាក់រូបនេះ បានបង្កើតសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតក្នុងភូមិកំណើត គឺភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីផ្ដល់ប្រយោជន៍ឱ្យដល់ប្រជាជនក្នុងសហគមន៍ទាំងមូល។ លោក សូត្រ សួរ បញ្ជាក់បន្ថែមពីមុខជំនួញរបស់ខ្លួនដូច្នេះ៖«ជាមុខជំនួញខ្ញុំមានហាងបញ្ចាំមួយ ខ្ញុំមានជាលក្ខណៈបូទីក ផ្ទះសំណាក់ ហើយខ្ញុំលក់ផ្ដាច់មុខទីបអង្គរ ទីបហង្ស ទីបនាគ (បំពង់ទីបសម្រាប់ធ្វើកសិកម្ម និងធ្វើសំណង់) សម្រាប់ផ្គត់ផ្គង់ពេញមួយខេត្តសៀមរាប។ សហគមន៍នេះ តើអាចថាជាមុខជំនួញដែរទេ ឬមិនមែនទេ? ជារួមទៅជាមុខជំនួញ គ្រាន់តែយើងផ្សារភ្ជាប់ជាមួយនឹងប្រជាពលរដ្ឋក្នុងសហគមន៍»។ 
 
មុនមានសមត្ថភាព គ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួនដូចសព្វថ្ងៃ បុរសសម្បុរស្រអែម មុខមូលញញឹមស្រស់រូបនេះ ធ្លាប់កម្មករ រត់ម៉ូតូឌុប និងធ្វើការឱ្យគេច្រើនមុខថែមទៀត។ ជួបមនុស្សថ្មីៗ និងទទួលបានបទពិសោធន៍ពីការងារដែលធ្លាប់ឆ្លងកាត់ រួមផ្សំនឹងគំនិតធ្វើជំនួញតាំងពីក្មេងផង បានធ្វើឱ្យយុវជនខេត្តសៀមរាប សូត្រ សួរ ចាប់យកឱកាសធ្វើជំនួញភ្លាម។


 
ស្របពេលបើកដំណើរការអាជីវកម្ម លោក សូត្រ សួរ ក៏បានផ្ដួចផ្ដើមបង្កើតអង្គការមួយ ដើម្បីជួយដល់កុមារក្រីក្រ និងស្ត្រីខ្វះទីពឹងផងដែរ កាលពីឆ្នាំ២០០៧។
 
«កាលនោះខ្ញុំរត់រ៉ឺម៉ក រត់ម៉ូតូឌុប ហើយធ្វើការនៅសណ្ឋាគារ FCC ចេញពី FCC ខ្ញុំក៏ទៅដឹកភ្ញៀវនៅផ្ទះសំណាក់ ខ្ញុំបានកៀងគរភ្ញៀវ ស្គាល់ភ្ញៀវបរទេសច្រើន ខ្ញុំមានឱកាសក៏បានបើកផ្ទះសំណាក់រកស៊ីនៅសៀមរាប បាន៣ទៅ៤កន្លែងដែរ។ ហើយកៀងគរភ្ញៀវបរទេសច្រើន ក្នុងនោះខ្ញុំក៏បានចាប់ផ្ដើមបង្កើតមូលនិធិអង្គការក្ដីសង្ឃឹមថ្មីនៅកម្ពុជា(New Hope Cambodia)។ ខ្ញុំបានជួយក្មេង១,២០០នាក់លើវិស័យអប់រំ វិស័យសុខាភិបាល និងសង្គមកិច្ច»។ 
 
សម្រាប់គម្រោងទៅថ្ងៃអនាគត បុរសដែលមានម្ដាយជាស្ត្រីម៉េមាយរូបនេះ បានដាក់គោលដៅបង្កើតសហគមន៍នៅខេត្តទេសចរណ៍៣ផ្សេងទៀត ដើម្បីជួយជីវភាពប្រជាជនក្នុងតំបន់នោះផ្ទាល់តែម្ដង។
លោកថ្លែងដូច្នេះ៖ «ខ្ញុំមានគម្រោងបន្តបន្ទាប់ទៀត ខ្ញុំចង់បង្កើតសហគមន៍នៅមណ្ឌលគិរី ហើយបង្កើតនៅពោធិ៍សាត់ ហើយខ្ញុំបង្កើតមួយចំនួនទៀតនៅខេត្តបាត់ដំបង ពេលចប់ខ្ញុំនឹងដើរចេញដូចគ្នា។ ក្នុងមួយខែចំណូលរបស់ខ្ញុំជាង២ម៉ឺនដុល្លារ ទៅលើមុខជំនួញទាំងអស់»។ 
 
