COVID-19
ជាតិ
សម្ដេច ទៀ បាញ់​៖ ចិន នឹង​ផ្ដល់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៣០​ម៉ឺន​ដូ​សមក​កម្ពុជា នៅ​ខែកុម្ភៈ​
19, Jan 2021 , 9:33 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ចិន នឹង​ផ្ដល់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៣០​ម៉ឺន​ដូ​សមក​កម្ពុជា​សិន នៅក្នុង​ខែកុម្ភៈ​ខាងមុខ​។ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ​ថ្លែង​បែបនេះ នៅក្នុង​ពិធី​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ឆ្នាំ​២០២១ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​កីឡា​អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ​២០២៣​។​


​សម្ដេច ទៀ បាញ់ ដែល​ទទួល​ភារកិច្ច​ទំនាក់​ទំនងជា​មួយ​ភាគី​ចិន បាន​បញ្ជាក់ថា ចិន​បាន​យល់ព្រម​ប្រគល់​វ៉ាក់សាំង​មក​កម្ពុជា​នៅ​ខែក្រោយ ដើម្បី​យក​ប្រើប្រាស់​ចាក់​ការពារ​ពលរដ្ឋ​។ ប៉ុន្តែ​វ៉ាក់សាំង​ដែល​ចិន​ផ្ដល់ឱ្យ​កម្ពុជា​នៅ​ខែកុម្ភៈ​នោះ គឺ​មិន​គ្រប់​ចំនួន​១​លាន​ដូ​ស​ឡើយ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​កីឡា​អាស៊ីអាគ្នេយ៍​រូបនេះ បាន​ថ្លែង​កាលពី​ថ្ងៃទី ១៨ មករា ដូច្នេះ​ថា​៖«​ចិន​នឹង​ផ្ដល់​(​វ៉ាក់សាំង​កូ​វីដ​-១៩) ឱ្យ​យើង​ជារួម​១​លាន​ដូ​ស ប៉ុន្តែ​១​លាន​ដូ​ស គឺ​ចិន​មិនទាន់​អាច​ផ្ដល់​យើង​ទាំងអស់​ទេ គឺ​ខែក្រោយ​(​កុម្ភៈ​)​នេះ​ចិន​ផ្ដល់ឱ្យ​យើង ៣​សែន​ដូ​ស ឬ​៣០​ម៉ឺន​ដូ​ស បានន័យថា​វា​ក៏​គួរសម​ដែរ​»​។​
 
​ជុំវិញ​ករណី​វ៉ាក់សាំង​កូ​វីដ​-១៩​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បង្កើត​គណៈកម្មកា​រ​ត្រួតពិនិត្យ និង​តាមដាន​វាយតម្លៃ ដើម្បី​ស្នើសុំ​ទិញ​ពី​ប្រទេស​ផលិត​បានដែរ​។ មិនតែប៉ុណ្ណោះ​រដ្ឋាភិបាល ក៏​កំពុង​រៀបចំ​សំណើ​ទៅ​រុស្ស៊ី និង​ឥណ្ឌា ដើម្បី​ស្នើសុំ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ទៀតផង​។ នេះ​បើតាម​សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ​។​

កាលពី​យប់​ថ្ងៃទី​១៥ ខែមករា សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ចិន នឹង​ផ្ដល់​វ៉ាក់សាំង​១​លាន​ដូ​ស របស់​ក្រុមហ៊ុន Sinopharm តាមរយៈ​ក្រសួងការពារជាតិ​ចិន​មក​ឲ្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​។ បើតាម​សារ​សំឡេង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា វ៉ាកសាំង​នេះ នឹងត្រូវ​ចាក់​លើ​មនុស្ស​៥០​ម៉ឺន​នាក់ រួមមាន​អ្នក​នៅ​ជុំវិញ​ព្រះមហាក្សត្រ ប្រធានរដ្ឋសភា និង​ព្រឹទ្ធសភា និង​នាយករដ្ឋមន្ត្រី បូករួម​ទាំង​អ្នក​នៅ​ជួរមុខ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដូចជា​គ្រូពេទ្យ​ជាដើម​។ 
 
​កន្លងមក​សម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជា​នឹង​ទិញ​វ៉ាក់សាំង ដែល​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​ជា​ផ្លូវការ​។ ប៉ុន្តែ​ពេលនេះ សម្ដេច​សម្រេច​យល់ព្រម​ទទួលយក​វ៉ាក់សាំង​ពី​ចិន ដែល​អង្គការ​សុខភាព​ពិភពលោក មិនទាន់​សម្រេច​ចុះ​ក្នុង​បញ្ជី​ទៅវិញ​។ មូល​ហេតុដែល​សម្ដេច ហ៊ុន សែន យល់ព្រម​ទទួលយក​វ៉ាក់សាំង​ពី​ចិន​នេះ ក្រោម​ហេតុផល​ថា ការការពារ​សុខភាព​ប្រជាជន ជា​អាទិភាព​ខ្ពស់ ដោយ​កម្ពុជា​មិនអាច​រង់ចាំ​បាន​ទៀត​ទេ​។​
 
​ដោយឡែក​សម្ដេច ហ៊ុន សែន ក៏បាន​ស្នើ​ផ្ទាល់មាត់​តាមរយៈ​ឯកអគ្គរដ្ឋទូត​ទៅកាន់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ប្រចាំ​កម្ពុជា​លោកស្រី Narendra Damodardas Modi ដើម្បី​សុំ​ជំនួយ​វ៉ាក់សាំង​កូ​វីដ​-១៩ ផងដែរ​។ 
អត្ថបទទាក់ទង

 
​បច្ចុប្បន្ននេះ មានតែ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer មួយ​ប៉ុណ្ណោះ​ដែល​ត្រូវបាន WHO ដាក់​ក្នុង​បញ្ជី​ប្រើប្រាស់​បន្ទាន់ ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​មិនមាន​សមត្ថភាព ឬ​មាន​សមត្ថភាព​ខ្សោយ​ក្នុងការ​វាយតម្លៃ​ប្រសិទ្ធភាព​វ៉ាក់សាំង អាច​ព​ន្លឿ​ន​ការផ្ដល់​វ៉ាក់សាំង​បាន​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩​មករា កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៤១​នាក់​។ ក្នុងនោះ​មាន​៣៨៦​នាក់ បានជា​សះស្បើយ និង​៥៥​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​៕
 

Tag:
 ទៀ បាញ់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com