COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើង​លេខ​២ ក្រោយ Liverpool និង Man Utd គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី​
18, Jan 2021 , 11:15 am        
រូបភាព
​ជំនួប​គូ​ពិសេស Liverpool និង Manchester United បានបញ្ចប់​ដោយ​គ្មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​ក្នុងការ​ប្រកួត Premier League សប្តាហ៍​ទី​១៨​។ Liverpool ធ្លាក់​ទៅ​លេខ​៤ ហើយ Man Utd នៅ​រក្សា​កំពូល​តារាង ខណៈ Manchester City ឡើងទៅ​លេខ​២ ក្រោយ​ឈ្នះ Crystal Palace ៤-០​។​

​លទ្ធផល​ស្មើគ្នា​រវាង​ហង្ស​ក្រហម​ដែលជា​ម្ចាស់​ការពារ​តំណែង​ជើងឯក និង​បិសាច​ក្រហម​នៅ​កីឡដ្ឋាន Anfield នៅ​យប់​ថ្ងៃទី​១៧ ខែមករា បាន​បើកផ្លូវ​ឲ្យ​ក្រុម​មេឃ​ខៀវ​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​២ និង​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ថែមទៀត​។​
 
​ក្រោយ​ទទួលបាន​១​ពិន្ទុ​បន្ថែម​នៅ​ជំនួប​ទី​១៨​រដូវ​កាល​នេះ Man Utd នៅ​ឈរ​ចំណាត់ថ្នាក់​ទី​១​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​ដដែល ដោយ​រកបាន​៣៧​ពិន្ទុ ខណៈ Liverpool ធ្លាក់​ទៅ​លេខ​៤ មាន​៣៤​ពិន្ទុ​។ Man City ដែល​បានឈ្នះ Crystal Palace បាន​ឡើងទៅ​លេខ​២​វិញ ក្រោយ​ការប្រកួត​ទី​១៧​របស់ខ្លួន ជាមួយ​ពិន្ទុសរុប ៣៥​ពិន្ទុ​។​
 
​ក្រុម​របស់លោក Pep Guardiola មានឱកាស​ឡើងទៅ​ឈរ​កំពូល​តារាង បើសិន​ពួកគេ​អាច​រកបាន​៣​ពិន្ទុ សម្រាប់​ការប្រកួត​ក្នុង​ដៃ​មួយលើកទៀត​។​
 
Leicester City ក៏​ជា​ក្រុម​ដែល​កំពុង​ប្រជែង​តំណែង​ជើងឯក Premier League រដូវ​កាល​នេះដែរ​។ ក្រុម​រហ្សនាម​កញ្ជ្រោង​ឈរ​នៅ​លេខ​រៀង​ទី​៣​ដោយ​រកបាន​៣៥​ពិន្ទុ​ក្រោយ​ឈ្នះ Southampton ២-០ នា​ការប្រកួត​១៨​លើក​របស់​ពួកគេ​។ Tottenham Hotspur ដែល​ឈ្នះ ក្រុម​បាត​តារាង Sheffield United ៣-១ ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ មាន​៣៣​ពិន្ទុ​។​
 
​ក្រុម​ពី​លេខ​១​ដល់​លេខ​៥ Man Utd, Man City, Leicester City, Liverpool និង Spurs ជា​ក្រុម​ប្រជែង​គ្នា​ខ្លាំង​សម្រាប់​ពាន Premier League រដូវ​កាល​នេះ​។ Fulham, West Bromwich និង Sheffield United ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com