អង្គុយលើផែបណ្ដែតទឹក ហើយភ្នែកសម្លឹងឆ្ងាយឆ្ពោះទិសបស្ចិម វេលាសុរិយាទន់ទេរ លោក សួរ ពន្យល់ពីមូលហេតុដែលជ្រើសរើសខេត្តទាំងបីខាងលើ ជាតំបន់គោលដៅសម្រាប់បង្កើតសហគមន៍។
«មានខេត្ត៣ដែលគ្រោងរៀបចំដូចនៅទីនេះដែរ តើមូលហេតុអ្វីជ្រើសរើស៣ខេត្តនោះ ដើម្បីធ្វើការងារនេះ? យើងជ្រើសរើសដោយសារកត្តាទេសចរណ៍ផង អាកាសធាតុ និងទីតាំង។ ទីមួយសម្រាប់ជួយប្រជាពលរដ្ឋផង យើងផ្ដោតលើភ្ញៀវក្នុងស្រុកផង និងក្រៅស្រុកដែលគាត់មកលេង គាត់មានឱកាសបានជួយគាំទ្រ។ ដោយឡែកនៅមណ្ឌលគិរីក៏ដូចគ្នាដែរ យើងគិតថាថ្ងៃក្រោយភ្ញៀវក្នុងស្រុកក៏ច្រើនហើយ ប៉ុន្តែភ្ញៀវអន្តរជាតិ យើងគិតថាពី៥ទៅ១០ឆ្នាំ ទៅមុខទៀត អាចនឹងទៅច្រើន។ នៅអូរសោម នៅពោធិ៍សាត់ គឺយើងសំដៅតែភ្ញៀវក្នុងស្រុកទេ»។


 
ត្រឹមនេះរំលឹកពីអតីតកាលរបស់លោក សូត្រ សួរ បន្តិច។ តាមពិតទៅជីវភាពក្នុងគ្រួសាររបស់ បុរសមានបងប្អូន១២នាក់ តែនៅមានជីវិតតែ៧នាក់រូបនេះ មានភាពលំបាកច្រើនគួសមដែរ។ មានឪពុកជាមេភូមិ ទទួលបានប្រាក់ខែបន្តិចបន្តួច ហើយប្រាក់នេះមិនអាចដោះស្រាយជីវភាពបាន តម្រូវឱ្យម្ដាយ និងបងប្អូនទាំងអស់ត្រូវប្រឹងប្រែងធ្វើចម្ការស្រែ និងលក់ដូរទំនិញកំប៉ិកកំប៉ុកគ្រប់ច្រកល្ហក។
 
«កត្តាជីវភាពគឺរស់នៅលំបាកណាស់ ខ្ញុំត្រូវធ្វើការហត់នឿយ ហើយបងប្អូនត្រូវឈប់រៀនច្រើន ដោយសារឪពុកប្រាក់ខែគាត់បានតែ២ម៉ឺនរៀល កាលពីសម័យ៩៣ ទៅ៩៧»។ លោក សូត្រ សួរ រៀបរាប់ដូច្នេះមុនបន្តថា៖ «ម្ដាយរបស់ខ្ញុំគឺជាអ្នកស្រែចម្ការ ហើយខ្ញុំទាំងអស់គ្នាត្រូវធ្វើស្រែចម្ការដាំដំណាំ។ សហគមន៍នេះហើយ គឺជាកន្លែងដែលខ្ញុំរស់នៅ២២ឆ្នាំ គឺយើងដាំពោត ដាំសណ្ដែក ដាំក្រូចឆ្មារ ក្រូចពោធិ៍សាត់ ចេកផ្សេងៗ ហើយពេលចុងសប្ដាហ៍ ខ្ញុំទៅប្រមូលលៀសនៅទន្លេសាបយកមកលក់»។
 
