កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan រកបាន២គ្រាប់ ជួយ AC Milan បន្តឈរកំពូលតារាង Serie A 19, Jan 2021 , 11:55 am
× Zlatan Ibrahimovic កាន់តែបង្កើនភាពលេចធ្លោមួយកម្រិតទៀត ក្រោយស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងជួយ AC Milan ឈ្នះ Cagliari ២-០។ ២គ្រាប់របស់ Ibrahimovic នេះក៏បានជួយ Milan រក្សារចំណាត់ថ្នាក់កំពូលតារាងក្របខណ្ឌ Serie A រដូវកាលនេះផងដែរ។
ជាង ២០ ឆ្នាំក្នុងអាជីពកីឡាករបាល់ទាត់ Ibrahimovic នៅតែបង្ហាញភាពខ្លាំងក្នុងការសម្រេចទីគូប្រកួតបានយ៉ាងល្អដដែល ដែលស្ទើតែអស្ចារ្យជាងកីឡាករក្មេងៗសព្វថ្ងៃផង។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត វ័យ៣៩ឆ្នាំរូបនេះ រកបានពីរគ្រាប់នៅនាទី៧ និង៥២ ដើម្បីជួយ AC Milan ឈ្នះ Cagliari ក្នុងជំនួបលីគសប្តាហ៍ទី១៨ នៅយប់ថ្ងៃទី១៨ ខែមករា។
AC Milan ទទួលបាន៣ពិន្ទុបន្ថែមដើម្បីឈរកំពូលតារាង Serie A មាន៤៣ពិន្ទុ នាំមុខក្រុមលេខ២ Inter Milan ៣ពិន្ទុ។ ពីរគ្រាប់នេះ បាននាំ Ibrahimovic កើនដល់១២គ្រាប់ ក្នុងការប្រកួតលីគចំនួន៨លើកប៉ុណ្ណោះ។
ដោយឡែកអ្នករកបាន១២គ្រាប់ដែរនៅ Serie A មាន Ciro Immobile ខ្សែប្រយុទ្ធ Lazio តែបង្ហាញខ្លួន១៦លើក និង Romelu Lukaku របស់ Inter Milan បង្ហាញខ្លួន១៧លើក ខណៈ Cristiano Ronaldo របស់ Juventus ដែលស៊ុតបាន១៥គ្រាប់លើសគេ បង្ហាញខ្លួន១៤លើក។
Ibrahimovic ដែលផ្លាស់ពី LA Galaxy ត្រឡប់ទៅក្រុមនៅអ៊ីតាលីនៅឆ្នាំ២០១៩ បានប្រាប់អ្នកយកព័ត៌មានក្រោយចប់ការប្រកួតថា រូបគេពិតជារីករាយនៅទីនេះណាស់ ហើយការបន្តប្រកបអាជីពជាមួយ AC Milan រហូតពេលនេះ មានមូលហេតុចម្បងបំផុតដោយសារនាយកផ្នែកកីឡាលោក Paolo Maldini៕
Tag:
Zlatan Ibrahimovic
Serie A
© រក្សាសិទ្ធិដោយ thmeythmey.com