កីឡាអន្តរជាតិ
អន្តរជាតិ
Ozil រីករាយ ពេល​បាន​ចាក​ចេញពី Arsenal ដើម្បី​ទៅ​ចូលរួម​ជាមួយ Fenerbahce
18, Jan 2021 , 4:54 pm        
រូបភាព
Mesut Ozil បង្ហាញ​អារម្មណ៍​រំភើប និង​រីករាយ​បំផុត​ដែល​ជិត​បាន​ប្តូរ​ទៅ​ក្រុម​ថ្មី Fenerbahce ស្របពេល​ក្លិប​នៃ​លី​គ​កំពូល​តួ​ក​គី​នេះ​បាន​បញ្ជាក់ថា​ដំណើរការ​ផ្ទេរ​យក​ខ្សែបម្រើ​រូបនេះ​ពី Arsenal ឈានដល់​ការពិនិត្យ​សុខភាព​។​

​ក្លិប Fenerbahce បានប្រកាស​នៅ​ថ្ងៃទី​១៧ ខែមករា ថា Ozil នឹង​បញ្ចប់​អាជីព​ជាមួយ​កាំភ្លើង​ធំ​នៃ​ក្របខណ្ឌ Premier League ត្រឹម​រយៈពេល​៨​ឆ្នាំ​នៅក្នុង​អំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​នេះ ដើម្បី​ទៅ​ចូលរួម​ជាមួយ​ខ្លួន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្របពេល​ប្រពន្ធ និង​កូន Ozil ទៅដល់​តួ​ក​គី​មុន​ហើយ​។​
 
​ក្នុង​ដំណើរ​ពី​អង់គ្លេស​ទៅកាន់​តួ​ក​គី​ដើម្បី​ពិនិត្យ​សុខភាព ខ្សែបម្រើ​អន្តរជាតិ​អាល្លឺម៉ង់ វ័យ​៣២​ឆ្នាំ​រូបនេះ បានបង្ហាញ​ក្តីរំភើប​ជាង​ខ្លាំង​ក្នុងការ​ក្លាយជា​សមាជិក​ក្រុម​ម្ចាស់ការ​ជើងឯក Super Lig លី​គ​កំពូល​ទួរគី​។ Ozil អះអាងថា​រូបគេ​នៅតែមាន​សុខភាព​ល្អ បើ​ទោះ​មិនបាន​ប៉ះបាល់​លើ​ទីលាន​ជិត​មួយឆ្នាំ​ក៏ដោយ​។​


 
Ozil មិនបាន​បង្ហាញខ្លួន​ឲ្យ Arsenal ចាប់តាំងពី​ខែមីនា​ឆ្នាំមុន​ម្លេះ ហើយ​រដូវ​កាល​នេះ រូបគេ​ក៏​មិន​ជាប់​ឈ្មោះ​សមាជិក​កីឡាករ​ទាំង​២៥​រូប​របស់លោក Mikel Arteta សម្រាប់​ក្របខណ្ឌ Premier League និង Europa League នៅ​រដូវ​កាល​នេះ​ទៀតផង​។​
 
​ឆ្លើ​ល​ទៅកាន់​ទូរទស្សន៍ NTV អតីត​សមាជិក​ក្រុម Real Madrid ដែលមាន​ដើមកំណើត​ទួ​ក​គី​ស្រាប់​និយាយថា​ខ្លួន​ទន្ទឹងរង់ចាំ​លេង​ឲ្យ Fenerbahce យូរ​មកហើយ​។ 
 
«​ខ្ញុំ​ជា​ហ្វេ​ន Fenerbahce​។ ដូច្នេះហើយ​ទើប​ខ្ញុំ​រីករាយ​ដែល​បានមក​ប្រទេស​ទួ​ក​គី និង​លេង​ឲ្យ Fenerbahce​។ ខ្ញុំ​ពិតជា​រំភើប​ណាស់​ដែល​ខ្ញុំ​មានឱកាស​ពាក់អាវ​នេះ ហើយ​ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ខ្ញុំ​អាចធ្វើ​បាន​ដើម្បី​ក្រុម​»​។ នេះ​ជាការ​អះអាង​របស់ Ozil​។ ខ្សែបម្រើ​ដែលមាន​បញ្ហា​ជុំវិញ​ការរិះគន់​ចិន​កន្លងមក​នោះ បន្ថែមថា​រូបគេ​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា​នេះ​ដើម្បី​បញ្ចប់​ការផ្ទេរ​ពី Arsenal៕
 

Tag:
 Mesut Ozil
  Arsenal
  Fenerbahce
© រក្សាសិទ្ធិដោយ thmeythmey.com