ជីវភាពកំពុងតែខ្វះខាតស្រាប់ផង ឪពុករបស់លោកស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ធ្លាក់ខ្លួនពិការមិនអាចធ្វើការងារអ្វីបាន ហើយនៅឆ្នាំ១៩៩៣ ឪពុកបានចែកឋានទៅទៀត។ បាត់បង់បង្គោលគ្រួសារ កូនប្រុសច្បង រួមទាំងលោក សូត្រ សួរ បានក្លាយជាមេគ្រួសារជំនួសអ្នកមានគុណ។
 
«ថ្ងៃខ្លះខ្ញុំទៅផ្សារ ដើម្បីលក់បន្លែត្រីសាច់នៅផ្សាររលួស ហើយពេលវិស្សមកាលរបស់រដ្ឋ៣ខែ ខ្ញុំជិះទៅធ្វើការសំណង់នៅសៀមរាប នៅសណ្ឋាគារជេនជូរី បានប្រាក់ប្រហែលជា២ពាន់៥រយរៀលក្នុងមួយថ្ងៃ ដើម្បីយកលុយមករៀន។ បុណ្យទានម្ដងៗខ្ញុំមិនដែលមានពេលទំនេរទេ ដូចជាចូលឆ្នាំ ខ្ញុំតែងតែលក់លៀសហាល លក់ទឹកតែ ម្ដាយខ្ញុំឈរលក់បបរ ហើយខ្ញុំដាក់ការាស់ផ្ញើកង់ម៉ូតូ ខ្ញុំធ្វើបែបនេះជារៀងរាល់ឆ្នាំ ហើយបងប្អូនប្រជាពលរដ្ឋនៅទីនេះគាត់ដឹងរឿងនេះច្បាស់»។


 
កើតក្នុងគ្រួសារមានជីវភាពទីទាល់ក្រ កំព្រាឪពុកតាំងពីក្មេង ជីវិតសិក្សាក្នុងវិទ្យាល័យត្រូវជ្រែកខ្លួន ទៅធ្វើជាកម្មករប្រើកម្លាំងផង និងខំឆ្លៀតរកប្រាក់តាមគ្រប់វិធី បើគិតពីមនុស្សធម្មតា ទំនងពិបាករើបម្រះចេញពីអន្លង់មួយនេះ ដើម្បីស្វែងរកពន្លឺព្រះអាទិត្យថ្មីណាស់។ ប៉ុន្តែលោក សូត្រ សួរ អាចធ្វើវាបាន។
 
លោក សូត្រ សួរ និយាយដូច្នេះ៖ «ដោយសារតែកត្តាជីវភាពផង ហត់នឿយផង ប្រជាជនមួយចំនួនអាចនឹងមិនបានរៀនច្រើនទេ សម្រាប់លោកវិញបានឆ្លងផុតរៀនថ្នាក់ទី១២ ដល់ថ្នាក់បរិញ្ញា និងលើសថ្នាក់បរិញ្ញា តើមូលហេតុអ្វី? យុវវ័យរបស់ខ្ញុំ ខ្ញុំមិនបានឆ្លងកាត់ភាពសប្បាយរីករាយដូចជាគេនោះទេ។ ពីតូចមកខ្ញុំចូលចិត្តអានសៀវភៅ ហើយរៀននៅក្នុងសាលាយីស៊ូ ការបង្រៀនរបស់គេ គឺលុតដំរៀងច្រើន គេឱ្យយើងអានសៀវភៅ គេឱ្យយើងស្ម័គ្រចិត្តក្នុងសហគមន៍ តាមរយៈការជួយដាំដំណាំប្រជាជន ធ្វើផ្ទះបុកអណ្ដូង ជួសជុលផ្លូវ លាបថ្នាំសាធារណៈ អ៊ីចឹងទៅតែកាលណាយើងបានធ្វើការ យើងបានបទពិសោធន៍»។ 
 
មិនខុសពីពាក្យចាស់បានពោលថា បើមិនមានការឈឺចាប់ ក៏មិនមានការប្រឹងប្រែងដែរ។ វាក៏ជាធាតុផ្សំសំខាន់ជំរុញឱ្យយុវជនកូនអ្នកស្រែចម្ការក្រីក្ររូបនេះ ត្រូវតែឆ្លងឱ្យផុតពីភាពអវិជ្ជានោះដែរ។
 
