អន្តរជាតិ
ក្រោយ​ត្រូវ​ឃុំខ្លួន​, លោក Navalny អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ធ្វើបាតុកម្ម
19, Jan 2021 , 12:39 pm        
រូបភាព
លោកAlexei Navalny អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី។ រូបភាព៖EPA
លោកAlexei Navalny អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី។ រូបភាព៖EPA
ដោយ:
​លោក Alexei Navalny អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​ធ្វើបាតុកម្ម បន្ទាប់ពី​ចៅក្រម​រុស្ស៊ី​ចេញ​បញ្ជា​ឱ្យ​លោក​ជាប់ឃុំ​រយៈ​៣០​ថ្ងៃ​មុនពេល​សវនាការ​។ អង្គការសហប្រជាជាតិ ក៏ដូចជា​បណ្តារ​ប្រទេស​លោកខាងលិច​មួយចំនួន ទាមទារ​រដ្ឋាភិបាល​រុស្ស៊ី​ឱ្យ​ដោះលែង​លោក Navalny ខណៈ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​វិញ​ថែមទាំង​បានទាមទារ​ឱ្យ​ដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ថែម​ទៀតផង​។​
 
​លោក Alexei Navalny ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​ពេលទៅដល់​ព្រលានយន្តហោះ​ក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​១៧ ខែមករា​ក្រោយ​ធ្វើដំណើរ​ពី​អាល្លឺម៉ង់​។ ក្នុង​ប៉ុស្តិ៍​ប៉ូលិស ចៅក្រម​រុស្ស៊ី បានចេញ​បញ្ជា​ឱ្យ​លោក Alexei Navalny ជាប់ឃុំ​រហូតដល់​ពេល​ឡើង​សវនាការ​នៅ​ថ្ងៃ​ខាងមុខ​។ អ្នកនយោបាយ​ប្រឆាំង​រដ្ឋាភិបាល​រុស្ស៊ី រូបនេះ​ត្រូវបាន​អាជ្ញាធរ​រុស្ស៊ី​អះអាងថា បំពាន​លក្ខខណ្ឌ​ព្យួរទោស​ដែលមាន​រយៈ​៣​ឆ្នាំកន្លះ ជំនួស​ឱ្យ​ការជាប់​ពន្ធនាគារ​បី​ឆ្នាំ​ពាក់ព័ន្ធ​ការលួចបន្លំ​ទឹកប្រាក់​៥​សែន​ដុល្លារ​។ 
 
 
 
​ពេល​ចាក​ចេញពី​ប៉ុស្តិ៍​ទៅកាន់​កន្លែង​ឃុំឃាំង អ្នកនយោបាយ​ប្រឆាំង​រូបនេះ បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​បាតុកម្ម​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​រុស្ស៊ី​។ អ្នកគាំទ្រ​រូបលោក​ប្រមាណ​២០០​នាក់ បាន​ជួបជុំគ្នា​នៅក្រៅ​ប៉ុស្តិ៍ប៉ូលីស​ដើម្បី​បង្ហាញ​ការគាំទ្រ ដោយ​អ្នកខ្លះ​ស្រែក​ទាមទារ​ឱ្យ លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​ចុះ​ចេញពី​តំណែង​ទៀតផង​។ នេះ​បើតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters ។​
 
«​កុំ​ខ្លាច ចុះ​ផ្លូវ (​បាតុកម្ម​) ។ កុំទៅ (​បាតុកម្ម​)​ដោយសារតែ​រូបខ្ញុំ តែ​ទៅ​ដោយសារតែ​រូបអ្នក និង​អនាគត​របស់​អ្នក​»​។ នេះ​ជាការ​ថ្លែង​របស់លោក Navalny ក្នុង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter​។ អ្នកគាំទ្រ​អ្នកនយោបាយ​ប្រឆាំង​រូបនេះ គ្រោង​នឹង​បាតុកម្ម​នៅ​ទូទាំងប្រទេស​នា​ថ្ងៃទី​២៣ ខែមករា ហើយ​មាន​គម្រោង​ជួបជុំ​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​នៅ​ចុងខែ​មករា​នេះ​ម្ដងទៀត​។​
 
​ចំពោះ​ការចាប់ខ្លួន​អ្នកនយោបាយ​ប្រឆាំង​រុស្ស៊ី​នេះ អេ​ស្តូ​នី លី​ទុយ​អា​នី និង​ឡេ​តូ​នី ដែល​នៅជាប់​រុស្ស៊ី​ចង់ឱ្យ​រដ្ឋមន្ត្រីការបរទេស​នៃ​សមាជិក​សហភាព​អឺរ៉ុប ពិភាក្សា​លើ​ការដាក់ទណ្ឌកម្ម​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​មូ​ស្គូ​។ មនុស្ស​ជំនិត​របស់លោក Navalny ក៏បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ធនាគារិក អ្នកជំនួញ រដ្ឋមន្ត្រី​រុស្ស៊ី និង​អ្នកកាសែត​រដ្ឋ​រុស្ស៊ី ដែល​គួរ​រង​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​។ 
 
​តាមពិតទៅ ភ្លាមៗ​ក្រោយ​ការចាប់ខ្លួន​លោក Navalny រដ្ឋមន្ត្រីការបរទេស​អាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និង​អាមេរិក ក៏ដូចជា​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ ទាមទារ​ឱ្យ​ដោះលែង​លោក​ជាបន្ទាន់​។ ចំណែក​លោក Jake Sullivan មនុស្ស​ជំនិត​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ចូ បៃ​ឌិន និង​លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​រិះគន់​ចំពោះ​ការចាប់ខ្លួន​នេះ​។​
 
​រុស្ស៊ី​វិញ មិន​បង្អង់​យូរ​ឡើយ​ក្នុងការ​ប្រតិកម្ម​តប​ទៅនឹង​ការទិតៀន​។ លោក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov និយាយថា ប្រទេស​បស្ចិម​លោក រិះគន់​រុស្ស៊ី​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍​របស់​ព​ល​រដ្ឋ​ខ្លួន ចេញពី​បញ្ហា​ក្នុងស្រុក​តែប៉ុណ្ណោះ ហើយ​រុស្ស៊ី​ក៏​នឹងមិន​ខ្វល់​ពីអ្វី​ដែល​ប្រទេស​នោះបាន​លើកឡើង​ដែរ​៕
 
 
 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com