COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ជប៉ុន​ប្តេជ្ញា​បន្ត​រៀបចំ​អូឡាំពិក ទោះ COVID-19 កើន​កាន់តែខ្លាំង​
18, Jan 2021 , 11:29 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ូ​ហ្គា យូ​ស៊ី​ហ៊ី​ដេ ប្តេជ្ញា​បន្ត​ត្រៀមខ្លួន​ឆ្ពោះទៅកាន់​ការរៀបចំ​អូឡាំពិក​ក្រុង​តូ​ក្យូ​នៅ​ឆ្នាំ​២០២១​ឲ្យ​ខាងតែបាន បើ​ទោះ​ជំងឺ COVID-19 កើនឡើង​ខ្លាំង​ជាថ្មី​ក៏ដោយ​។ លោក​ស៊ូ​ហ្គា អះអាង​ដូច្នេះ​នៅ​ថ្ងៃទី​១៨ ខែមករា ស្រ​ពេល​ជប៉ុន​កំពុង​ប្រឆាំង​រលក​ឆ្លង​ថ្មី​រហូត​បិទ​ព្រំដែន និង​ដាក់​ខេត្ត​ជាច្រើន​ក្នុងស្ថានភាព​អាសន្ន​។​

​ជប៉ុន កំពុងស្ថិត​ក្នុង​មន្ទិល​រឿង​រៀបចំ​កីឡា​អូឡាំពិក​២០២១ បន្ទាប់ពី​លោក Taro Kono រដ្ឋមន្ត្រី​រដ្ឋបាល និង​កំណែទម្រង់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​សប្តាហ៍​មុន​ថា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ដែល​បាន​ពន្យារ​មួយឆ្នាំ​ដោយសារ COVID-19 នឹងមិន​ដំណើរការ​ដូច​ការគ្រោង​ទុក​ទេ​។ លោក Kono ក្លាយជា​សមាជិក​គណៈរ​ដ្ឋ​មន្ត្រី​ដំបូង​គេ ដែល​បង្ហាញ​ការសង្ស័យ​លើ​ដំណើរ​ឆ្ពោះទៅកាន់​កីឡា​លំដាប់​ពី​ភព​លោក​រដូវក្តៅ​នេះ​។​
 
​ការអះអាង​របស់លោក Kono កើតឡើង​ក្រោយ​ជប៉ុន​កើនឡើង​ករណី​ឆ្លង​កាន់តែខ្លាំង​។ ការស្ទង់មតិ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ បង្ហាញថា ប្រជាជន​ជិត​៨០​ភាគរយ​ជឿជាក់ថា អូឡាំពិក​ដែល​ត្រូវធ្វើ​នៅ​រយៈពេល​ប្រហែល​៦​ខែ​ទៀត​នេះ គួរតែ​ត្រូវ​ពន្យារពេល​ជាថ្មី ឬក៏​លុបចោល​ទាំងស្រុង​តែម្តង​។​
 
​យ៉ាងណាក៏ដោយ បើទោះជា​មានការ​លើកឡើង​ដូច្នេះ​ក្តី ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ដែល​ទើប​ឡើងកាន់តំណែង​ថ្មី បាន​និយាយ​ក្នុង​សុន្ទរកថា​នា​កិច្ចប្រជុំសភា​ថា អូឡាំពិក​ក្រុង​តូ​ក្យូ នៅតែ​បន្ត​តាម​ការគ្រោងទុក​។​
 
«​យើង​នឹង​ឈាន​ទៅមុខ​ជាមួយនឹង​ការត្រៀម​លក្ខណៈ​ដោយ​ប្តេជ្ញា​កសាង​វិធានការ​ប្រឆាំងនឹង​ការឆ្លង​ជំងឺ​រាតត្បាត​នេះ និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះដែ​លអាច​នាំមក​នូវ​ក្តីសង្ឃឹម និង​ភាពក្លាហាន​ដល់​ពិភពលោក​»​។ លោក ស៊ូ​ហ្គា អះអាង​យ៉ាង​មុតមាំ​ដូច្នេះ ខណៈ​ជប៉ុន​កំពុង​ប្រឈម​ការកើនឡើង​នៃ​ជំងឺឆ្លង​ថ្មី ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុងប្រទេស​ផង​។​
 
​បើ​ទោះ​ជប៉ុន​មិនសូវ​រងគ្រោះ​ដោយ​ឥទ្ធិ​ផល COVID-19 ខ្លាំង​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ដទៃទៀត​ក្តី ប៉ុន្តែ​ករណី​ឆ្លង​ថ្មីៗ​នេះ​បាន​បង្ខំ​ប្រទេស​នេះ​បិទ​ព្រំដែន​របស់ខ្លួន ហើយ​ថែមទាំង​ប្រកាស​ដាក់​ក្រុង​តូ​ក្យូ និង​ក្រុង​ធំៗ​មួយចំនួនទៀត​ក្នុងស្ថានភាព​អាសន្ន​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៨ ខែមករា​នេះ ចំនួន​ករណី​ឆ្លង COVID-19 នៅ​ប្រទេស​ជប៉ុន កើន​ដល់​ជាង ៣២២២៩០​ករណី ក្នុងនោះ​ស្លាប់​ជាង ៤៤៤០ និង​សះស្បើយ​ជាង ២៤៨៤៨០​នាក់​។ ដោយឡែក​ចំនួន​ឆ្លង​សរុប​ជុំវិញ​ពិភពលោក​កើន​ដល់​ជាង​៩៥​លាន​នាក់​ហើយ ដោយ​ស្លាប់​ជាង​២​លាន​នាក់ និង​ជា​ពី​ជំងឺ​ជាង​៦៨​លាន​នាក់​៕

Tag:
 COVID-19
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com