លោក សូត្រ សួរ រៀបរាប់ដូច្នេះ៖ «អនុស្សាវរីយ៍ដែលចាំមិនភ្លេចហើយប្រឹងរៀនខ្លាំង វាមានកត្តា២ ទីមួយដោយសារកត្តាជីវភាពក្រីក្រពេក ចំណុចមួយទៀត ពេលដែលខ្ញុំមានទំនាក់ទំនងស្នេហាជាមួយកូនអ្នកភូមិនៅទីនេះ ម្ដាយគេមិនឱ្យខ្ញុំហើយ គេមើលងាយខ្ញុំថាគេមិនចង់ឱ្យកូនរៀបការជាមួយអ្នកស្រុកស្រែក្រីក្រ។ នេះជាចំណុចខ្លាំង ជាការតាំងចិត្ត ជាការឈឺចិត្ត ដែលខ្ញុំត្រូវតែជម្នះបញ្ហា»។
 
បានទៅរៀនវគ្គខ្លីនានា នៅប្រទេសអូស្ត្រាលី និងនៅប្រទេសជប៉ុនជាច្រើនលើក រួមទាំងបានទៅដកពិសធន៍ក្នុងប្រទេសនៅប៉ែកអឺរ៉ុប និងអាស៊ី ជាច្រើន លោក សូត្រ សួរ និយាយថាចំណេះដឹងមាននៅគ្រប់ទីកន្លែង គ្រប់ពេលវេលា។ បុរសដែលខំប្រឹងប្រែងដើម្បីអនាគតគ្រួសារខ្លួន រួមទាំងប្រជាជនក្នុងសហគមន៍ផងនោះ ក៏ដូចជាលើកទឹកចិត្តឱ្យយុវជន ព្យាយាមទាញចំណេះដឹងឱ្យបានគ្រប់ច្រកដែលខ្លួនបានជួប។ 
បុរសវ័យ ៣៨ ឆ្នាំរូបនេះផ្តល់យោបល់ថា៖ «ឥឡូវនេះមានទូរស័ព្ទស្មាតហ្វូន យើងអាចស្រាវជ្រាវពីព័ត៌មានទូទៅ ពីឯកសារសំខាន់ៗ។
 
ការរៀននេះមិនមែនតែពីសៀវភៅទាំងស្រុងនោះទេ ដើម្បីដកស្រង់បទពិសោធយើងត្រូវទៅធ្វើការស្ម័គ្រចិត្ត ក្នុងសហគមន៍ ក្នុងអង្គការក្រៅស្រុក និងក្នុងស្រុក ស្ម័គ្រចិត្តក្នុងអង្គភាពរបស់រដ្ឋ ស្ម័គ្រចិត្តក្នុងក្រុមហ៊ុន ហើយយើងដើរកម្សាន្ត ដើរទស្សនកិច្ចឱ្យបានច្រើន ក្នុងស្រុកក្ដីក្រៅស្រុកក្ដី ហើយយើងស្ដាប់ម៉ាញ៉េ ទូរទស្សន៍ និងកាសែតជាដើម។ យើងស្ដាប់ពិសោធន៍ដែលគេធ្លាប់ជោគជ័យ ហ្នឹងហើយជាមូលដ្ឋានគ្រឹះដែលឱ្យយើងអាចរកច្រកថ្មី»។ 
 
ដ្បិតបច្ចុប្បន្ន គេអាចនិយាយបានថា លោក សូត្រ សួរ បានទទួលជោគជ័យក្នុងមុខជំនួញខ្លះ មានចំណេះដឹង និងមានបទពិសោធន៍ អាចរស់ក្នុងសង្គមស្រួលហើយក៏ពិតមែន ប៉ុន្តែបុរសរូបនេះ នៅតែមានបំណងបន្តការសិក្សាទៅមុខទៀត ដើម្បីពង្រីកចំណេះដឹងបន្ថែម៕  
 

Tag:
 មុខរបរ
  ជំនាញ
  សិក្សា
  ហត់នឿយ
© រក្សាសិទ្ធិដោយ thmeythmey.com