អន្តរជាតិ
លោក មូន ទទូចឲ្យលោក បៃឌិន បន្តចរចាជាមួយកូរ៉េខាងជើងទៅតាមអ្វីលោក ត្រាំ បន្សល់ទុក 18, Jan 2021 , 10:29 pm
លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបថត AFP
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃទី១៨ មករា បានស្នើឲ្យប្រធានាធិបតីជាប់ឆ្នោតអាមេរិកចូ បៃឌិន បន្តការចរចាជាមួយកូរ៉េខាងជើងលើការរំសាយនុយក្លេអ៊ែរ ដោយផ្អែកតាមអ្វីដែលបន្សល់ទុកពីរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ។ លោក ត្រាំ និងលោក គីម បានជួបចរចាគ្នាបីលើក តែពុំសម្រេចបានលទ្ធផលដុំកំភួនទេ ខណៈកូរ៉េខាងជើងយល់ព្រមលុបបំបាត់នុយក្លេអ៊ែរជាថ្នូរការលើកទណ្ឌកម្មសេដ្ឋកិច្ច។
ក្នុងសន្និសីទសារព័ត៌មានឆ្នាំថ្មី លោក មូន ចេអ៊ីន ដែលបានដើរតួនាទីយ៉ាងចម្បងក្នុងការរៀបចំឲ្យមានជំនួបរវាងវ៉ាស៊ីនតោន និងព្យុងយ៉ាង និយាយថា លោកនឹងព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីជាប់ឆ្នោត ចូ បៃឌិន ចាត់ទុកកូរ៉េខាងជើងជាសំណុំរឿងអាទិភាពសម្រាប់គោលនយោបាយការបរទេសអាមេរិក។ លោកនិយាយទៀតថា លោក បៃឌិន អាចចាប់ផ្តើមកិច្ចសន្ទនាជាថ្មីដោយផ្អែកលើសេចក្តីថ្លែងការណ៍រួមនៅសិង្ហបុរីឆ្នាំ២០១៨ ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃជំនួបរវាងលោក ដូណាល់ ត្រាំ និងគីម ជុងអ៊ុន នៅឆ្នាំ២០១៨ ភាគីទាំងពីរប្តេជ្ញាធ្វើការរួមគ្នាក្នុងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ យ៉ាងណាក្តី ការប្តេជ្ញានេះពុំបានសម្រេចផ្លែផ្កាអ្វីឡើយ ហើយជំនួបលើកទីពីរ នៅទីក្រុងហាណូយ ពុំបានលទ្ធផលអ្វី។ រីឯជំនួបជាបន្តបន្ទាប់នៃក្រុមការងារប្រទេសទាំងក៏បរាជ័យផងដែរ ដោយអាមេរិកច្រានចោលការទាមទាររបស់កូរ៉េខាងជើងក្នុងការដកទណ្ឌកម្មសេដ្ឋកិច្ចជាមុន ជាថ្នូរទៅនឹងការរំសាយនុយក្លេអ៊ែរ។
នៅក្នុងសមាជបក្សពលករកូរ៉េកាលពីសប្តាហ៍មុន លោក គីម លើកឡើងពីការបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែរ មីស៊ីលផ្លោង និងបន្តចាត់ទុកអាមេរិកជាសត្រូវដ៏ធំបំផុតរបស់ខ្លួនដដែល។ ការលើកឡើងរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងនេះ នាំឱ្យលោក មូន លើកឡើងពីភាពចាំបាច់ក្នុងការចរចាដើម្បីរំសាយអាវុធនុយក្លេអ៊ែរឡើងវិញ។
«ការស្បថចូលកាន់តំណែងនៃរដ្ឋបាលលោក បៃឌិន ជាចំណុចចាប់ផ្តើមថ្មីនៃកិច្ចសន្ទនារវាងអាមេរិក-កូរ៉េខាងជើង និងកិច្ចសន្ទនាអន្តរកូរ៉េ ដើម្បីបន្តសមិទ្ធផលដែលសម្រេចបានក្រោមរដ្ឋបាលរបស់លោកត្រាំ»។ ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ស្រង់សម្ដី លោក មូន បែបនេះ។
មេដឹកនាំកូរ៉េខាងត្បូងរូបនេះ អះអាងថា លោក គីម នៅតែមានចេតនាក្នុងការចរចា បើសិនជាអាមេរិក និងកូរ៉េខាងជើងអាចស្វែងរកវិធីសាស្ត្រក្នុងការកាត់បន្ថយការគំរាមប្រើអាវុធនុយក្លេអ៊ែរដាក់គ្នា និងការធានាសន្តិសុខនៃរបបកុម្មុយនីស្តឯកោនេះ។ លោក មូន បន្តថា កិច្ចជំនួបរវាងលោកត្រាំ និងលោកគីមនាឆ្នាំ២០១៨ នៅតែមានសារសំខាន់ ហើយរដ្ឋបាលរបស់លោក បៃឌិន គួរតែរៀនសូត្រពីបរាជ័យនៃជំនួបលើទីពីរនាឆ្នាំ២០១៩។
ចំពោះកម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងវិញ លោក មូន បញ្ជាក់ថា កូរ៉េខាងត្បូងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទបស្កាត់នឹងការគំរាមនេះដោយមានប្រព័ន្ធការពារមីស៊ីល និងសម្ភារយោធាដទៃទៀត។ កម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ជាចំណុចស្នូលនៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយប្រទេសនេះមានមហិច្ឆតាក្នុងការពង្រីកសមត្ថភាព និងរយៈចម្ងាយនៃមីស៊ីលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួន៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com