កីឡាអន្តរជាតិ
អន្តរជាតិ
Messi បាន​កាត​ក្រហម​ដំបូង​នៅ Barca ខណៈ​ក្រុម​របូត​ពាន Super Cup ទៅ Bilbao
18, Jan 2021 , 2:10 pm        
រូបភាព
​ដោយ​៖ ជា យូ​គៀង

Barcelona បាន​បាត់បង់​ពានរង្វាន់ Super Cup ក្រោយ​ចាញ់ Athletic Bilbao ដោយ​លទ្ធផល ២-៣ ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​។ Lionel Messi មិន​អាចជួយ​ក្រុម​បាន ហើយ​ថែមទាំង​ទទួលបាន​កាត​ក្រហម​ជា​លើកដំបូង​ក្នុង​អាជីព​សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ទៀតផង​។​


​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​រាត្រី​ថ្ងៃទី​១៨ ខែមករា ខ្សែបម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង Antoine Griezmann រកបាន​ទាំង​២​គ្រាប់​ឲ្យ Barcelona នៅ​នាទី​៤០ និង​៧៧ ខណៈ Athletic Bilbao រកបាន ៣​គ្រាប់​ដោយ​កីឡាករ Oscar de Marcos នៅ​នាទី ៤២ កីឡាករ Asier Villalibre នៅ​នាទី ៩០ និង Inaki Williams នៅ​នាទី​៩៤ នៃ​ម៉ោង​បន្ថែម​។​
 
​ការប្រកួត​រវាង​ក្រុម​ទាំង​២​មាន​ភាព​តានតឹង​រហូត​អូសបន្លាយ​ដល់​ពេញ ៩០​នាទី​ត្រឹម​លទ្ធផល ២-២​។ ដោយ​ត្រូវ​ស្វែងរក​ម្ចាស់​ពាន​តម្រូវ​ឲ​ក្រុម​ទាំង​២ ប្រកួត​ថែម​ម៉ោង ១៥​នាទី ពីរដង ហើយ Bilbao ជា​អ្នកទទួលបាន​ជ័យជម្នះ​នេះ​។​
 
​តាមរយៈ​លទ្ធផល​ជ័យជម្នះ ៣-២ បាន​នាំ​ឲ្យ Bilbao ក្លាយជា​ម្ចាស់​ពាន Super Cup សម្រាប់​រដូវ​កាល ២០២០-២១​នេះ និង​ជា​លើក​ទី​៣​ដែល​ពួកគេ​ទទួលបាន​។ 
​ស្របពេល​គ្នា​នេះដែរ Messi ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន ក៏​ទទួល​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​នៅ​ចុង​ម៉ោង​នាទី​១២០​ផងដែរ ក្រោយ​ប្រើ​ហិង្សា​លើ​កីឡាករ Asier Vallalibre​។ នេះ​ជាការ​ទទួលបាន​កាត​ក្រហម​លើកដំបូង​របស់​ម្ចាស់​ពាន Ballon d’or ៦​សម័យ សម្រាប់​ក្រុម​យក្ស​អេ​ស្ប៉ា​ញ និង​ជា​លើក​ទី​៣​ក្នុង​អាជីព​។​
 
Messi ទទួលបាន​កាត​ក្រហម​លើក​ទី​១ នៅពេល​លេង​ឲ្យ​អា​ហ្ស​ង់​ទីន នា​ជំនួប​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុង​គ្រី នៅ​ឆ្នាំ ២០០៥ និង​ទី​២ ក្នុង​ពានរង្វាន់ Copa America នៅពេល​ប៉ះ​ស៊ី​លី នៅ​ឆ្នាំ ២០១៩៕

Tag:
 Super Cup
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com