លោក ចូ បៃឌិន ដែលនឹងស្បថកាន់តំណែងប្រធានាធិបតី នៅថ្ងៃទី២០ មករា នឹងចេញបញ្ជាប្រតិបត្តិជាច្រើន សំដៅលុបចោលបញ្ជាប្រតិបត្តិដ៏ចម្រូងចម្រាសរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ។ បការកែប្រែគោលនយោបាយអន្តោប្រវេសន៍ បរិស្ថាន និងវិធានការស្រោចស្រង់សេដ្ឋកិច្ចអាមេរិកដែលរងគ្រោះដោយជំងឺកូវីដ-១៩ ជារបៀបវារៈសំខាន់ៗនៅរយៈពេលដំបូងនៃអាណត្តិលោក បៃឌិន ។
នៅថ្ងៃដំបូងនៃអាណត្តិប្រធានាធិបតី លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិដែលនឹងកែប្រែគោលនយោបាយក្នុងស្រុកអាមេរិក ក្រោយស្ថិតក្រោមការគ្រប់គ្រងរបស់លោក ដូណាល ត្រាំ បួនឆ្នាំមកនេះ។ ការចេញបញ្ជាប្រតិបត្តិដោយប្រធានាធិបតី ជាការដាក់ឱ្យអនុវត្តគោលនយោបាយ និងច្បាប់មួយចំនួន ដោយពុំចាំបាច់ឆ្លងកាត់ការអនុម័តដោយសភាដែលត្រូវចំណាយពេលយូរឡើយ។
បញ្ហាអន្តោប្រវេសន៍ ជាមុខសញ្ញាទីមួយ។ បន្ទាប់ពីស្បថចូលកាន់តំណែង លោក បៃឌិន នឹងចេញបញ្ជាប្រតិបត្តិបញ្ចប់ការរឹតត្បិតលើបញ្ហាអន្តោប្រវេសន៍ ដែលលោក ត្រាំ ហាមមិនឱ្យពលរដ្ឋក្នុងប្រទេសឥស្លាមធំៗដូចជាអ៊ីរ៉ង់ ស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានជាដើម ចូលក្នុងទឹកដីអាមេរិក។ លោក ត្រាំ រងការរិះគន់ខ្លាំងលើរឿងនេះ ព្រោះបញ្ជាប្រតិបត្តិខាងលើ ត្រូវគេមើលឃើញថា ជាការរើសអើងពូជសាសន៍ និងបង្កឱ្យមានការស្អប់ខ្ពើម។
លោក Ron Klain នាយកខុទ្ទកាល័យសេតវិមាននិយាយថា លោក បៃឌិន ក៏មានគម្រោងក្នុងការដាក់ស្នើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ទៅសភាផងដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP ។ លើសពីនោះ ជនអន្តោប្រវេសន៍ដែលចូលមកទឹកដីអាមេរិកដោយខុសច្បាប់ អាចទទួលបានសញ្ជាតិតាមរយៈនីតិវិធីដែលមានរយៈពេល៨ឆ្នាំ។ ចំណែកឯកុមារ និងជនអន្តោប្រវេសន៍មកពីប្រទេសរងគ្រោះដោយសង្គ្រាម នឹងទទួលបានសញ្ជាតិលឿនជាងជនអន្តោប្រវេសន៍ដទៃដែរ។
លោក បៃឌិន ក៏នឹងបញ្ចូលអាមេរិកចូលកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ ឡើងវិញ ក្រោយលោក ត្រាំ អូសអាមេរិកចេញ។ លោក បៃឌិន នឹងចេញផែនការស្តីពីការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ តាមរយៈការវិនិយោគទឹកប្រាក់ចំនួន២ទ្រីលានដុល្លារក្នុងវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងការការពារបរិស្ថាន។
នៅថ្ងៃទី២០ មករាដដែល លោកបៃឌិន នឹងចុះហត្ថលេខាលើបញ្ជាប្រតិបត្តិឱ្យផ្អាកការបង់ប្រាក់កម្ចីសិក្សារបស់ពលរដ្ឋអាមេរិកដែលកំពុងជួបបញ្ហាលំបាកដោយសារផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីជំងឺកូវីដ-១៩។ ការផ្អាកបង់ នឹងបញ្ចៀសមិនឱ្យអ្នកគ្មានប្រាក់បង់ ប្រឈមទៅនឹងការរឹបអូសទ្រព្យសម្បត្តិ។
សម្រាប់ថ្ងៃទី២១ មករា ដែលជាថ្ងៃទី២ នៃការកាន់តំណែង លោក Klain អះអាងថា លោក បៃឌិន នឹងចេញបញ្ជាទាក់ទងទៅនឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាប្រាក់សង្គ្រោះដល់ពលរដ្ឋអាមេរិក។ បញ្ជាប្រតិបត្តិរបស់លោកបៃឌិន នឹងអនុញ្ញាតឱ្យបើកសាលារៀន និងអាជីវកម្មឡើងវិញ ដ៏ដូចជាបង្កើនការធ្វើតេស្ត និងផ្តល់វ៉ាក់សាំងផងដែរ។
នៅសប្តាហ៍បន្ទាប់ រដ្ឋបាលលោកបៃឌិន នឹងបញ្ចេញសកម្មភាពបន្ថែមទៀតក្នុងកំណែទម្រង់វិស័យយុត្តិធម៌ព្រហ្មទណ្ឌ បម្រែបម្រួលអាកាសធាតុ និងអន្តោប្រវេសន៍។ ចំពោះបញ្ហាអន្តោប្រវេសន៍នេះ លោកនឹងចេញបញ្ជាឱ្យពន្លឿនការស្វែងរកគ្រួសាររបស់កុមារ ដែលត្រូវបានបំបែកចេញនៅព្រំដែនអាមេរិក-ម៉ិកស៊ីកូ ដោយសារតែគោលនយោបាយរបស់លោក ត្រាំ កាលពីឆ្នាំ២០១៧។
ជាប្រពៃណី ប្រធានាធិបតីដែលឡើងកាន់អំណាច តែងតែចេញបញ្ជាប្រតិបត្តិ ដើម្បីសម្រេចចេញគោលនយោបាយដែលខ្លួនបានសន្យារអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។ លោក ត្រាំ ក៏ដាក់ចេញបញ្ជាប្រតិបត្តិជាច្រើនផងដែរនៅពេលកាន់អំណាច ប៉ុន្តែបញ្ជាភាគច្រើនត្រូវបានជំទាស់មិនអនុវត្តដោយរដ្ឋមួយចំនួន ឯខ្លះទៀតត្រូវបានលុបចោលដោយតុលាការ៕